ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ស្ថានទូតខ្មែរ​នៅកូរ៉េបង្កើត​គម្រោងអប់រំ​កុមារតូច

២៧ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

ជំនួយការឯកឧត្តមឯកអគ្គរាជទូតកម្ពុជា ទទួលបន្ទុកកិច្ចការងារស្ត្រី និងនិស្សិត កញ្ញា ស្រ៊ុន ស្រីនាង បានដឹកនាំនិស្សិត២រូប ជាគ្រូបង្រៀនស្ម័គ្រចិត្ត ជួបពិភាក្សាការងារលើគម្រោងអប់រំដល់កុមារតូចៗមានដើមកំណើតពីម្តាយ ឬឪពុកជនជាតិខ្មែរ។

 

 


កិច្ចពិភាក្សានេះបានធ្វើឡើងកាលពីថ្ងៃសុក្រម្សិលមិញ ដោយមានការចូលរួមពីលោកស្រី Bia Lee ប្រធានគ្រប់គ្រងកិច្ចការទូទៅ នៃមជ្ឈមណ្ឌលគាំពារជនបរទេស​ទីក្រុង សុងណាំ សាធារណៈរដ្ឋកូរ៉េ។

 

 

បើតាមខ្លឹមសារបង្ហោះលើទំព័រហ្វេសប៊ុកស្ថានទូត ជាលទ្ធផល គឺក្រុម​ការងារ​កំណត់​តួនាទី និងភារកិច្ចជាបន្ទុករបស់ស្ថានទូត និងមជ្ឈមណ្ឌល ហើយគម្រោងនេះនឹងចាប់ផ្តើមដំណើរការពីថ្ងៃ៣ ខែមេសា ដល់ ១១ ខែធ្នូ  ឆ្នាំ ២០២១ ដោយ​បែង​ចែកជា២ឆមាស។ 

 


ដោយយកចិត្តទុកដាក់ខ្ពស់លើគុណភាពនៃការអប់រំ ក្រុមការងារក៏បានការរៀប​ចំសំភារៈឧបទេស និងកិច្ចតែងការបង្រៀន ព្រមទាំងវិធីសាស្រ្តបង្រៀន​យ៉ាងត្រឹមត្រូវផងដែរ។ ក្រុមការងារបានឯកពដាក់កម្មវិធីសម្ភោធបើកដំណើរការ​គម្រោងគ្រោងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង។

 

សូមបញ្ជាក់ថាពិធីសម្ពោធនឹងធ្វើឡើងតាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីប្រធានក្រុមការងារស្រ្តី នាយកមជ្ឈមណ្ឌល សមាគមនិស្សិត ព្រមទាំងបងប្អូនស្រ្តីវ​អនិកជន និងកុមារជាកូនសិស្សប្រមាណ១៥នាក់ (online) ៕

 

អត្ថបទ៖ រ៉េន រតនៈ, រូបភាព៖ ស្ថានទូត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024