ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ថៃ គ្រោងនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេស ធ្វើចត្តាឡីស័កនៅតាម រីស៊ត

០៥ មីនា ២០២១ | សេដ្ឋកិច្ច



រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថៃ នឹងធ្វើការស្នើសុំទៅ រាជរដ្ឋាភិបាលថៃ អំពីគម្រោងអនុញ្ញាតឲ្យ ភ្ញៀវទេសចរបរទេស អាចធ្វើចត្តាឡីស័ក នៅតាមតំបន់កម្សាន្តរីស៊តល្បីៗ ដើម្បីជួយស្រោចស្រង់វិស័យទេសចរណ៍ថៃ ដែលកំពុងធ្លាក់ចុះដុនដាបខ្លាំង។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មាន Bangkok Post នៅថ្ងៃនេះ។

 

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថៃ បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងកិច្ចប្រជុំជាមួយភ្នាក់ងារទេសចរណ៍ និងមន្រ្តីសុខាភិបាលថៃ ឲ្យបានដឹងថា គម្រោងធ្វើចត្តាឡីស័កនៅតាមសណ្ឋាគារ និងរីស៊ត អាចនឹងចាប់ផ្តើមក្នុងខែមេសា ឬខែឧសភាខាងមុខ នៅតាមបណ្តាខេត្តគោលដៅមួយចំនួន។


ការជ្រើសរើសយ៉ាងដូច្នេះ គឺដោយសារតែខេត្តទាំងអស់នោះ ជាទីកន្លែងពេញនិយមសម្រាប់ភ្ញៀវទេសចរណ៍បរទេស ហើយពួកគេអាចស្នាក់នៅរយៈពេលវែងចាប់ពី ១ខែ ដល់ ៣ខែ។

 


នៅក្នុងគម្រោងនេះ ភ្ញៀវទេសចរ ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ បើសិនជាការធ្វើតេស្តនៅក្នុងរយៈពេល ៣ថ្ងៃដំបូង អវិជ្ជមាន ពួកគេ នឹងទទួលបានការអនុញ្ញាតឲ្យចាកចេញពីបន្ទប់ តែត្រូវស្ថិតក្នុងតំបន់នៃសណ្ឋាគារ ឬរីស៊តនោះ។

 


កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ច័ន្ទអូចា ក៏បានបញ្ជាឲ្យរាជរដ្ឋាភិបាលថៃ ចាប់ផ្តើមសិក្សាទៅលើ ការប្រើប្រាស់លិខិតឆ្លងដែនកូវីដ ដែលបញ្ជាក់ថា បុគ្គលរូបនោះ បានចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគកូវីដ១៩រួចហើយ និងត្រូវតែជា វ៉ាក់សាំងដែលបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលថៃ យ៉ាងណាក៏ដោយ លោក ប្រាយុទ្ធ ច័ន្ទអូចា បានបញ្ជាក់ថា យើងពុំទាន់អាចសន្និដ្ឋានបាននៅឡើយទេ ថាប្រព័ន្ធលិខិតឆ្លងដែនកូវីដ អាចនឹងត្រូវបានប្រើប្រាស់ និងទទួលស្គាល់នៅថ្នាក់អន្តរជាតិ។

 


សូមជម្រាបដែរថា កាលពីឆ្នាំ ២០២០កន្លងទៅ វិស័យទេសចរណ៍ថៃ រកប្រាក់ចំណូលបានត្រឹមតែ ១០ពាន់លានដុល្លារអាមេរិក និងចំនួនភ្ញៀវទេសចរបរទេស ដែលចូលមកកម្សាន្ត មានត្រឹមតែ ៦លាន ៧សែននាក់ ធ្លាក់ចុះ ៨៣%៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024