ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

២ខែដើមឆ្នាំ វៀតណាម សម្រេចអតិរេកពាណិជ្ជកម្មជាង ១,៣ពាន់លានដុល្លារ

០២ មីនា ២០២១ | សេដ្ឋកិច្ច


 

គិតចាប់ពីខែមករា ដល់ខែកុម្ភៈកន្លងទៅនេះ ប្រទេសវៀតណាម នៅតែធ្វើបានល្អក្នុងមុខជំនួញពាណិជ្ជកម្មរបស់ខ្លួន ដោយសម្រេចបាននូវ អតិរេកពាណិជ្ជកម្មជាង ១ពាន់ ៣រយលានដុល្លារអាមេរិក ដោយក្នុងនោះការនាំចេញរបស់វៀតណាម សម្រេចបានប្រមាណ ៤៨ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មាន Vietnam Express នៅថ្ងៃនេះ។

 


ក្នុងរយៈពេល ២ខែ ដើមឆ្នាំ ២០២១នេះ វៀតណាម សម្រេចនូវ ការនាំចេញទំនិញនិងសេវាកម្មប្រមាណ ៤៨ពាន់លានដុល្លារអាមេរិក ដែលមានការកើនឡើងដល់ទៅ ២៣% ខណៈការនាំចូលទំនិញមកវិញ គឺមានជាង ៤៧ពាន់លានដុល្លារអាមេរិក ដែលមានកំណើន ២៦% ផងដែរ។


ផលិតផលឧស្សាហកម្មធនធ្ងន់ និងធនធានរ៉ែ ជាទំនិញនាំចេញច្រើនជាងគេ ដែលមានតម្លៃជាង ២៦ពាន់លានដុល្លារអាមេរិក ខណៈទំនិញនៅក្នុងឧស្សាហកម្មធនស្រាល និងសិប្បកម្ម មានតម្លៃនាំចេញជាង ១៧ពាន់លានដុល្លារអាមេរិក។


ប្រទេសចិន នៅតែជាអ្នកទិញទំនិញវៀតណាមច្រើនជាងគេបំផុត ដែលមានទំហំទឹកប្រាក់ជាង ១៧ពាន់លានដុល្លារអាមេរិក ហើយប្រទេសកូរ៉េខាងត្បូង ឈរនៅលេខរៀងទី ២។


គួររម្លឹកដែរថា នៅក្នុងឆ្នាំ ២០២០ ដែលមានបញ្ហាប្រឈមជាច្រើន ពាក់ព័ន្ធនឹងវិបត្តិមេរោគកូវីដ១៩នោះ ប្រទេសវៀតណាម អាចសម្រេចបានការនាំចេញផលិតផល និងសេវាកម្មប្រមាណ ២៨១ពាន់លានដុល្លារអាមេរិក ដែលមានកំណើន ៦% ធៀបនឹងឆ្នាំ ២០១៩ ហើយលើសពីនេះទៅទៀតគឺ វៀតណាម រក្សាបាននូវ តុល្យភាពពាណិជ្ជកម្មវិជ្ជមាន ប្រមាណ ១៩ពាន់លានដុល្លារអាមេរិកថែមទៀត៕
 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024