ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០២៤

ត្រីមាសទី ១ដើមឆ្នាំវៀតណាមនាំចូលរថយន្តជាង៣ម៉ឺន៥ពាន់គ្រឿងកើនឡើង៣១%

០៥ មេសា ២០២១ | សេដ្ឋកិច្ច


 

នៅក្នុងត្រីមាសទី ១ ដើមឆ្នាំ ២០២១នេះ ប្រទេសវៀតណាម បាននាំចូលរថយន្តជាង ៣ម៉ឺន ៥ពាន់គ្រឿង កើនឡើង ៣១% និងមានតម្លៃសរុបជាង ៧៧០លានដុល្លារអាមេរិក តែយ៉ាងណាក៏ដោយ ការបញ្ជាទិញរថយន្ត ស្ថិតនៅក្នុងកម្រិតទាបនៅឡើយទេ នៅដើមឆ្នាំ ២០២១នេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។

 

បើតាមរបាយការណ៍ពី អគ្គនាយកដ្ឋានគយវៀតណាម បានគូសបញ្ជាក់ថា ការនាំចូលរថយន្តរបស់ប្រទេសវៀតណាម កើនឡើង ៣១% នៅក្នុងត្រីមាសទី ១ ដើមឆ្នាំ ២០២១នេះ ដោយក្នុងនោះ ខែមីនា  កើនឡើងខ្លាំងជាងគេដល់ទៅ ៦៩% ក៏ប៉ុន្តែតួលេខនៃការបញ្ជាទិញរថយន្ត ពុំទាន់បង្ហាញពីសញ្ញាណល្អនៅឡើយនោះទេ។
នៅក្នុងខែមីនាកន្លងទៅ វៀតណាម នាំចូលរថយន្តជាង ៣៤៧លានដុល្លារអាមេរិក ដែលជារថយន្តតម្លើងរួចរាល់ទាំងស្រុង។


ដោយឡែកសម្រាប់រយៈពេលត្រីមាសទី ១ វៀតណាម នាំចូលរថយន្តជាង ៣ម៉ឺន ៥ពាន់គ្រឿង ដែលកើនឡើងជាង ៣១% ហើយមានតម្លៃសរុប ៧៧០លានដុល្លារអាមេរិក បើធៀបនឹងត្រីមាសទី ១ ឆ្នាំ ២០២០កន្លងទៅ។


អ្នករកស៊ីនៅក្នុងវិស័យឧស្សាហកម្មរថយន្តនេះ បានគូសបញ្ជាក់ថា ការកើនឡើងនៃតម្រូវការរថយន្តនាពេលនេះ គឺដោយសារតែមានតម្រូវការរថយន្តដឹកជញ្ជូនពាណិជ្ជកម្ម និងរថយន្តឯកជន សម្រាប់ប្រើប្រាស់អំឡុងពេលនៃវិបត្តិកូវីដ១៩នេះ។


ទោះយ៉ាងណាក៏ដោយ អ្នករកស៊ីនៅក្នុងវិស័យមួយនេះ នៅតែបង្ហាញពីការប្រុងប្រយ័ត្នខ្ពស់ អំពី ភាពមិនប្រាកដប្រជានៃទីផ្សារ ដោយសារតែវិបត្តិមេរោគកូវីដ១៩ តែពួកគេរំពឹងថា វានឹងបង្ហាញសញ្ញាល្អឡើងវិញនៅក្នុងត្រីមាសទី ២ ហើយជឿជាក់ថា ការលក់ នឹងកើនឡើងវិញនៅពេលដែលក្រុមហ៊ុនបញ្ចេញលក់នូវ ម៉ូដែលរថយន្តថ្មីៗ។

 


គួរជម្រាបដែរថា បើតាមសមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម បានគូសបង្ហាញ ការលក់រថយន្តក្នុងខែមករា និងក្នុងខែកុម្ភៈ កន្លងទៅ ធ្លាក់ចុះរង្វង់ ៤៦% ហើយវាមិនទាន់បង្ហាញសញ្ញាណកើនឡើងវិញនោះទេ៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024