ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ទីតាំងជាង ៩០កន្លែងក្នុងរាជធានីភ្នំពេញ ត្រូវបានបិទជាបណ្តោះអាសន្ន ដោយសារពាក់ព័ន្ធព្រឹត្តការណ៍សហគមន៍២០កុម្ភៈ

០៥ មីនា ២០២១ | ព័ត៌មានជាតិ

គិតមកត្រឹមរសៀល ថ្ងៃទី៥ ខែមីនានេះ មានទីតាំងដែលពាក់ព័ន្ធព្រឹត្តការណ៍សហគមន៍២០កុម្ភៈ ប្រមាណ៩៣ កន្លែងក្នុងរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរសម្រេចបិទជាបណ្តោះអាសន្ន ដោយហាមមិនអោយមានការចេញចូល និងកន្លែងខ្លះត្រូវបានប្រើប្រាស់ជាកន្លែងចត្តាឡីស័កសម្រាប់អ្នកប៉ះពាល់ផ្ទាល់និងប្រយោលនឹងអ្នកជំងឺកូវីដ១៩ ។ នេះបើតាមការបញ្ជាក់របស់លោក ម៉េត មាសភក្តី មន្ត្រីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៥ មីនានេះ។ 

 

 

 

មន្ត្រីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមថា ចំពោះទីតាំងដែលពាក់ព័ន្ធព្រឹត្តការណ៍សហគមន៍២០កុម្ភៈ ដែលអាជ្ញាធរបានបិទជាបណ្តោះអាសន្ន ហើយប្រើប្រាស់ជាកន្លែងចត្តាឡីស័កសម្រាប់អ្នកប៉ះពាល់ផ្ទាល់និងប្រយោលនោះ ក៏ត្រូវបានរឹតបណ្តឹងសន្តិសុខ សណ្តាប់​ធា្នប់ពីសំណាកកងកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងប្រជាការពារផងដែរ ដើម្បីធានាការគ្រប់គ្រងស្ថានភាពអ្នកធ្វើ​ចត្តាឡីស័ក អោយបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។ 

 

 

គួរបញ្ជាក់ថា ចាប់តាំងពីកើតមានព្រឹត្តការណ៍សហគមន៍២០កុម្ភៈ មានសណ្ឋាគារ សាលារៀន ក្លឹបកម្សាន្ត កាស៊ីណូ និងអគារខុនដូរ ជាដើម ត្រូវបានអាជ្ញាធរចុះបិទជាបន្តបន្ទាប់ ក្រោយរកឃើញថា ទីតាំងទាំងនោះមានពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ ធ្លាប់ចូល ឬក៏កំពុងស្នាក់នៅ។ ជាមួយគ្នានោះ ទីតាំងមួយចំនួនដូចជាសណ្ឋាគារ អគារខុនដូរជាដើម ក៏ត្រូវបានប្រើប្រាស់ជាកន្លែងចត្តាឡីស័កតែម្តង សម្រាប់អ្នកប៉ះពាល់ផ្ទាល់និងប្រយោលនឹងអ្នកជំងឺកូវីដ១៩ផងដែរ៕

 

អត្ថបទ៖ សន រដ្ឋា រូបភាព៖ CDC MoH Covid-19 F20 Hotspot (Google Maps)

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024