ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

អ្នកការទូត​ភូមា​​អំពាវនាវ​ឲ្យ​​អង្គការ​សហប្រជាជាតិ​​​ចាត់​វិធានការ​បញ្ឈប់សកម្មភាព​ធ្វើ​រដ្ឋ​ប្រហារ​ពី​សំណាក់​ពួក​យោធា​​​

២៧ កុម្ភៈ ២០២១ | ព័ត៌មានអន្តរជាតិ

 

 

​ឯក​អគ្គ​រដ្ឋ​ទូត​ប្រទេស​ភូមា​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​បង្ហាញ​គោល​ជំហរ​ប្រឆាំង​ជំទាស់​នឹង​របប​យោធា​​ ដែល​​ធ្វើ​រដ្ឋ​ប្រហារ​ផ្ដួល​រំលំ​លោក​ស្រី​អង់សាន​ស៊ូជី​ពី​តំណែង​ និង​ចាប់​លោក​ស្រី​​ដាក់​ឃុំ​ថែម​ទៀត​។​​

 

 

 

 

 

លោក​ឯក​អគ្គរដ្ឋ​ទូត​ខ្យាវម៉ូទុន (Kyaw Moe Tun) ​​​បាន​អំពាវនាវ​ឲ្យ​អង្គការ​សហប្រជាជាតិ​ប្រើប្រាស់​មធ្យោបាយ​ចាំបាច់​គ្រប់​យ៉ាង​ ដើម្បី​ឲ្យ​របប​យោធា​វិល​មក​រក​គន្លង​ប្រជាធិបតេយ្យ​ឡើង​វិញ​។ លោក​​​ថ្លែង​នៅ​ក្នុង​​​មហាសន្និបាត​អង្គ​ការ​សហប្រជាជាតិ​​, បន្ទាប់ពី​ប្រេសិត​ពិសេស​របស់​អង្គការ​នេះ​​ប្រកាស​ថា​ប្រទេស​ដទៃ​ទៀត​មិន​គួរ​ទទួល​ស្គាល់​របប​យោធា​នៅភូមា​ទេ​។

 

 

ទោះ​ជា​យ៉ាងណា​ក្ដី, ពួកយោធា​ទំនង​ជា​កាន់អំណាច​យ៉ាង​តិច​១​ឆ្នាំ​ទៅ​មុខ​ទៀត​ ដោយ​យោង​ទៅ​តាម​ការ​ដាក់​ប្រទេស​នៅ​ក្នុង​គ្រា​អាសន្ន​។ ពួក​គេ​​សន្យា​ថា​​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោ​ត​ប្រកប​ដោយ​ភាព​សេរី និង​យុត្តិធម៌​។​ ​អំពើ​រដ្ឋ​ប្រហារ​នេះ​មិន​ទាន់​មាន​ប្រទេស​ណា ឬ​ស្ថាប័ន​អន្តរជាតិ​ណា​​ប្រកាស​គាំទ្រ​នៅ​ឡើយ​ទេ មាន​តែ​ប្រកាស​ថ្កោលទោស និង​ដាក់​ទណ្ឌកម្ម ឬ​មាន​តែ​​​ប្រទេស​ដែល​សុខ​ចិត្ត​នៅ​ស្ងៀម​​។

 

 

 

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​​ទោះបី​មិន​បាន​ថ្កោលទោស​ ប៉ុន្តែ​​បាន​អំពាវនាវ​ឲ្យ​ពួក​យោធា​ងាក​មក​រក​ផ្លូវ​ត្រូវ​​​ ដោយ​ដោះ​លែង​លោកស្រី​អង់សានស៊ូជី​, ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​វិល​ទៅ​រក​គន្លង​ប្រជាធិបតេយ្យ​ឡើង​វិញ​៕

 

 

 

 

ប្រែសម្រួល៖អនសំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024