ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

ក្រោយបាត់បង់កូនដំបូង កុល ដាវី ផ្អាកថតភាពយន្ត ដើម្បីទុកពេលថែខ្លួនយកកូនជាថ្មី

០៨ មីនា ២០២១ | កម្សាន្ដ

 

តារាសម្តែង កុល ដាវី នៅតែមិនអស់សង្ឃឹមទោះបីជាបាត់បង់កូនដំបូងរបស់ខ្លួនក្តី នាងនៅតែព្យាយាមដើម្បីយកកូនទី ២ ជាបន្តទៀត រហូតនាងសម្រេចចិត្តផ្អាកការងារសិល្បៈទុកពេលវេលាថែ ទាំងខ្លួនឱ្យបានល្អ ។


 
ជាងកន្លះឆ្នាំហើយដែលតារាសម្តែងសិចស៊ី កុល ដាវី បានបាត់បង់កូននៅក្នុងផ្ទៃ បន្ទាប់ពីនាងមានផ្ទៃពោះបានជាង ២ ខែ ដោយសារបញ្ហាសុខភាព នាពេលនោះ កុល ដាវី មានអារម្មណ៍ឈឺចាប់ខ្លាំង រហូតសំងំតែនៅក្នុងផ្ទះ ។  

 

ដោយឡែកជួបជាមួយនាងកាលពីពេលថ្មីៗនេះ យើងចាប់អារម្មណ៍ឃើញថា នាងហាក់ដូចជាសប្បាយចិត្តច្រើន ថែមទាំងមានរូបសម្រស់ស្រស់ស្អាតជាង ពេលមុនដែរ ។ 

កុល ដាវី បានរៀបរាប់ប្រាប់ថា នាងសោកស្តាយខ្លាំងណាស់ត្រូវបាត់បង់កូននៅក្នុងផ្ទៃ ពីព្រោះទំរាំតែមានកូន នាងបានខំប្រឹង និង ព្យាយាមអស់ពេលយ៉ាងយូរ មិនគួរណាត្រូវបាត់បង់ក្នុងពេលមួយប្រព្រិចភ្នែក ។

 

ដំបូងនាងធ្វើចិត្តមិនបានឡើយ តែដោយសារកម្លាំងចិត្តពីស្វាមី ក្រុមគ្រួសារ និងមិត្តភក្តិ ទើបនាងមិនសូវគិតច្រើន ហើយក៏ចាប់ផ្តើមធ្វើការងារផ្សេងៗដើម្បីបំភ្លេចរឿងដែលមិនសប្បាយចិត្ត ។

 

 

ពេលនេះសុខភាពរបស់ កុល ដាវី បានល្អប្រសើរឡើងវិញហើយ នាងក៏បានបន្តនិងយកកូនតាមបំណងប្រាថ្នាផងដែរ ដោយនាងបានពិភាក្សាជាមួយគ្រូពេទ្យជំនាញៗអំពីរឿងយកកូន ។

 

 

កុល ដាវី បានបញ្ជាក់ប្រាប់ថា ដើម្បីយកកូនទី ២ ជាបន្តទៀត នាងសម្រេចចិត្តផ្អាកមិនទទួលថតភាពយន្តឡើយ ទោះបីជាមានផលិតកម្មមួយចំនួនបានទាក់ទងនាងថតជាបន្តបន្ទាប់ក្តី  ព្រោះនាងចង់ទុកពេលវេលា ថែទាំងសុខភាពឱ្យបានល្អ ភាគច្រើននាងធ្វើការរកស៊ីតាមអនឡាញ ការងារផ្សេងៗទៀតនាងផ្អាកទាំងអស់ នាងសង្ឃឹមថា បំណងយកកូនជាលើកទី ២ របស់ខ្លួននឹងបានសម្រេចក្នុងពេលឆាប់ៗខាងមុខ ។

 


ចំណែកលោក សុខ រក្សា ជាស្វាមីអ្នកនាង កុល ដាវី ក៏មិនបានជំទាស់បំណងរបស់ភរិយាខ្លួនដែរ ផ្ទុយទៅវិញលោកបានផ្តល់កម្លាំងចិត្ត និង នៅក្បែរភរិយាយខ្លួនគ្រប់ជំហាន ។ បើតាមបំណង កុល ដាវី និងលោក សុខ រក្សា មានបំណងយកកូន ៣ នាក់ ដើម្បីបង្កើនសមាជិកនៅក្នុងគ្រួសារ អ្នកទាំងពីររំពឹងថា ថ្ងៃអនាគតក្តីស្រមៃខ្លួននឹងក្លាយជាការពិត ៕

 

 


អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុ ន សុជាតា

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024