ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

រំដួលលិចទឹក គ្រោងរៀបចំកម្មវិធីបង្ហាញម៉ូដទ្រង់ទ្រាយធំ 

០៤ មីនា ២០២១ | កម្សាន្ដ


 

រំដួលលិចទឹក អ្នកច្នៃម៉ូដ និងអ្នក Make up ដ៏ចំណានដែលគ្រប់គ្នាតែងឃើញវត្តមានតាមកម្មវិធីសិល្បៈជាញឹកញាប់ ទើបបង្ហើបឲ្យដឹងថា នាងគ្រោងបង្កើតកម្មវិធីបង្ហាញម៉ូដទ្រង់ទ្រាយធំមួយ ដែលផ្តោតលើបរិស្ថាន ព្រៃឈើ និងសិល្បៈវប្បធម៌ខ្មែរ។ 

 


អ្នកច្នៃម៉ូដ និងជាអ្នក Make up ដ៏ចំណាន រំដួលលិចទឹក ដែលឈ្មោះដើម ម៉ិញ ចាន់វ៉ាន់ដា ថ្មីៗនេះបង្ហើបឲ្យកម្មវិធីសិល្បៈកម្សាន្តភីអិនអិនដឹងថា ខ្លួនគ្រោងរៀបចំកម្មវិធីបង្ហាញម៉ូដទ្រង់ទ្រាយធំមួយ ដែលកម្មវិធីនេះត្រូវសាម៉ីខ្លួនឲ្យដឹងថាជាគម្រោងការផ្ទាល់ខ្លួនដែលគ្រោងរៀបចំឡើង។

 


យ៉ាងណាមិញ រហូតមកទល់ពេលនេះគ្រោងការនេះនៅមិនទាន់លេចចេញជារូបរាងឡើយ ដោយសារបញ្ហាកូវីដ១៩ផ្ទុះឡើងសារជាថ្មី ម៉្យាង ដោយសារខ្វះខាតដៃគូរសហការលើការរៀបចំផង។ នេះបើតាមការឲ្យដឹងពីអ្នកច្នៃម៉ូដរំដួលលិចទឹក។

 

 

តាមការបញ្ជាក់បន្ថែមពីសាម៉ីខ្លួន កម្មវិធីបង្ហាញម៉ូដទ្រង់ទ្រាយធំនេះ នឹងធ្វើឡើងផ្តោតលើបរិស្ថាន ព្រៃឈើ សិល្បៈវប្បធម៌ជាតិ។ ក្នុងនោះ Collection សម្លៀកបំពាក់ដែលគ្រោងធ្វើសម្រាប់កម្មវិធី ជាប្រភេទសម្លៀកបំពាក់ច្នៃប្រឌិតប្លែកៗ ដែលនឹងលើកឡើងពីបរិស្ថាន ព្រៃឈើ សិល្បៈវប្បធម៌ជាតិខ្មែរ។

 


គោលបំណងដែលជម្រុញឲ្យបុរសតែងខ្លួនបែបជានារីអភិរក្សនិយម ងារ រំដួលលិចទឹក រៀបចំកម្មវិធីនេះឡើង គឺព្រោះនាងចង់ផ្សព្វផ្សាយពីវិស័យហ្វេសសិន និងសិល្បៈនៃការច្នៃបង្កើតថ្មីអំពីរបស់ធម្មជាតិ ច្នៃចេញពីធនធានធម្មជាតិកម្ពុជា ធ្វើយ៉ាងណាលើកស្ទួយវិស័យទេសចរណ៍ និងកាត់បន្ថយការប្រើប្រាស់ចង់ប្លាស្ទិក។

 

 

លើសពីនេះ កម្មវិធីនេះ គ្រោងបង្កើតឡើងដើម្បីជួយជម្រុញគាំទ្រលើវិស័យសិល្បៈ ក៏ដូចជាវិស័យហ្វេសសិនឲ្យត្រឡប់មកវិញម្តងទៀតផងដែរ ទោះបីកម្ពុជាបានកំពុងជួបវិបត្តម្តងទៀតក្តី។ រំដួលលិចទឹក តាមរយៈកម្មវិធីបង្ហាញម៉ូដនេះ ក៏មានបំណងជម្រុញឲ្យវិស័យទេសចរណ៍ត្រឡប់វិញផងដែរ។

 


អ្នកច្នៃម៉ូដនិយមអភិរក្សរបស់ធម្មជាតិរូបនេះថា ខ្លួនពិតជារីករាយប្រសិនបើក្រុមហ៊ុនឯកជននានា បានឃើញ និងដឹងឮពីគ្រោងការកម្មវិធីនេះតាមរយៈការផ្សព្វផ្សាយលើកញ្ចក់ទូរទស្សន៍ទំនើបភីអិនអិននៅពេលនេះ។ អ្វីដែលអ្នកជំនាញច្នៃម៉ូដរូបនេះចង់បាន មិនត្រឹមតែដៃគូរសហការឧបត្ថមប៉ុណ្ណោះទេ តែនាងត្រូវការការចូលរួមគាំទ្រពីមហាជនគ្រប់គ្នា។ តាមការគ្រោង កម្មវិធីបង្ហាញម៉ូដទ្រង់ទ្រាយធំនេះ នឹងមានការលក់សំបុត្រចូលទស្សនា។

 


គួររំលឹកថា លោក ម៉ិញ ចាន់វ៉ាន់ដា ដែលគ្រប់គ្នាស្គាល់ថា រំដួលលិចទឹក គឺជាអ្នកជំនាញច្នៃម៉ូដ និងផាត់មុខដ៏ប៉ិនប្រសប់។ ដោយទេពកោសល្យ និងសមត្ថភាពលើការតុបតែង និងស្រាវជ្រាវតាំងពីកំណើត រំដួលលិចទឹក ត្រូវបានជ្រើសរើសជាសិល្បករអាហារូបករណ៍ទស្សនវប្បធម៌ឆ្នាំ ២០១៧ របស់អង្គការ សិល្បៈខ្មែរអមតៈ។

 


ទេពកោសល្យ និងភាពច្នៃប្រឌិតម៉ូដដោយធ្វើការស្រាវជ្រាវ និងប្រើប្រាស់ឡើងវិញនូវវត្ថុសម្ភារស្លឹកឈើ គ្រាប់ធញ្ញជាតិ ផលានុផល ដែលជាផ្នែកមួយនៃវប្បធម៌ និងប្រពៃណីខ្មែររបស់ រំដួលលិចទឹក មិនត្រឹមធ្វើឲ្យនាងល្បីឈ្មោះក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តែកេរ្តិ៍ឈ្មោះរបស់ត្រូវបានខ្ចរខ្ចាយទៅក្រៅប្រទេសជាញឹកញាប់ តាមរយៈស្ទីលនៃការតុបតែងខ្លួនប្លែកៗ ពេញដោយគំនិតច្នៃប្រឌិត រួមទាំងស្ទីលនៃការថតរូបរបស់នាង។ 

 

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ភីអិនអិន និងផ្តល់ឲ្យ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024