ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ថៃ រំពឹងសម្រេចបានកំណើនសេដ្ឋកិច្ច ២,៨% ក្នុងឆ្នាំ ២០២១នេះ មិនគួរជាទីពេញចិត្ត

០៤ មីនា ២០២១ | សេដ្ឋកិច្ច


 

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ បានថ្លែងថា សេដ្ឋកិច្ចប្រទេសថៃ ក្នុងឆ្នាំ២០២១នេះ អាចនឹងមានកំណើន ២,៨% តែវាជាកម្រិតមួយ មិនគួរឲ្យពេញចិត្តទាល់តែសោះ ខណៈរាជរដ្ឋាភិបាល នៅតែបន្តផ្តល់កញ្ចប់ជំនួយគាំទ្រដល់ការជម្រុញសេដ្ឋកិច្ចជាតិឡើងវិញ។ នេះបើយោងតាមកាសែតក្នុងស្រុកថៃ ចចេញផ្សាយនៅថ្ងៃនេះ។


សេដ្ឋកិច្ចប្រទេសថៃ ដែលពឹងផ្អែកខ្លាំងទៅលើ វិស័យទេសចរណ៍ និងការនាំចេញ បានធ្លាក់ចុះ ៦,១% កាលពីឆ្នាំ ២០២០កន្លងទៅ ដែលជាកម្រិតមួយទាបបំផុតក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ដោយសារតែ បញ្ហាជម្ងឺកូវីដ១៩ បានកាត់បន្ថយតម្រូវការប្រើប្រាស់ និងការធ្វើដំណើរទូទាំងសកលលោក។

 


រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ បានគូសបញ្ជាក់ថា សេដ្ឋកិច្ចថៃ ក្នុងឆ្នាំនេះ នឹងកើនឡើងក្នុងកម្រិតមួយទាប ដែលជាកម្រិតមួយ មិនគួរឲ្យរីករាយទាល់តែសោះ។
បច្ចុប្បន្នថៃ សង្ឃឹមទៅលើ សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ដែលអាចរុញច្រានសេដ្ឋកិច្ចឲ្យងើបឡើងវិញបាន ដោយសារតម្រូវការទំនិញនៅលើទីផ្សារសកលលោក ពុំទាន់វិលត្រលប់មកវិញទេក្នុងឆ្នាំនេះ ខណៈវិស័យទេសចរណ៍ បន្តធ្លាក់ចុះ និងស្ថិតនៅឆ្ងាយណាស់ ពីចំណុចដែលអាចងើបឡើងវិញបាន។

 


ទោះយ៉ាងណា ថៃ បានចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ហើយ និងកំពុងសិក្សាពី លិខិតឆ្លងដែនកូវីដ១៩ ដែលអាចប្រើប្រាស់ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឲ្យមកកម្សាន្តនៅក្នុងប្រទេសថៃ។


គួររម្លឹកបន្តិចដែរថា ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃ បានទម្លាក់ការព្យាករណ៍របស់ខ្លួន អំពីកំណើនសេដ្ឋកិច្ចថៃក្នុងឆ្នាំ ២០២១នេះ ថាអាចនឹងសម្រេចបានចន្លោះពី ២,៥% ទៅ ៣,៥% ដែលទាបជាងការព្យាករណ៍កាលពីខែវិច្ឆិកា ឆ្នាំ ២០២០កន្លងទៅ៕
 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024