ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ការលក់ស្មាតហ្វូននៅក្នុងប្រទេសថៃ ធ្លាក់ចុះ ១៨% ក្នុងឆ្នាំ២០២០

០២ មីនា ២០២១ | សេដ្ឋកិច្ច


 

ការលក់ទូរស័ព្ទស្មាតហ្វូននៅក្នុងប្រទេសថៃ សម្រេចបានជាង ១៦លានគ្រឿងក្នុងឆ្នាំ ២០២០ ដែលធ្លាក់ចុះ ១៨% ធៀបនឹងឆ្នាំ ២០១៩ ហើយការថមថយចុះនេះ គឺដោយសារតែសម្ពាធពីវិបត្តិមេរោគកូវីដ១៩ តែយ៉ាងណា ក្នុងឆ្នាំ ២០២១នេះ គឺរំពឹងថា ស្មាតហ្វូន ដែលបំពាក់ទៅដោយប្រព័ន្ធបច្ចេកវិទ្យា 5G នឹងរុញច្រានកំណើនប្រើប្រាស់ឡើងវិញ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ នៅក្នុងថ្ងៃនេះ។

 

ក្រុមហ៊ុនស្រាវជ្រាវបច្ចេកវិទ្យាថៃ បានគូសបញ្ជាក់ថា ក្នុងឆ្នាំ ២០២០ ស្មាតហ្វូនរបស់ចិន គឺលក់ដាច់ជាងគេបំផុត នៅក្នុងប្រទេសថៃ តួយ៉ាងស្មាតហ្វូនម៉ាក Xiaomi ជាលំដាប់ថ្នាក់លេខ ១ ដែលមានលក់បានជាង ២លាន ៦សែនគ្រឿង ស្មើនឹង ១៦% នៃចំណែកទីផ្សារសរុប។


ដោយឡែកស្មាតហ្វូនរបស់ចិនដដែល ម៉ាក OPPO លក់បានជាង ២លាន ៥សែនគ្រឿងផងដែរ ខណៈស្មាតហ្វូនដ៏ល្បី Samsung លក់បានជាង ១លាន ៧សែនគ្រឿង និង Apple លក់បានជាង ១លាន ២សែនគ្រឿង។


នៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២០កន្លងទៅ ការលក់ស្មាតហ្វូនក្នុងប្រទេសថៃ សម្រេចបាន ៤លាន ៥សែនគ្រឿង ធ្លាក់ចុះ ១៧% ដោយក្នុងនោះស្មាតហ្វូនរបស់ចិនដដែល គឺ OPPO ឈរនៅលំដាប់ទី ១ ដែលលក់បានជាង ៧សែនគ្រឿង។

 


អ្នកជំនាញបានអះអាងថា ការលក់ស្មាតហ្វូនទូទាំងសកលលោក លក់បាន ៣៨៤លានគ្រឿង ពោលគឺធ្លាក់ចុះ ៥% ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២០កន្លងទៅ។
សូមជម្រាបថា សម្រាប់ឆ្នាំ ២០២០ ការលក់ស្មាតហ្វូនទូទាំងសកលលោក សម្រេចបានជាង ១ពាន់ ៣រយលានគ្រឿង ធ្លាក់ចុះ ១២% ធៀបនឹងឆ្នាំ ២០១៩៕
 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024