ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

អគ្គរដ្ឋទូត បារាំង សរសើរសហគ្រិស្ត្រី​កម្ពុជា ប៉ុន្តែនៅត្រូវកការការលើកទឹកចិត្ត និង ឱកាសបន្ថែម

០៨ មីនា ២០២១ | ព័ត៌មានជាតិ

នាកាសទិវាអន្តរជាតិ នារី ៨ មីនា ២០២១ នេះ ស្ថានទូត បារាំង ប្រចាំកម្ពុជា បានរៀបចំកិច្ចពិភាក្សា​តូច​មួយ ស្តីពីស្ថានភាពស្ត្រីនៅកម្ពុជា បើ​តាមរយៈអ្នកបកប្រែ លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូត បារាំង ប្រចាំ កម្ពុជា បានមានប្រសាសន៍ថា សហគ្រិនស្ត្រី កម្ពុជា មានភាពរហ័សរហួន ព្យាយាមអត់ធ្មត់ និង ប៉ិនប្រសប់ គួរឱ្យកត់សម្គាល់ និង កោតសរសើរ ប៉ុន្តែ​នៅមានកត្តាមួយចំនួនទៀតដែលគេត្រូវបន្តធ្វើ ដើម្បីជំរុញស្ត្រីអាចឈានដល់ចំណុចសក្តានុពលពិតប្រាកដរបស់ខ្លួន ដូចជាការលើកទឹកចិត្ត ការអប់រំ និង ឱកាសជាដើម ។
 

 

 

សូមជម្រាបថា នៅព្រឹកថ្ងៃទី៨ ខែ​មីនា ឆ្នាំ ២០២១ ដែលជាទិវាអន្តរជាតិនារី នេះ នៅក្នុងបរិវេណស្ថានទូត បារាំង ប្រចាំ កម្ពុជា នារាជធានី ភ្នំពេញ មានរៀបចំកិច្ចពិភាក្សាតូចមួយ ដោយសមាគមស្ត្រី Women in the City និង Generation C Cambodia ស្តីពីតួនាទីស្ត្រីក្នុងភាពជាអ្នកដឹកនាំ ដែលមានការចូលរួមដោយស្ត្រី​មកពីមជ្ឈដ្ឋានការងារ និង ប្រទេសផ្សេងៗទាំងវិស័យរដ្ឋ និង ឯកជន ហើយប្រធានបទដែលត្រូវបានលើកយកមកពិភាក្សានាពេលនេះ រួមទាំងការលើកកម្ពស់សហគ្រិនភាពស្ត្រីនៅក្នុងសង្គម ការផ្តល់អំណាចដល់ស្ត្រីនៅតាមជនបទ ការលើកស្ទួយស្ត្រីនៅក្នុងក្រុមហ៊ុន សុខភាព និង សុខុមាលភាពស្ត្រី ក៏ដូចជាការចូលរបស់ស្ត្រីទៅក្នុងទីផ្សារការងារ​។

 

 

ស្ថានទូត បារាំង ប្រចាំ កម្ពុជា បានទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការលើកកម្ពស់ស្ត្រី និង លទ្ធផលដែលសម្រេចបានមកដល់ពេលនេះ គឺចាត់ទុកថាជាលទ្ធផលគួរជាទីសោមនស្សហើយដែរ បើទោះជានៅមានកិច្ចការជាច្រើនទៀតដែលត្រូវរួមគ្នាដោះស្រាយសម្រាប់ស្ត្រីក៏ដោយ​។ ដោយឡែកចំពោះ បារាំង វិញ ជាពិសេសតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍របស់ខ្លួន ហៅកាត់ថា AFD ប្រចាំកម្ពុជា តែងតែបានបញ្ចូលជានិច្ចនូវតួនាទីរបស់ស្ត្រីទៅក្នុងរាល់កម្មវិធីនានារបស់ខ្លួន ។ នេះបើតាមការអះអាងរបស់ លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ដដែល ៕

 

អត្ថបទៈ ខឿន សាឃាង, រូបភាពៈ និន សុខលី

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024