ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

វៀតណាម អាចនឹងទទួលបានអត្ថប្រយោជន៍វិនិយោគ ពីបញ្ហារដ្ឋប្រហារនៅមីយ៉ាន់ម៉ា

០៤ មីនា ២០២១ | សេដ្ឋកិច្ច



ប្រទេសវៀតណាម រំពឹងថា អាចនឹងទទួលបានអត្ថប្រយោជន៍ពី បញ្ហារដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា តាមរយៈការទាក់ទាញគម្រោងវិនិយោគជាច្រើនពី សហគ្រាសអន្តរជាតិ ដែលមានបំណងវិនិយោគនៅ មីយ៉ាន់ម៉ា តែត្រូវជ្រើសរើសគោលដៅផ្សេងទៅវិញ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។


ក្រុមវិនិយោគិនអន្តរជាតិជាច្រើន បានលើកឡើងប្រហាក់ប្រហែលគ្នាថា ករណីរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិន និងសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្មរបស់ពួកគេ ហើយវិនិយោគិន ដែលមានគម្រោងចូលទៅវិនិយោគនៅក្នុងប្រទេសនោះ បានផ្លាស់ប្តូរគោលដៅទៅកាន់ប្រទេសផ្សេងទៅវិញ ដែលស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចគ្នា។


តួយ៉ាង ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនគ្រប់គ្រងវិនិយោគ Vulpes ដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី បានអះអាងថា នៅពេលដែលព្រំដែនបើកទ្វារឡើងវិញ វិនិយោគិនអាស៊ាន នឹងត្រលប់ទៅរកប្រទេសវៀតណាម ហើយសកម្មភាពវិនិយោគនឹងផ្ទុះឡើង ដែលរុញច្រានឲ្យប្រទេសវៀតណាម ក្លាយជាគោលដៅទាក់ទាញការវិនិយោគបរទេសខ្លាំងជាងគេ។


ថ្នាក់ដឹកនាំនៃក្រុមហ៊ុនវិនិយោគ Capria Ventures ក៏បានលើកឡើងដែរថា ទឹកប្រាក់វិនិយោគដែលបម្រុងតែចូលទៅកាន់ប្រទេសមីយ៉ាន់ម៉ាទៅហើយនោះ គឺត្រូវចាកចេញទៅវិញ ទៅកាន់ប្រទេសក្បែរខាងក្នុងតំបន់។


ក្រុមហ៊ុនអាមេរិកមួយ ដែលបង្ហាញបំណងវិនិយោគជាង ៨លានដុល្លារអាមេរិក ក្នុងប្រទេសមីយ៉ាន់ម៉ា បានសម្រេចពន្យារពេលគម្រោង និងចាប់ផ្តើមគម្រោងថ្មី នៅក្នុងប្រទេសវៀតណាមវិញ។


នាយកគ្រប់គ្រងក្រុមហ៊ុន Obor Capital ក៏បានបញ្ជាក់ដែរថា សម្រាប់វិនិយោគិន ដែលមានបំណងវិនិយោគក្នុងតំបន់អាស៊ីអាគ្នេយ៍ និងចង់រកប្រាក់ចំណេញទៅវិញបានឆាប់រហ័សនោះ ប្រទេសវៀតណាម នៅតែជាជម្រើសដ៏ល្អមួយ និងនៅតែទាក់ទាញក្នុងរយៈពេលជាង ១០ឆ្នាំកន្លងមកនេះ។

 


សូមជម្រាបដែរថា បើតាមការព្យាករណ៍ចុងក្រោយបំផុតរបស់ធនាគារពិភពលោក គឺបង្ហាញថា សេដ្ឋកិច្ចប្រទេសមីយ៉ាន់ម៉ា អាចនឹងមានកំណើនទាបត្រឹម ២% ក្នុងឆ្នាំ២០២១នេះ តែយ៉ាងណានៅពេលនេះ ករណីរដ្ឋប្រហារយោធា គួបផ្សំនឹង បញ្ហាមេរោគកូវីដ១៩ អាចនឹងទាញទម្លាក់សេដ្ឋកិច្ចមីយ៉ាន់ម៉ា ឲ្យធ្លាក់ចុះមកវិញ៕

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ  

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024