ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បើកដំណើរការជើងហោះហើរអន្តរជាតិឡើងវិញ

០៦ មេសា ២០២១ | សេដ្ឋកិច្ច



ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air របស់ប្រទេសវៀតណាម បានសម្រេចបើកដំណើរការជើងហោះហើរអន្តរជាតិឡើងវិញ ចាប់ពីដើមខែមេសានេះ តទៅហើយ ដោយហោះហើររវាងទីក្រុងហាណូយ ជាមួយនឹងបណ្តាប្រទេសក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Vietnam Express នៅថ្ងៃនេះ។


Story: ក្រុមហ៊ុនអាកាសចរណ៍វៀតណាមមួយនេះ បានបញ្ជាក់ថា ការបើកដំណើរការជើងហោះហើរអន្តរជាតិបែបនេះ គឺដើម្បីបើកផ្លូវឲ្យ ប្រជាជនវៀតណាម ដែលមានបំណងទៅធ្វើការ ឬសិក្សានៅក្រៅប្រទេស អាចហោះហើរបាន និងសម្រាប់ជនបរទេស ដែលមានបំណងត្រលប់មកកាន់ប្រទេសវៀតណាមវិញ តែយ៉ាងណា ពួកគេទទួលតែអ្នកដំណើរ ដែលមានការអនុញ្ញាតពី រដ្ឋាភិបាលវៀតណាមប៉ុណ្ណោះ។


ជើងហោះហើរដែលបើកដំណើរការឡើងវិញនេះ រួមមានការហោះហើររវាង ទីក្រុងហាណូយ និងប្រទេសថៃ, ប្រទេសជប៉ុន, ទីក្រុងតៃប៉ិ និងប្រទេសកូរ៉េខាងត្បូង ដោយសំបុត្រយន្តហោះ ដាក់លក់ជាផ្លូវការតាមប្រព័ន្ធអនឡាញហើយ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម គឺ Vietnam Airlines បានប្រកាសថា វានឹងចាប់ផ្តើមដំណើរការជើងហោះហើរអន្តរជាតិឡើងវិញដែរ ក្នុងពេលឆាប់ៗ នៅក្នុងខែមេសានេះ។

 


ជាក់ស្តែង វៀតណាម បានបិទទ្វារច្រកព្រំដែន និងលុបចោលជើងហោះហើរអន្តរជាតិទាំងអស់ តាំងពីខែមីនា ឆ្នាំ ២០២០មកម្ល៉េះ ដោយអនុញ្ញាតទទួលតែ ជនជាតិវៀតណាម ដែលធ្វើមាតុភូមិនិវត្តន៍ អ្នកជំនាញបរទេស និងកម្មករជំនាញ ជាមួយលក្ខខណ្ឌតឹងរ៉ឺង។
សូមបញ្ជាក់ថា វិស័យអាកាសចរណ៍វៀតណាម នៅក្នុងឆ្នាំ ២០២១នេះ រំពឹងនឹងខាតបង់ប្រមាណ ៦៥០លានដុល្លារអាមេរិក ដោយក្នុងរយៈពេល ២ខែដើមឆ្នាំ ២០២១នេះ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ដឹកអ្នកដំណើរបានត្រឹមតែ ៦ម៉ឺន ៦ពាន់នាក់ប៉ុណ្ណោះ ធ្លាក់ចុះ ៩៩% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024