ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

ជំនួញពាណិជ្ជកម្មតាមព្រំដែនរបស់ថៃ សម្រេចកំណើន ៦%

០២ មីនា ២០២១ | សេដ្ឋកិច្ច

 

រាជរដ្ឋាភិបាលថៃ បង្ហាញក្តីរំពឹងថា ជំនួញពាណិជ្ជកម្មនៅតាមព្រំដែនរបស់ថៃ នឹងអាចសម្រេចកំណើនចន្លោះពី ៣ ទៅ ៦% នៅក្នុងឆ្នាំ ២០២១នេះ ដែលរុញច្រានដោយការប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ និងភាពប្រសើរឡើងវិញនៃសេដ្ឋកិច្ចសកល។ នេះបើយោងតាម កាសែតក្នុងស្រុកថៃ ចេញផ្សាយនៅថ្ងៃនេះ។


លោក គី រ៉ាទី អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិថៃ បានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មឆ្លងព្រំដែនរបស់ថៃ អាចនឹងសម្រេចបានជាង ៤៦ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២១នេះ កើនឡើងពី ៤៣ពាន់លានដុល្លារអាមេរិក ដែលសម្រេចបានកាលពីឆ្នាំ ២០២០កន្លងទៅ។


យ៉ាងណាក៏ដោយ ពាណិជ្ជកម្មតាមព្រំដែនរបស់ថៃ ក្នុងឆ្នាំ ២០២០ គឺធ្លាក់ចុះត្រឹមតែ ១% បើទោះបីជាត្រូវប្រឈមមុខនឹងបញ្ហាមេរោគកូវីដ១៩ ដោយមានការរឹតបន្តឹងនៅតាមច្រកព្រំដែននីមួយៗក៏ដោយ។


ក្នុងឆ្នាំ ២០២០ ថៃ សម្រេចការនាំចេញទំនិញ ២៥ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ២% ខណៈការនាំចូលទំនិញតាមព្រំដែនមកវិញ មានជាង ១៨ពាន់លានដុល្លារអាមេរិកធ្លាក់ចុះ ១%។


ប្រទេសម៉ាឡេស៊ី នៅតែជាដៃគូពាណិជ្ជកម្មតាមព្រំដែន ធំជាងគេបង្អស់របស់ថៃ ដោយសម្រេចបានជាង ៨ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ៩% ខណៈ កម្ពុជាជាមួយថៃ សម្រេចបានជាង ៥ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ៣%។


លោក គី រ៉ាទី បង្ហាញក្តីជឿជាក់ដែរថា ថៃ និងប្រទេសក្បែរខាង នឹងអាចលូតលាស់ឡើងវិញបានក្នុងឆ្នាំនេះ ហើយតម្រូវការប្រើប្រាស់ទំនិញ នឹងបន្តកើនឡើងវិញ ជាពិសេសនៅក្នុងប្រទេសម៉ាឡេស៊ី ឡាវ និងកម្ពុជា។

 


សូមជម្រាបដែរថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-ថៃ កាលពីឆ្នាំ ២០២០កន្លងទៅ សម្រេចបានជាង ៧ពាន់ ២រយលានដុល្លារអាមេរិក ធ្លាក់ចុះដល់ទៅ ២៣% ធៀបនឹងឆ្នាំ ២០១៩ ហើយក្នុងនោះ កម្ពុជា នាំចេញទៅកាន់ ថៃជាង ១ពាន់ ១រយលានដុល្លារអាមេរិក ហើយថៃ នាំចូលមកកម្ពុជាវិញជាង ៦ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យ ថៃ អាចសម្រេចនូវ អតិរេកពាណិជ្ជកម្មជិត ៥ពាន់លានដុល្លារអាមេរិក៕
 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024