ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

រង់ចាំជាង ៣០ឆ្នាំទើប ទេព រិនដារ៉ូ បានថតរឿង “មរណមាតា” 

០៤ មីនា ២០២១ | កម្សាន្ដ



កន្លងមកមានផលិតកម្មជាច្រើនបានថតរឿងនិទាន ខ្មែរ ដែលមានចំណងជើងថា « មរណមាតា »  ប៉ុន្តែលោក ទេព រិនដារ៉ូ ដែលជាតារាសម្តែងចាស់វស្សាមួយរូបនោះ មិនធ្លាប់បានចូលរួម    សម្តែងនៅក្នុងរឿងនេះឡើយ ទើបតែថ្មីៗនេះលោកមានឱកាសបានសម្តែងក្នុងរឿងនេះ បន្ទាប់ពីទូរទស្សន៍ ភីអិនអិន ទទួលបានសិទ្ធក្នុងការផលិតរឿងនេះឡើងវិញ  ។ 

 


លោក ទេព រិនដារ៉ូ បានបង្ហាញនូវអារម្មណ៍រីករាយជាខ្លាំង ក្រោយបានចូលរួមសម្តែងនៅក្នុងភាពយន្តខ្នាតធំរបស់ទូរទស្សន៍ ភីអិនអិន ដែលមានចំណងជើងថា « មរណមាតា » ពីព្រោះចាប់តាំងពីប្រលូកក្នុងសិល្បៈអស់ពេលជាង ៣០ ឆ្នាំមកនេះ លោកពុំដែលបានថតរឿងនិទាន ខ្មែរ ដ៏ល្បី នេះឡើយ ។ 

 

 

រឿង « មរណមាតា » ជារឿងនិទាន ខ្មែរ ដែលមានអាយុកាលច្រើនឆ្នាំមកហើយ ហើយត្រូវបានផលិតកម្មជាច្រើនយករឿងនេះផលិតជាបន្តបន្ទាប់ជាប្រភេទរឿងដុំចាក់បញ្ចាំងតាមរោងភាពយន្តនានា និងទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន។

 


ដោយឡែកនៅឆ្នាំ ២០២១ នេះ ទូរទស្សន៍ ភីអិនអិន និងផលិតកម្ម ភូមិពេជ្រ បានសហការគ្នា ផលិតភាព យន្តខ្នាតធំនេះឡើងវិញ ដោយមានវត្តមានសិល្បករសិល្បការីនី ថ្មីចាស់ ជាច្រើនចូលរួមសម្តែង ក្នុងនោះក៏មានវត្តមានតារាជើងចាស់លោក ទេព រិនដារ៉ូ ចូលរួមសម្តែងផងដែរ ។ 

 


លោក ទេព រិនដារ៉ូ បានបង្ហាញនូវអារម្មណ៍ពិតរបស់ខ្លួនថា លោកពិតជាសប្បាយរីករាយណស់ ដែលមានឱកាសបានចូលរួមសម្តែងក្នុងភាពយន្ត ខ្នាតធំប្រចាំឆ្នាំ និងជារឿង និទានខ្មែរ ដ៏ល្បី ទោះបីជាកន្លងមកមានផលិតកម្មជាច្រើនបានថតរឿងនេះក្តី តែចំពោះលោក មិនធ្លាប់បានឆ្លងកាត់ការសម្តែង   ម្តងណាឡើយ ។

 

 


ថ្វីដ្បិតតែរឿង « មរណមាតា » ជាប្រភេទរឿងបុរាណ តែលោក ទេព រិនដារ៉ូ មិនត្រូវបានអ្នកដឹកនាំរឿងជ្រើសរើសសម្តែងជាតួស្តេចដូចមុនៗឡើយ លោកបាននិយាយថា លើកនេះលោកត្រូវសម្តែងជាតួឪពុករបស់នាង កុល កេសី ជារាស្រ្តធម្មតា មិនមែនជាតួស្តេចដូចរឿងមុនៗទេ ដោយសារក្នុងរឿងនេះតម្រូវឱ្យមានតែតួស្តេចវ័យក្មេង មិនមានតួស្តេចឪពុកឡើយ ។ នេះជាបទពិសោធថ្មីមួយទៀតសម្រាប់លោកក្នុងឆ្នាំ ២០២១ ។ 

 


មកទល់ពេលនេះលោក ទេព រិនដារ៉ូ ប្រលូកក្នុងសិល្បៈជាង ៣០ ឆ្នាំហើយ ហើយលោកនៅតែអាចរក្សាកេរ្តិ៍ក្នុងវិស័យនេះបានយ៉ាងល្អ ជាក់ស្តែងក្នុងមួយឆ្នាំៗលោកទទួលថតរឿងជាច្រើន លោកថែមទាំងនិយាយថា លោកនឹងបន្តអាជីពនេះតទៅមុខទៀត ដោយគ្មានថ្ងៃលាឈប់ឡើយ ដរាបណាម្ចាស់ផលិតកម្មនៅតែពេញចិត្តហៅលោកថតជាបន្តបន្ទាប់  ៕ 
 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024