ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

អាជ្ញាធរជាតិអប្សរាអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក

០៥ មេសា ២០២១ | ព័ត៌មានជាតិ

 


អាជ្ញាធរជាតិអប្សរាបានលើកឡើងថា ដើម្បីអនុវត្តគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព សូមអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក។

 

 

សូមបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ គឺជាតំបន់មានស្ថានីយបុរាណវត្ថុសំខាន់ៗដែលត្រូវការកិច្ចការពារកម្រិតខ្ពស់បំផុត (តំបន់១) និងជាតំបន់សម្បូរសំណល់បុរាណវត្ថុដែលត្រូវការពារទប់ទល់នឹងនឹងការប្រើប្រាស់ដីធ្លីផ្តេសផ្តាសនិងការអភិវឌ្ឍន៍មិនសមស្រប(តំបន់២)។ 


ការលក់ទិញដីធ្លីក្នុងតំបន់ទាំងនេះ គឺផ្ទុយនឹងច្បាប់ដែលមានចែងក្នុងព្រះរាជក្រឹត្យលេខ០០១ ន.ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ និងសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២។


ដើម្បីបានដឹងអំពីទីតាំងតំបន់ការពារបេតិកភណ្ឌពិភពលោកអង្គរឲ្យបានច្បាស់លាស់ សូមទាញយកផែនទីតំបន់ការពារបេតិកភណ្ឌពិភពលោកអង្គរដាក់ចូលក្នុងកម្មវិធីGoogle Earthនៃទូរសព្ទដៃឬកុំព្យូទ័ររបស់លោកអ្នក។ 


ក្នុងករណីមានចម្ងល់ទាំងឡាយណាពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លីក្នុងតំបន់ការពាររមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ សូមទាក់ទងតាមលេខទូរសព្ទ ០៩២ ៨៩ ៩៩ ៦៦ ឬគណនីហ្វេសប៊ុកផ្លូវការអាជ្ញាធរជាតិអប្សរាដែលមានឈ្មោះ អាជ្ញាធរជាតិអប្សរា Apsara National Authority ៕ 

 

 


រូបភាព និងប្រភព៖ អាជ្ញាធរជាតិអប្សរា

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024