ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

អាជ្ញាធរជាតិអប្សរា៖ ព្រះសិរព្រះនារាយណ៍ធ្វើពីថ្មភក់មួយបំណែករកឃើញនៅប្រាសាទត្រពាំងផុង

០៥ មេសា ២០២១ | ព័ត៌មានជាតិ

 

ព្រះសិរព្រះនារាយណ៍មួយបំណែកខាងស្តាំត្រូវបានក្រុមការងារជួសជុលប្រាសាទត្រពាំងផុងប្រទះឃើញនៅខាងក្នុងតួប៉មកណ្តាលនៃប្រាសាទនេះ។  បំណែកព្រះសិរធ្វើពីថ្មភក់ដែលមានកម្ពស់៣៨ស.ម ទទឹង២០ស.ម និងកម្រាស់១៨ស.មនេះ មានព្រះភក្ត្រមួយចំហៀងខាងស្តាំ ដែលនៅលើព្រះភក្ត្រនោះ មានសល់ទ្រនុងចិញ្ចើម ព្រះនេត្រ ចុងច្រមុះ បបូរមាត់បន្តិច និងស្លឹកត្រចៀកមួយចំហៀង។ រីឯនៅផ្នែកខាងលើ មានម្កុដរាងស៊ីឡាំងដែលគ្របត្រឹមថ្ងាសទៅតាមជើងសក់នៅជុំវិញពីផ្នែកខាងមុខដល់ខាងក្រោយ។ 

 


លោក ឈូក សុម៉ាឡា មន្ត្រីក្រុមចុះបញ្ជីវត្ថុសិល្បៈនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអជ្ញាធរជាតិអប្សរាបានឱ្យដឹងថា បំណែកព្រះសិរនៃបដិមានេះនៅសល់ផ្នែកខ្លះដែលអាចឱ្យយើងធ្វើការកំណត់សម្គាល់បានថាជាព្រះសិររបស់បដិមាព្រះនារាយណ៍ ពោលគឺពុំមែនជាព្រះសិវៈ រឺព្រះហរិហរៈឡើយ។

 

 
លោកបានបន្ថែមទៀតថា បើតាមលោកយល់ បដិមានេះទំនងជាស្ថិតក្នុងរចនាបថគូលែន ដោយព្រះភក្ត្រនៃបដិមារាងធំខ្លី ចិញ្ចើមដាច់មិនជាប់គ្នាទេ រីឯលក្ខណៈសម្គាល់ពិសេសជាងនេះទៅទៀតគឺ ម្កុដរាងជាស៊ីឡាំងខ្ពស់ទៅលើ ដែលនេះហើយជាលក្ខណៈនៃបដិមាសាស្ត្រក្នុងរចនាបថគូលែន។ 

 


ម្យ៉ាងវិញទៀត បើយើងគិតទៅលើសំណង់ប្រាសាទត្រពាំងផុងនោះទៀតសោត ក៏មានអ្នកស្រាវជ្រាវបានអះអាងរួចមកហើយថា ប្រាសាទនេះគឺមានរចនាបថគូលែន ដែលសង់ឡើងនៅពាក់កណ្តាលសតវត្សទី៩ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៣ (៨៥០?-៨៧៧) ដែលត្រូវជាបុត្ររបស់មហាក្សត្រដ៏ល្បីមួយអង្គគឺព្រះបាទ ជ័យវ្ម័នទី២ (៨០២-៨៥០?)។

 


បើដូច្នេះមែន នោះគឺគ្មានអ្វីចម្លែកទេ គឺបំណែកបដិមាដែលបានរកឃើញនេះ គឺប្រហែលជាបដិមាដើម ដែលបានសាងសង់ក្នុងពេលដំណាលគ្នាជាមួយប្រាសាទត្រពាំងផុងនោះតែម្តង មានន័យថាពុំមែនជាបដិមាដែលយកមកតម្កល់នាសម័យក្រោយៗមកទៀតនោះទេ។

 

 

ក្រោយពីធ្វើកំណត់ហេតុប្រគល់ទទួលបំណែកចម្លាក់ខាងលើ ដោយមានស្ថាបន័នគរបាលការពារបេតិកភណ្ឌ ព្រមទាំងភ្នាក់ងារទេសចរណ៍រួចមក បំណែកចម្លាក់នោះបានដឹកយកទៅរក្សាទុកជាបណ្តោះអាសន្តនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើការចុះបញ្ជីទុកជាឯកសារផង និងបន្តស្វែងរកទិន្នន័យបំណែកផ្សេងៗទៀតផង ក្រែងលោមាន និងធ្វើការជួសជុលនៅថ្ងៃខាងមុខ៕

 

 

 

 

ប្រភព និងរូបភាព៖ អាជ្ញាធរជាតិអប្សរា

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024