ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

 ក្រុមហ៊ុនផ្សារទំនើបរបស់ថៃ បោះទុនវិនិយោគជាង ១ពាន់លានដុល្លារ ក្នុងប្រទេសវៀតណាម

០៥ មេសា ២០២១ | សេដ្ឋកិច្ច



ក្រុមហ៊ុនផ្សារទំនើបរបស់ថៃ ដែលមានឈ្មោះថា Central Retail Corporation បានបង្ហាញអំពីគម្រោងវិនិយោគរបស់ខ្លួន ដែលគ្រោងនឹងបោះទុន ១ពាន់ ១រយលានដុល្លារអាមេរិក ពង្រីកបណ្តាញផ្សារទំនើបនៅក្នុងប្រទេសវៀតណាម ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានវៀតណាម នៅថ្ងៃនេះ។


លោក ភ្វីលីព អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Central Retail Vietnam បានលើកឡើងថា គម្រោងវិនិយោគរយៈពេល ៥ឆ្នាំនេះ នឹងផ្តោតទៅលើការអភិវឌ្ឍន៍គ្រប់ពហុវិស័យទាំងអស់។


លោកបន្តថា វិស័យលក់ដុំ និងរាយរបស់វៀតណាម មានកំណើន ៧% កាលពីត្រីមាសទី ៤ ឆ្នាំ ២០២០កន្លងទៅ ហើយកំណើននេះ នឹងបន្តភាពខ្លាំងក្លារបស់វា នៅក្នុងឆ្នាំ ២០២១នេះ ដែលធ្វើឲ្យទីផ្សារវៀតណាម កាន់តែទាក់ទាញឡើងមួយកម្រិតទៀត។


កាលពីឆ្នាំ ២០២០កន្លងទៅ ក្រុមហ៊ុនផ្សារទំនើបរបស់ថៃមួយនេះ បានបោះទុនវិនិយោគបង្កើតផ្សារទំនើប ៤ ក្នុងប្រទេសវៀតណាម ហើយបានដូរឈ្មោះពី ផ្សារទំនើប Big C មកជា ផ្សារទំនើប GO! វិញ។


យ៉ាងណាក៏ដោយ សម្រាប់គម្រោងក្នុងឆ្នាំ ២០២១នេះ ក្រុមហ៊ុនគ្រោងនឹងបោះទុន ២១១លានដុល្លារអាមេរិក ពង្រីកសាខានៅតាមបណ្តាខេត្តសំខាន់របស់ វៀតណាម ទាំងប៉ែកខាងជើង និងខាងត្បូង។

 


សូមជម្រាបដែរ ក្នុងរយៈពេល ៩ឆ្នាំកន្លងមក ដែលក្រុមហ៊ុនផ្សារទំនើបថៃ ចូលមកធ្វើអាជីវកម្មក្នុងប្រទេសវៀតណា ឃើញថា មុខទំនិញចំណីអាហារ ជាប្រភពចំណូលសំខាន់បំផុតរបស់ផ្សារទំនើបនេះ ដែលស្មើនឹង ៧០% នៃប្រាក់ចំណូលសរុប ហើយបច្ចុប្បន្នមានផ្សារទំនើបចំនួន ៣៧សាខា ហាងលក់ទំនិញ ២៣០សាខា នៅក្នុងខេត្តក្រុងចំនួន ២៧នៃប្រទេសវៀតណាម និងមានអតិថិជនជាមធ្យម ១៧ម៉ឺននាក់ក្នុងមួយថ្ងៃ៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024