ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ថៃ ត្រៀមនឹងបង្កើនល្បឿននាំចេញ ស៊ុត ដោយសារការផ្គត់ផ្គង់លើសតម្រូវការ

០៨ មីនា ២០២១ | សេដ្ឋកិច្ច



រាជរដ្ឋាភិបាលថៃ កំពុងតែត្រៀមជម្រុញការនាំចេញ ស៊ុត ដើម្បីដោះស្រាយបញ្ហាផ្គត់ផ្គង់លើសពីតម្រូវការក្នុងស្រុក ខណៈតម្រូវការប្រើប្រាស់ ស៊ុត ថមថយចុះយ៉ាងខ្លាំង អំឡុងពេលនៃវិបត្តិជម្ងឺកូវីដ១៩នេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកថៃ នៅថ្ងៃនេះ។
 

លោក វឌ្ឍនាស័ក អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងថៃ បានលើកឡើងថា ដោយសារតែការបាត់បង់ភ្ញៀវទេសចរណ៍បរទេស ហើយសិស្សសាលាជាច្រើន ត្រូវសិក្សាតាមប្រព័ន្ធអនឡាញ ជំនួសឲ្យការសិក្សានៅសាលារៀនវិញ ការប្រើប្រាស់ស៊ុត ក្នុងស្រុក បានធ្លាក់ចុះយ៉ាងខ្លាំង មកត្រឹម ៣៨លានគ្រាប់ក្នុង ១ថ្ងៃ ខណៈផលិតកម្មស៊ុតក្នុងស្រុក មានដល់ទៅ ៤២លានគ្រាប់ក្នុងមួយថ្ងៃ។


តម្លៃស៊ុត ក្នុងទំហំលាយគ្នា មានតម្លៃជាមធ្យមប្រមាណ ៣៣០រៀលក្នុងមួយគ្រាប់ ខណៈមុនពេលផ្ទុះឡើងនូវមេរោគកូវីដ១៩ ស៊ុត មានតម្លៃជាមធ្យម ៣៧០រៀលក្នុងមួយគ្រាប់។


យ៉ាងណាក៏ដោយ ការផ្គត់ផ្គង់លើសតម្រូវការបានធ្វើឲ្យ តម្លៃស៊ុត លក់រាយ នាពេលបច្ចុប្បន្ន គឺទាបជាងចំណាយលើការផលិតទៅទៀត ពោលគឺលក់បានប្រមាណ ៣៤០រៀលក្នុងមួយគ្រាប់។


រាជរដ្ឋាភិបាលថៃ នឹងផ្តល់ជំនួយដល់ ប្រជាកសិករថៃ អ្នកជំនួញ និងអ្នកនាំចេញ តាមរយៈកញ្ចប់ថវិកាជំនួយ និងការគ្រប់គ្រងចំណាយលើការវេចខ្ចប់ ដឹកជញ្ជូន និងបែងចែកប្រភេទស៊ុតជាដើម។


បើតាមនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ ថៃ នាំចេញស៊ុត ២២១លានគ្រាប់ ក្នុងឆ្នាំ ២០២០ ធ្លាក់ចុះ ១៨% ធៀបនឹងឆ្នាំ ២០១៩ តែក្នុងឆ្នាំ ២០២១នេះ ថៃ នឹងជម្រុញការនាំចេញស៊ុត ឲ្យបាន ២០០លានគ្រាប់ ត្រឹមខែសីហា ប៉ុណ្ណោះ។

 


គួរជម្រាបដែរថា កាលពីឆ្នាំ ២០២០កន្លងទៅ ស៊ុត ដែលប្រជាកសិករថៃ ១៣ម៉ឺនគ្រួសារ អាចផលិតបានគិតជាទឹកប្រាក់ប្រមាណ ១ពាន់ ៣រយលានដុល្លារអាមេរិក ថយចុះ ៤៣% ធៀបនឹងឆ្នាំ ២០១៩៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ
 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024