ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ឆ្នាំថ្មី សិទ្ធី នីកា អង្រួនមហាជនកាន់តែខ្លាំង

០៥ មីនា ២០២១ | កម្សាន្ដ



គ្រាន់តែចូលឆ្នាំថ្មីភ្លាម តារាស្រីវ័យ ២១ ឆ្នាំ សិទ្ធី នីកា ធ្វើឲ្យមហាជនកាន់តែភ្ញាក់ផ្អើលជាខ្លាំងចំពោះសម្រស់ និងស្ទីលតុបតែងខ្លួនរបស់នាង ពិសេសគឺរាងក៏ស្រឡូនរបស់នាងតែម្តង។

 


ស្រីស្រស់ សិទ្ធី នីកា ត្រូវគ្រប់គ្នាដឹងថា បានបាត់មួយរយៈចេញពីពិភពនៃសិល្បៈ គឺដោយត្រូវទៅបំពេញកាតព្វកិច្ចជាឧត្តមភរិយា និងមាតាដ៏ល្អសម្រាលបុត្រា ១ អង្គនៃចំណងស្នេហ៍ជាមួយម្ចាស់ចិត្ត គឺព្រះអង្គម្ចាស់នរោត្តម ចារូច័ក្រ ដែលជាបុត្រាព្រះអង្គនរោត្តម ចក្រពង្ស នោះ តារាស្រីស្រស់ សិទ្ធី នីកា ក៏បានលេចវត្តមានវិលមកប្រឡូកវិស័យសិល្បៈវិញម្តងទៀតកាលពីចុងឆ្នាំ ២០២០ កន្លងទៅថ្មីៗដែរ តាមរយៈភាពយន្តភាគចំណងជើង «ពណ៌ជីវិត» របស់ផលិតកម្ម PR និងបានចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ទំនើបភីអិនអិន។ តួឯកប្រុសដែលគ្រងតំណែងតួឯកក្នុងរឿងនោះ គឺតារាសម្តែងរូបសង្ហា លោក ហាត់ វ៉ៃហាំង។

 


ក្រោយសា្នដៃថ្មីបញ្ចេញលើទីផ្សារមិនយូរប៉ុន្មាន សិទ្ធី នីកា ដែលជាក្មួយស្រីតារាសម្តែងជើងចាស់អ្នកនាង ព្រំ រដ្ឋា មិនត្រឹមបានឆក់ឱកាសគ្រងនូវតំណែងតួឯកស្រីនោះទេ ថែមទាំងមានការថតស្ប៉តពាណិជ្ជកម្មផលិតផលសម្រស់នានាជាច្រើនទៀតផង។

 


អ្វីដែលមហាជនកាន់តែចាប់អារម្មណ៍ គឺសម្រស់របស់តារាស្រីរូបនេះកាន់តែស្រស់ផូផង់ ជាងពីមុនទៅទៀត។ បើនិយាយស្ទីលរៀបចំខ្លួន និងស្ទីលថតរូបវិញនោះ ទោះមិនតុបតែងខ្លួនស៊ិចស៊ី ក៏តារាស្រីរូបនេះស្រស់ស្អាតខ្លាំង។

 


យ៉ាងណាមិញ គេនៅមិនទាន់ដឹងថា តារាស្រីរាងតូចច្រឡឹងនេះ នឹងបញ្ចេញស្នាដៃថ្មីសម្រាប់ទស្សនិកជន អ្នកគាំទ្រពេលណាទៀតនោះទេ។
បើនិយាយពីជីវិតឯកជនវិញនោះ សិទ្ធី នីកា ជាតារាស្រីម្នាក់ក្នុងចំណោមតារាស្រីល្បីៗជាច្រើនដែលមាន Follower រាប់សែននាក់ទាំងក្នុង Facebook និង Instagram ។ ភាគច្រើនមហាជនដែលប្រើប្រាស់ Facebook និង Instagram និយមតាមដានសកម្មភាពប្រចាំថ្ងៃ មិនថាដំណើរកម្សាន្ត ឬការងាររបស់តារាដែលខ្លួនចូលចិត្ត ជាក់ស្តែង សិទ្ធី នីកា ក៏ដូចគ្នា។ 

 

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ភីអិនអិន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024