ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

លោក​ប្រាយុទ្ធ​ចាន់អូចា​មិន​បដិសេធ​​នូវ​លទ្ធភាព​នៃ​ការ​រុះ​រើគណៈ​រដ្ឋមន្ត្រី​ទេ,​ ខណៈ​ដែល​​​រដ្ឋ​មន្ត្រី​៣​នាក់​ត្រូវ​ជាប់​ពន្ធនាគារ​​​

២៧ កុម្ភៈ ២០២១ | ព័ត៌មានអន្តរជាតិ

 

នាយករដ្ឋមន្ត្រី​ថៃ​ លោក​ប្រាយុទ្ធ​ចាន់អូចា មិន​បដិសេធ​ទេ​ ​​នូវ​លទ្ធភាព​នៃ​ការ​រុះ​រើ​គណៈ​រដ្ឋមន្ត្រី​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក​ដែល​កំពុង​រង​ការ​រង្គោះ​រង្គើ​​ជា​បណ្ដើរ​ៗ​។ កាលពី​ពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រី​ចំនួន​បី​នាក់​បាន​បាត់​បង់​តំណែង​ និង​ត្រូវចាប់​បញ្ជូន​ទៅ​ឃុំ​ឃាំង​នៅ​ក្នុង​ពន្ធនាគារ​ ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា​ពួក​គេ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​នៅ​ក្នុង​ពេល​ហែ​បាតុកម្មកាលពី​អំឡុង​ឆ្នាំ​២០១៣-២០១៤​ ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​​ស្រី​យីងឡាក់​​​។​​

 

 

 

 

 

 

 

ពាក់​ព័ន្ធនឹង​សំណួរ​ថា​ «តើ​​លោក​នឹង​រក​មនុស្ស​មក​ជំនួស​​តំណែង​ដែល​នៅ​ទំនេរ​​ទាំង​បីនោះ​ដែរ​ឬ​ទេ​​?» លោក​ប្រាយុទ្ធ​ចាន់​អូចា​ថ្លែង​ថា​លោក​កំពុង​តែ​ពិចារណា​ពី​រឿង​នេះ​។​ លោក​​​​ថា​​រដ្ឋាភិបាល​​កំពុង​​ផ្ដោត​សំខាន់​លើ​តំណែង​ទាំង​បី​នេះ​សិន​។ ប៉ុន្តែ​​បើ​មាន​ការ​ស្នើ​សុំ​រុះ​រើ​តំណែង​ដទៃ​ទៀត​ លោក​នឹង​​ពិនិត្យ​មើល​ តើ​វា​ជា​រឿង​​សម​ហេតុ​ផល​ដែរ​ឬ​ទេ​​។​ តំណែង​ទាំង​៣​នោះ​មានរដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​, ​រដ្ឋមន្ត្រី​ក្រសួង​អប់​រំ និង​​អនុ​រដ្ឋ​មន្ត្រី​ក្រសួង​​ដឹក​ជញ្ជូន​។ ​

 

 

 

តុលាការ​​រក​ឃើញ​ថា​​ពួក​គេ​មាន​ទោស​​ពី​បទ​ប្រើ​ប្រាស់​អំពើ​ហិង្សា​នៅ​ពេល​ហែ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​ស្រី​យីងឡាក់​​។​ ​តាម​ផ្លូវ​ច្បាប់​ ​ពួក​គេ​អាច​ប្ដឹង​ទាស់​ទៅ​ឧទ្ធរណ៍​ជា​បន្ត​ទៀត​ ប៉ុន្តែ​តាម​ផ្លូវ​ច្បាប់​ដដែល​ ពួក​គេ​ត្រូវ​បាត់​បង់​មុខ​តំណែង​ដោយ​ស្វ័យ​ប្រវត្តិ​។​ ​

 

 

 

លោក​ប្រាយុទ្ធចាន់អូចា​ថ្លែង​ថា​នៅ​សប្ដាហ៍​ក្រោយ, ​រដ្ឋាភិបាល​នឹង​ប្រកាស​តែង​តាំង​​បេក្ខជន​ដែល​ត្រូវ​មក​កាន់​តំណែង​ទាំង​នេះ​ជា​បណ្ដោះ​អាសន្ន​​។ ចំណែក​ការ​រក​មនុស្ស​មក​កាន់​​តំណែង​ទាំង​នោះ​​ពេញ​សិទ្ធិ​អាច​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ ប៉ុន្តែ​លោក​យល់​ថា​​រឿង​នេះ​មិន​​ប្រញាប់​ប្រញាល់​ពេកទេ​។​

 

 

តើ​លោក​ប្រាយុទ្ធ​ចាន់អូចា​បារម្ភ​ទេ​ថា​​បក្ស​ដទៃ​ទៀត​នៅ​ក្នុង​​ជួរ​រដ្ឋាភិបាល​ចម្រុះ​អាច​នឹង​ឆ្លៀត​​នៅ​ក្នុង​ស្ថានការណ៍​លំបាក​នេះ ដើម្បី​ទាមទារ​មុខ​​​​តំណែង​រដ្ឋមន្ត្រី​​ខ្លះ​ដែរឬ​ទេ​​?​​ លោក​ប្រាយុទ្ធ​ចាន់អូចា​​​ប្រមើល​ឃើញ​ថា​​រឿង​នេះ​​ប្រហែល​ជា​មិន​ទាន់​កើត​ឡើង​​​ទេ​។​ ​​​ទោះ​ជា​យ៉ាង​ណា​ក្ដី, បើ​យោង​តាម​ប្រភព​ពី​​គណបក្ស​ផាឡាំង​ប្រឆាឆាត​​របស់​លោក​ប្រាយុទ្ធអូចា, ​គណបក្ស​​​ដៃគូ​ខ្លះ​​កំពុង​តែ​កិចកុក​ចង់​បែង​ចែក​​​តំណែង​នៅ​ក្នុង​គណៈ​រដ្ឋ​មន្ត្រី​សាជា​ថ្មី៕

 

 

 

 

 

ប្រែសម្រួល៖អនសំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024