ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

៨មីនា៖ ស្ថានទូតខ្មែរនៅកូរ៉េផ្ដល់ចំណងដៃពិសេសស២ជូនស្រ្តី និង​ពលរដ្ឋខ្មែរនៅទីនោះ

០៨ មីនា ២០២១ | ព័ត៌មានជាតិ

ដើម្បីជាចំណងដៃអបអរសាទរទិវាអន្តរជាតិនារី៨មីនាក្រុមការងារស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង ដឹកនាំដោយ​ឯកឧត្តម ឡុង ឌីម៉ង់ បានបើកមិទ្ទិញ និងសម្រេចផ្ដល់អំណោយពិសេសចំនួន២ជូនស្ត្រី និងពលរដ្ឋខ្មែរនៅទីនោះ។

 

 

មិនមែនជាថវិកា ឬអំណោយអនុស្សាវរិយ៍ដាក់ក្នុងប្រអប់តុបតែងនោះទេ ប៉ុន្តែចំណងដៃអបអរសាទរទិវាអន្តរជាតិនារី៨មីនានោះ គឺប្រកាស​​ថា​នឹងបើកគម្រោងអប់រំភាសា-វប្បធម៌ និងវិជ្ជាមេផ្ទះដល់ស្រ្តី និងកូនដែលមានកំណើតជាខ្មែរ នៅទីក្រុងសុងណាំ និងប៊ូសាន នាដើមខែមេសា។ ចំណងដៃពិសេសមួយទៀត គឺក្រុមការងារស្ថានទូតនឹងសម្របសម្រួលបញ្ចុះតម្លៃថ្លៃពិនិត្យ និងព្យាបាល ដល់ពលរដ្ឋខ្មែរទាំងអស់ ទោះមានធានារ៉ាប់រង និងមិនមាន ទោះខុសច្បាប់ឬត្រូវច្បាប់ ប្រមាណ៣០ ទៅ ៤០% នៅគ្រប់សាខាមន្ទីរពេទ្យ  សេអ៊ូល ផូឆុន និង​ឆុនអាន ខណៈពីមុនផ្តល់ជូនតែនៅទីក្រុងសេអ៊ូលប៉ុណ្ណោះ។

 

 

សូមបញ្ជាក់ថា ក្រុមការងារស្រ្តីប្រចាំស្ថានទូត បានរៀបចំមិទ្ទិញអបអរសាទរទិវាអន្តរជាតិ៨មីនា លើកទី ១១០ ក្រោមប្រធានបទ « ស្រ្តី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩» ដោយមានការស្ដាប់សារថ្វាយព្រះពរពីសំណាក់សម្តេចមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ មិទ្ទិញនោះមានការចូលរួមពីសំណាក់មន្រ្តីការទូត និងភរិយា ព្រមទាំងបុគ្គលិក និងសហគមន៍ខ្មែរ ដែលជានិស្សិត ស្រ្តីរៀបការ និងពលករ-ពលការនី ប្រមាណជា ១០០នាក់ តាមប្រព័ន្ធវីដេអូ Zoom ពីស្ថានទូត។

 

 

មិទ្ទិញក៏បានអរគុណស្ថានទូត និងក្រុមការងារស្រ្តី ដែលតែងតែបាននឹងកំពុងជួយប្រឹក្សាយោបល់  សម្របសម្រួល និងដោះស្រាយបញ្ហា ព្រមទាំងបានខិតខំរកជំនួយមនុស្សធម៌ពីសប្បុរសជនកូរ៉េ ជួយដល់ស្រ្តីដែលប៉ះពាល់ដោយសារកូវីដ-១៩៕

 

អត្ថបទ៖ រ៉េន រតនៈ , រូបភាព៖ ស្ថានទូត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024