ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

កសិករចិញ្ចឹមមាន់យកស៊ុត នៅតែជួបការលំបាក

២២ មីនា ២០២១ | ព័ត៌មានជាតិ

កសិករចិញ្ចឹមមាន់យកស៊ុតត្អូញត្អែរថា ពួកគាត់នៅតែលំបាកយ៉ាងខ្លាំង ដោយសារស៊ុតមាន់នៅតែមានតម្លៃទាប ហើយថែមទាំងពិបាកលក់ចេញ ខណៈចំណីសត្វនៅតែមានតម្លៃខ្ពស់។ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លើកឡើងថា ស្ថានភាពនេះ បានធ្វើឱ្យកសិករក្ស័យធនខ្លះរួចមកហើយ ហើយថា ប្រសិនបើគ្មានកិច្ចអន្តរាគមន៍ទាន់ពេលវេលាទេនោះ កសិករក្ស័យធនជាបន្តបន្ទាប់ទៀត។

 


លោក ជាម លុយ ជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់យកស៊ុតមួយនៅស្រុក ឧដុង្គ ខេត្ត កំពង់ស្ពឺ បានប្រាប់ PNN តាមទូរស័ព្ទនៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២១ នេះថា ស្ថានភាពរបស់គាត់ ក៏ដូចជាកសិករចិញ្ចឹមមាន់យកស៊ុតដទៃទៀតនៅទីនោះ នៅតែជួបក្តីលំបាកយ៉ាងខ្លាំងនៅឡើយ ។ ជួបក្តីលំបាកយ៉ាងខ្លាំងដោយហេតុថា ចំណីមាន់នៅតែថ្លៃខ្ពស់  ខណៈស៊ុតមាន់នៅតែធ្លាក់ថ្លៃដដៃល ពោលគឺចំណីសត្វមួយបាវគិតជាមធ្យម ១០,៨ ដុល្លារ ដែលបើតាមតម្លៃនេះ លុះណាតែស៊ុតមាន់លេខ ១ មួយគ្រាប់តម្លៃ ៣៥០ រៀល ទើបកសិករ អាចរស់បាន ។ ប៉ុន្តែជាក់ស្តែងមិនដូច្នោះទេ ស៊ុតមាន់លេខ ១ មួយគ្រាប់លក់បានត្រឹមតែតម្លៃ ២៣០-២៤០ រៀល ប៉ុណ្ណោះ ហើយក៏ពិបាកនឹងលក់ចេញទៀតផង ។

 


នៅថ្ងៃទី ១៨ ខែ មីនា នេះ ដែរ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វ កម្ពុជា បានប្រាប់ PNN តាមទូរស័ព្ទថា ស្ថានភាពលំបាករបស់កសិករចិញ្ចឹមមាន់យកស៊ុត ដោយសារចំណីសត្វឡើងថ្លៃ ខណៈស៊ុតមាន់ធ្លាក់ថ្លៃ និង ពិបាកលក់ចេញនេះ មិនមែនកើតឡើងតែចំពោះកសិករនៅស្រុក ឧដុង្គ ខេត្ត កំពង់ស្ពឺ ទេ ប៉ុន្តែគឺវាបានកើតឡើងចំពោះកសិករនៅទូទាំងប្រទេស កម្ពុជា  ហើយក៏រួមទាំងមាន់យកសាច់ផងដែរ ។


ទោះយ៉ាងណា កន្លងមក សមាគមអ្នកិចញ្ចឹមសត្វកម្ពុជា បានលើកយកបញ្ហានទាំងនេះ ដាក់ជូនក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បី សុំជួយអន្តរាគមន៍ ហើយជាលទ្ធផល រយៈក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ  មាន់សាច់បានឡើងថ្លៃបន្តិចមកវិញ គឺជាតម្លៃដែលជិតនឹងរួចថ្លៃដើមហើយ នៅឡើយតែស៊ុតមាន់ និង ចំណីមាន់ ។

 


សូមជម្រាបថា ការធ្លាក់ថ្លៃមាន់សាច់ និង ស៊ុតមាន់នេះ បានកើតឡើងប៉ុន្មានខែមកហើយ ហើយគេមិនអាចបដិសេធបានទេថា ការរីករាលដាល នៃ ជំងឺកូវីដ ១៩ជាកត្តាដ៏សំខាន់មួយ ។ 


លោក ស្រ៊ុន ពៅ ទទួលស្គាល់ថា សមាគមមិនទាន់ក្តាប់បានព័ត៌មានទាំងស្រុងនៅឡើយទេថាការធ្លាក់ថ្លៃមាន់សាច់ និង ស៊ុតមាន់នេះ ដោយសារកត្តាអ្វីខ្លះ ក្រៅតែពីជំងឺកូវីដ ១៩ ទៅ ។ ប៉ុន្តែពួកកសិករបានលើកឡើងថាការធ្លាក់ថ្លៃស៊ុតមាន់ គឺដោយសារការនាំចូលពីប្រទេស វៀតណាម ច្រើនពេក ជាពិសេសតាមច្រក ភ្នំដិន ខេត្ត តាកែវ ព្រោះនៅប្រទេស ក៏នៅសល់ស៊ុតមាន់ច្រើនពេកដែរ ទើបឈ្មួញ វៀតណាម នាំមកលក់នៅកម្ពុជា ក្នុងតម្លៃថោកជាងទីផ្សារ។

 


ប៉ុន្តែភ្លាមៗនេះលោក ថៃ លី ប្រធានការិយាល័យបសុសត្វខេត្ត តាកែវ បានប្រាប់ PNN តាមទូរស័ព្ទនៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២១ ដដែលនេះថា ធ្លាប់មានព័ត៌មានចុះផ្សាយបែបនោះមែន ។ ប៉ុន្តែបន្ទាប់មកឯកឧត្តមអភិបាលខេត្ត ប្រធានការិយាល័យកសិកម្មខេត្ត និង ស្ថាប័នពាក់ព័ន្ធ បានដាក់វិធានការតឹងរឹង ពោលគឺបច្ចុប្បន្ននេះ មិនមានការនាំស៊ុតចូលពីប្រទេស វៀណាម តាមច្រក ភ្នំដិន ខេត្ត តាកែវទេ ហើយថាការអនុវត្តយ៉ាងម៉ឺងម៉ាត់បែបនោះ ក៏ជាបទបញ្ជារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទដែរ ។

 


ទោះយ៉ាងណា លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ទទួលស្គាល់ថា ស្ថានភាពស៊ុតធ្លាក់ថ្លៃ ចំណីសត្វនៅតែថ្លៃខ្ពស់ នេះ គឺនៅតែកើតមាននៅក្នុងប្រទេស កម្ពុជា នៅឡើយ ហើយវាបានបណ្តាលឱ្យកសិករមួយចំនួន ខ្ស័យធន់រួចមកហើយ ហើយថាប្រសិនបើគ្មានវិធានការមានប្រសិទ្ធភាព និង ទាន់ពេលវេលាទេនោះ កសិករ នឹងខ្ស័យធន់ជាបន្តបន្តាប់ទៀតជាក់ជាមិនខាន ។ ក្នុងន័យនេះ លោក ស្រ៊ុន ពៅ សំណូមពរដល់ក្រសួងស្ថាប័នពាក់ព័ន្ធមេត្តាជួយអន្តរាគមន៍បន្ថែមទៀត ដើម្បី សង្គ្រោះកសិដ្ឋានចិញ្ចឹមមាន់ នៅ កម្ពុជា ឱ្យបានទាន់ពេលវេលា ៕


អត្ថបទ៖ ខឿន សាឃាង រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024