ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

ការប្រមូលផលគ្រាប់ស្វាយចន្ទីពេញលេញអាចនៅខែមេសាខាងមុខនេះ

០៥ មីនា ២០២១ | សេដ្ឋកិច្ច

 

 

ប្រជាកសិករអ្នកដាំដំណាំស្វាយចន្ទី ក៏ដូចជាអ្នកជំនួញនៅក្នុងវិស័យនេះបានត្អូញត្អែថា ការប្រមូលផលស្វាយចន្ទីនៅឆ្នាំ២០២១ នេះអាចនឹងយឺត ហើយចំនែកទិន្នផលវិញអាចប្រមូលបានក្នុងកម្រិតមធ្យមប៉ុណ្ណោះ ខណៈដំណាំនេះត្រូវរងផលប៉ះពាល់ខ្លាំងដោយសារកត្តាអាកាសធាតុ។

 

 

លោកស្រី អិន ឡៃហួត ម្ចាស់សិប្បកម្មស្វាយចន្ទីម៉ាដាមហួត នៅខេត្តកំពង់ធំបានប្រាប់ភីអិនអិនឲ្យដឹងថា ដំណាំស្វាយចន្ទីនៅឆ្នាំនេះទំនងជាប្រមូលផលយឺត និងបានចំនួចតិចជាងឆ្នាំមុន ខណៈដែលអាកាសធាតុមិនបានផ្តល់អំណោយផលល្អ ហើយផលដែលទទួលបានមានតែតាមតំបន់ប៉ុណ្ណោះ។

 

 

លោកស្រីបញ្ជាក់ថា ទិន្នផលស្វាយចន្ទីឆ្នាំនេះអាចនឹងទាបជាងឆ្នាំទៅមិញ ព្រោះដំណើរការប្រមូលផលត្រូវបានអូសបន្លាយមកដល់ដើមខែមីនានេះហើយនៅតែមិនទាន់អាចប្រមូលផលបានពេញលេញនៅឡើយ ស្របពេលដូចគ្នាកាលពីឆ្នាំ២០២០ នៅចុងខែកុម្ភៈ និងដើមខែមីនាគឺប្រមូលផលបានពេញលេញអស់ទៅហើយ។

 

 

លោកស្រីបានឲ្យដឹងទៀតថា តំបន់ជួរភ្នំដូចជាខេត្តស្ទឹងត្រែង និងកំពង់ចាមគឺបានប្រមូលផលចន្ទីបានច្រើនគួរសមហើយដែរ នៅឡើយតែខេត្តកំពង់ធំការប្រមូលផលបានតិចតួចប៉ុណ្ណោះ ដែលអាចនិយាយបានថានៅឆ្នាំនេះកសិករដាំដំណាំស្វាយចន្ទីរងការខូចខាតច្រើន ហើយគិតថាផលចន្ទីដែលនឹងអាចប្រមូលបានពេញលេញគឺនៅដើមខែមេសាខាងមុខនេះ។

 

 

រដ្ឋមន្រ្តីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុនបានបង្ហាញពី លទ្ធផលនៃការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករក្នុងរយៈពេល២ខែដើមឆ្នាំ២១២១ មានការកើនឡើងជាង៥៥ភាគរយបើធៀបនឹងឆ្នាំមុន ហើយក្នុងចំណោមនោះចន្ទីក៏ជាផលិតផលមួយដែលមានការបញ្ជារទិញច្រើនជាងគេដែរប្រមាណជិត៨ម៉ឺន តោន។

 

 

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២០ កម្ពុជាសម្រេចការនាំចេញគ្រាប់ស្វាយចន្ទីបានជាង ២១ម៉ឺន៨ពាន់តោន កើនឡើងជាង ៨ភាគរយធៀបនឹងឆ្នាំ២០១៩ សម្រេចបានត្រឹមតែជាង២០ម៉ឺនតោនប៉ុណ្ណោះ៕

 

 

 

 

 អត្ថបទ: ស៊ឺន សុន និងរូបភាព ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024