ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

រដ្ឋបាលរាជធានីខេត្តទូទាំងប្រទេស ប្រកាសឱ្យផ្អាករៀបចំពិធីជួបជុំគ្រប់ប្រភេទ ក្រោយមានសំណើរពីសម្ដេចនាយករដ្ឋមន្រ្តី

១៧ មីនា ២០២១ | ព័ត៌មានជាតិ

រដ្ឋបាលរាជធានីខេត្ត នៅទូទាំងប្រទេស បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការផ្អាកជាបណ្ដោះអាសន្ននូវការរៀបចំពិធីអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀង ពិធីបុណ្យទាន និងពិធីជួបជុំផ្សេងៗ។ ការប្រកាសរបស់រដ្ឋបាលរាជធានីខេត្តបានធ្វើឡើងជាបន្តបន្ទាប់គ្នា ក្រោយមានសំណើរផ្ទាល់មាត់ពីសម្ដេចតេជោនាយករដ្ឋមន្រ្តី ក្នុងន័យដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

 


សេចក្ដីជូនដំណឹងស្ដីពីការផ្អាកជាបណ្ដោះអាសន្ននូវការរៀបចំពិធីអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀង ពិធីបុណ្យទាន និងពិធីជួបជុំផ្សេងៗ របស់រដ្ឋបាលរាជនីខេត្តទូទាំងប្រទេសបានចេញផ្សាយបណ្ដាក់គ្នាលើទំព័រហ្វេសប៊ុកនៃរដ្ឋបាលរាជធានីខេត្តរៀងៗខ្លួនចាប់តាំងពីល្ងាចរហូតដល់យប់ថ្ងៃទី១៥ ខែមីនាម្សិលមិញនេះ។

 


ការសម្រេចផ្អាកការរៀបចំកម្មវិធីជួបជុំនានារបស់រដ្ឋបាលរាជធានីខេត្តនាពេលនេះ គឺជាការឆ្លើយតបភ្លាមៗទៅនឹងសំណើររបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលតាមរយៈបណ្ដាញទំនាក់ទំនងតេឡេក្រាម សម្ដេចបានស្នើអភិបាលរាជធានីខេត្តធ្វើការពិចារណាទាក់ទិននឹងការចេញបទបញ្ជាផ្អាកបណ្ដោះអាសន្នពិធីមង្គលការ ឬពិធីផ្សេងៗ ដោយស្នើសុំការយល់យោគពីប្រជាពលរដ្ឋ។

 


បើតាមសេចក្ដីជូនដំណឹង រដ្ឋបាលរាជធានីខេត្តណែនាំឱ្យរដ្ឋបាលក្រុងស្រុកខណ្ឌ ណែនាំជាបន្ទាន់ដល់មេឃុំ ចៅសង្កាត់ ត្រូវផ្អាកជាបណ្ដោះអាសន្ននូវការអនុញ្ញាតច្បាប់សម្រាប់រៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំបែបសាសនាក្នុងរូបភាពប្រមូលផ្ដុំ ហើយក្នុងករណីបានចេញការអនុញ្ញាតហើយក៏ត្រូវតែអប់រំ និងណែនាំឱ្យពលរដ្ឋលើកពេល និងផ្អាកពិធីនោះជាបណ្ដោះអាសន្នសិន ប៉ុន្តែប្រសិនបើក្នុងករណីចាំបាច់ ដូចពីធីបុណ្យសបជាដើមនោះ ត្រូវអនុវត្តតាមវិធានសុខាភិបាល កាត់បន្ថយចំនួនមនុស្ស ពាក់ម៉ាស់ លាងដៃ រក្សាគម្លាតជាដើម។

 


សូមបញ្ជាក់ថានៅក្នុងអំឡុងពេលកើតមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ មានកូនកម្លោះ និងកូនប្រមុំជាច្រើនគូ បានប្រកាស ជាពិសេសនៅលើបណ្ដាញសង្គមហ្វសប៊ុក នូវការសម្រេចផ្អាក និងលើកពេលរៀបចំពិធីមង្គលការរបស់ពួកគេជាបន្ទាប់។ យ៉ាងណាក៏ដោយ អាស្រ័យដោយមិនទាន់មានការណាំដាច់ណាត់ពីអាជ្ញាធរ ពិធីមង្គលការមួយចំនួននៅតែបន្តរៀបចំឡើង។

 


គឺការបន្តរៀបចំពិធីមង្គលការនោះហើយចុងក្រោយនេះបានក្លាយជាចំណុចហានីភ័យខ្ពស់នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ ដ្បិតមានបុគ្គលមួយចំនួនបានចេញពីតំបន់នានាដូចជាពីរាជធានីភ្នំពេញទៅកាន់បណ្ដាខេត្តដើម្បីចូលរួមពីធីមង្គលការនោះ ហើយក្រោយមកក៏ស្រាប់តែរកឃើញបុគ្គលនោះមានផ្ទុកជំងឺកូវីដ១៩ បង្កឱ្យមានការឆ្លងរាលដាលនៅតាមសហគមន៍ រហូតដល់អាជ្ញាធរបិទភូមិ បិទឃុំ និងសាលារៀនជាដើម។

 


សម្រាប់តេជោនាយករដ្ឋមន្រ្តី នៅក្នុងស្ថានភាពដ៏ផុយស្រួយនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះ គូស្វាមីភរិយាដែលចង់រួមរស់ជាមួយគ្នា អាចរៀបចំពិធីសែនព្រេនជាមួយឪពុកម្ដាយ ចាស់ទុំជាទ្រង់ទ្រាយតូចៗ ហើយរង់ចាំសភាពការណ៍ល្អប្រសើរចាំរៀបចំពិធីមង្គលការទ្រង់ទ្រាយធំ ដោយសម្ដេចសង្កត់ធ្ងង់ក្នុងន័យថាជីវិតគូអាពាហ៍ មិនអាស្រ័យតែលើរៀបចំពីធីមង្គលការធំដុំ ឬសែនព្រេននោះឡើយ៕


អត្ថបទ៖ រ៉េន រតនៈ រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024