ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

សិង្ហបុរី ត្រៀមនឹងទទួលអ្នកដំណើរអន្តរជាតិ ដែលមានប័ណ្ណបញ្ជាក់អំពីសុខភាព

០៦ មេសា ២០២១ | សេដ្ឋកិច្ច



និយ័តករអាកាសចរណ៍សិង្ហបុរី បានលើកឡើងថា នៅក្នុងខែឧសភាខាងមុខនេះ ប្រទេសសិង្ហបុរី គ្រោងនឹងបើកទ្វារទទួលអ្នកដំណើរអន្តរជាតិឡើងវិញ ក្នុងករណីដែលពួកគេមានវិញ្ញាបនប័ត្រឌីជីថលបញ្ជាក់ពី ការចាក់វ៉ាក់សាំង និងការធ្វើតេស្តសុខភាពពាក់ព័ន្ធនឹងជម្ងឺកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។


ប្រទេសសិង្ហបុរី អាចនឹងក្លាយជាប្រទេសទីមួយ ដែលចាប់ផ្តើមគំនិតផ្តួចផ្តើមនេះ ដោយនឹងទទួលស្គាល់ ការបញ្ជាក់របស់សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ ដោយក្នុងនោះ អ្នកដំណើរ អាចធ្វើការត្រួតពិនិត្យសុខភាពជាមុន និងអាចហោះហើរមកកាន់ប្រទេសសិង្ហបុរីបាន ដោយគ្រាន់តែបង្ហាញកម្មវិធីទូរស័ព្ទស្មាតហ្វូនអំពី ទិន្នន័យសុខភាពរបស់ពួកគេដែលបញ្ជាក់ដោយ មន្ទីរពិសោធន៍ដែលមានការទទួលស្គាល់។


កម្មវិធីបញ្ជាក់សុខភាពនេះ ត្រូវបានតេស្តសាកល្បងជោគជ័យហើយ ដោយក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ហើយមានក្រុមហ៊ុនជាច្រើនទៀត ដូចជាង Emirates, Qatar Airways និង Malaysia Airlines កំពុងធ្វើតេស្តលើកម្មវិធីនេះ។


ប្រធានសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ នឹងធ្វើឲ្យភាពជាដៃគូរបស់សមាជិកសមាគម ជាមួយនឹងរដ្ឋាភិបាលសិង្ហបុរី នឹងក្លាយជាគំរូដ៏ល្អមួយ សម្រាប់សកលលោក ធ្វើតាម។


ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន បានបង្ហាញក្តីសង្ឃឹមថា បណ្តាប្រទេសដទៃទៀត នឹងសម្រេចប្រើប្រាស់កម្មវិធីបញ្ជាក់សុខភាពនេះ តាមប្រព័ន្ធឌីជីថលដូចគ្នា ដើម្បីបើកដំណើរការជើងហោះហើរអន្តរជាតិ ឲ្យកាន់តែឆាប់រហ័សជាងនេះ បញ្ជៀសនូវបញ្ហាស្មុគស្មាញ និងការកកស្ទះនៅតាមព្រលានយន្តហោះ ដែលតម្រូវឲ្យឆែកឯកសារជាច្រើនដងនោះ។

 


គួររម្លឹកបន្តិចថា នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង បានបង្ហាញក្តីសង្ឃឹមថា សិង្ហបុរី អាចនឹងបើកទ្វារប្រទេសឡើងវិញបាន នៅក្នុងដំណាច់ឆ្នាំ ២០២១នេះ បើសិនបណ្តាប្រទេសជាច្រើន មានចំនួនប្រជាពលរដ្ឋច្រើន ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ មុនដំណាច់ឆ្នាំនេះ ហើយសិង្ហបុរី នឹងអាចមានទំនុកចិត្តកាន់តែខ្ពស់ និងអាចអភិវឌ្ឍន៍ប្រព័ន្ធទំនាក់ទំនង ដើម្បីបើកទ្វារប្រទេស ទទួលជើងហោះហើរអន្តរជាតិឡើងវិញ៕

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024