ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ថៃ ចាប់ផ្តើមសិក្សាពីការប្រើប្រាស់ លិខិតឆ្លងដែនកូវីដ

០៣ មីនា ២០២១ | សេដ្ឋកិច្ច

 

នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ច័ន្ទអូចា បានបញ្ជាឲ្យរាជរដ្ឋាភិបាលថៃ ចាប់ផ្តើមសិក្សាទៅលើ ការប្រើប្រាស់លិខិតឆ្លងដែនកូវីដ ដើម្បីឆ្លើយតបទៅនឹង ការហោះហើរនាពេលអនាគត ក្រោមបរិបទរស់នៅថ្មី «New Normal» ដែលកំពុងតែត្រូវបានពិភាក្សាយ៉ាងក្តៅគគុកជុំវិញសកលលោក។ នេះបើយោងតាម កាសែតក្នុងស្រុកថៃ ចេញផ្សាយនៅក្នុងថ្ងៃនេះ។


ថ្នាក់ដឹកនាំប្រទេសថៃ បានចាត់ ក្រសួងការបរទេស ឲ្យធ្វើការសិក្សាពី លិខិតឆ្លងដែនប្រភេទថ្មី ដែលបញ្ជាក់ថា បុគ្គលរូបនោះ បានចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគកូវីដ១៩រួចហើយ និងត្រូវតែជា វ៉ាក់សាំងដែលបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលថៃ។


យ៉ាងណាក៏ដោយ លោក ប្រាយុទ្ធ ច័ន្ទអូចា បានបញ្ជាក់ថា យើងពុំទាន់អាចសន្និដ្ឋានបាននៅឡើយទេ ថាប្រព័ន្ធលិខិតឆ្លងដែនកូវីដ អាចនឹងត្រូវបានប្រើប្រាស់ និងទទួលស្គាល់នៅថ្នាក់អន្តរជាតិ។


ទោះយ៉ាងណាក៏ដោយ ការសិក្សានៅពេលនេះ គឺជាការត្រៀមខ្លួនឲ្យបានរួចរាល់ សម្រាប់ការប្រើប្រាស់នាពេលអនាគត ដូច្នេះហើយ ប្រទេសថៃ អាចនឹងតាមទាន់បណ្តាប្រទេសដទៃ នៅពេលដែលចាប់ផ្តើមប្រើប្រាស់លិខិតឆ្លងដែនថ្មីនេះ។

 


នៅតាមបណ្តាប្រទេសជឿនលឿនដូចជា អាមេរិក អង់គ្លេស និងសហភាពអឺរ៉ុបជាដើម កំពុងតែពិចារណាទៅលើ ការធ្វើលិខិតឆ្លងដែនឌីជីថល សម្រាប់បញ្ជាក់ដល់ ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគកូវីដ១៩នេះ។

 


ទោះយ៉ាងណាក៏ដោយ អ្នកជំនាញបានស្នើឲ្យ រាជរដ្ឋាភិបាលថៃ ធ្វើកិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសនីមួយៗ ដើម្បីជម្រុញវិស័យទេសចរណ៍ជាមុនសិន បើទោះបីជានៅតាមបណ្តាប្រទេសនានា ការទទួលស្គាល់លិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ គឺនៅតែខុសគ្នា និងផ្សេងពីគ្នា៕

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ   

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024