ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤

រដ្ឋបាលរាជធានីភ្នំពេញ នឹងពិន័យជាប្រាក់ពី ១លាន ដល់ ៥លានរៀល ចំពោះបុគ្គលដែលគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក

១១ មីនា ២០២១ | ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៩មីនាម្សិលមិញ បានចេញសេចក្តីណែនាំមួយ ស្តីពី ការរឹតបន្តឹងការអនុវត្តវិធានការចត្តាឡីស័ក នៅតាមទីតាំងឯកជន ដែលជាប់ពាក់ព័ន្ធ “ព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ” ក្នុងរាជធានីភ្នំពេញ។ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ អាជ្ញាធររាជធានីភ្នំ បានប្រកាសវិធានការពិន័យអន្តរការណ៍ ជាប្រាក់ពី ១លាន ដល់ ៥លានរៀល ចំពោះបុគ្គល ដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬបុគ្គល ដែលគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក។ 

 


រដ្ឋបាលរាជធានីភ្នំពេញ នឹងពិន័យអន្តរការណ៍ជាប្រាក់ពី ១លាន ដល់ ៥លានរៀល ព្រមទាំងត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន ចំពោះបុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬ បុគ្គលដែលគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក ស្របតាមអនុក្រឹត្យចុះកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីវិធានការថត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

 


រដ្ឋបាលរាជធានីភ្នំពេញ បានក្រើនរំលឹកនិងណែនាំដល់ប្រជាពលរដ្ឋខ្មែរ និងជនបរទេស ដែលត្រូវដាក់ឱ្យធ្វើចត្តាឡីស័កតាមគោលដៅឯកជនទាំងឡាយ ត្រូវនៅក្នុងផ្ទះ ឬ បន្ទប់ដាច់ដោយឡែកគ្រប់ពេលវេលាទាំងអស់ ក្នុងរយៈពេល ១៤ថ្ងៃ គឺហាមដាច់ខាត ដើរចេញក្រៅផ្ទះ ឬ បន្ទប់ ឬ ទីកន្លែងដែលខ្លួនត្រូវធ្វើចត្តាឡីស័ក។

 


ជាមួយគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានក្រើនរំលឹកនិងណែនាំ ប្រធានក្រុមសន្តិសុខការពារគោលដៅចត្តាឡីស័ក ក្រុមគ្រូពេទ្យប្រចាំការ អាជ្ញាធរមូលដ្ឋាន និងគ្រប់ភាគី ពាក់ព័ន្ធ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ គ្រប់គ្រង ឃ្លាំមើល ណែនាំ និងមានចំណាត់ការឱ្យបានទាន់ ពេលវេលា ដើម្បីធានាថាក្រុមបុគ្គលទាំងឡាយ ដែលកំពុងធ្វើចត្តាឡីស័កស្ថិតក្រោមដែនសមត្ថកិច្ច របស់ខ្លួន ពិតជាបានអនុវត្តយ៉ាងខ្ជាប់ខ្លួនតាមវិធានចត្តាឡីស័ក និងការណែនាំរបស់ក្រសួងសុខាភិបាល។

 


រដ្ឋបាលរាជធានីភ្នំពេញ ក៏អំពាវនាវដល់ ម្ចាស់អាជីវកម្មដ្ឋានទាំងអស់ ត្រូវដាក់កម្លាំងបុគ្គលិកប្រចាំការ សម្រាប់ត្រួតពិនិត្យដល់បុគ្គលទាំងឡាយ ដែលចូលមកក្នុងទីតាំងរបស់ខ្លួន ត្រូវស្កែន QR Code ឱ្យបានត្រឹមត្រូវ ដើម្បីបានដឹងពីស្ថានភាពពាក់ព័ន្ធ នឹងជំងឺកូវីដ-១៩ របស់បុគ្គលទាំងនោះ តាមរយៈការបង្ហាញពណ៌លើអេក្រង់ទូរសព្ទក្រោយពេលស្តេនរួច ។ ក្នុងករណីស្តែនឃើញពណ៌លឿងបញ្ជាក់ថាបុគ្គលនោះកំពុងស្ថិត ក្នុងការធ្វើចត្តាឡីស័ក និង ពណ៌ក្រហមបញ្ជាក់ថាបុគ្គលនោះមានជំងឺកូវីដ-១៩ គឺម្ចាស់អាជីវកម្មដ្ឋាន ត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីមានវិធានការ ។ ផ្ទុយទៅវិញ ប្រសិនបើម្ចាស់ អាជីវកម្មដ្ឋានណាមួយមិនអនុវត្តតាមវិធានការខាងលើនេះទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការច្បាប់ បន្ថែមចំពោះបុគ្គល និងទីតាំងដែលមិនសហការ ដោយត្រូវដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មទាំងស្រុង ៕


អត្ថបទ៖ សន រដ្ឋា     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024