ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ សម្រេចបាន ៦៥០លានដុល្លារ ក្នុងខែមករា

២៦ កុម្ភៈ ២០២១ | សេដ្ឋកិច្ច

 

ទំហំពាណិជ្ជកម្មទ្វេភាគីរវាង ប្រទេសកម្ពុជា និងប្រទេសថៃ សម្រេចបានជាង ៦៥៣លានដុល្លារអាមេរិក នៅក្នុងខែមករា ដើមឆ្នាំ២០២១នេះ ដែលតួលេខនេះគឺ ធ្លាក់ចុះ ១០% ធៀបនឹងខែមករា ឆ្នាំ ២០២០ ដែលនាពេលនោះ ទំហំពាណិជ្ជកម្មទ្វេភាគី សម្រេចបាន ៧៣១លានដុល្លារអាមេរិក។ នេះបើយោងតាមទិន្នន័យផ្លូវការ ដែលចេញផ្សាយដោយ ក្រសួងពាណិជ្ជកម្មថៃ។

 

នៅក្នុងខែមករា កម្ពុជា បាននាំចេញទំនិញជាង ១១៣លានដុល្លារអាមេរិក ទៅកាន់ប្រទេសថៃ ដែលមានការធ្លាក់ចុះ ៤% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ខណៈ ទំនិញដែល ថៃ នាំចេញមកកាន់ កម្ពុជា វិញ សម្រេចបានជាង ៥៤០លានដុល្លារអាមេរិក ដែលធ្លាក់ចុះ ១១%។


ប្រភពដដែលបានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-ថៃ កាលពីឆ្នាំ ២០២០កន្លងទៅ សម្រេចបានជាង ៧ពាន់ ២រយលានដុល្លារអាមេរិក ធ្លាក់ចុះដល់ទៅ ២៣% ធៀបនឹងឆ្នាំ ២០១៩ ហើយក្នុងនោះ កម្ពុជា នាំចេញទៅកាន់ ថៃជាង ១ពាន់ ១រយលានដុល្លារអាមេរិក ហើយថៃ នាំចូលមកកម្ពុជាវិញជាង ៦ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យ ថៃ អាចសម្រេចនូវ អតិរេកពាណិជ្ជកម្មជិត ៥ពាន់លានដុល្លារអាមេរិក។ 


ដោយឡែក ក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញទៀតថា នៅក្នុងខែមករានេះ ថៃ សម្រេចនាំចេញជាង ១៩ពាន់ ៧រយលានដុល្លារអាមេរិក ទៅកាន់ទីផ្សារអន្តរជាតិ និងនាំចូលមកវិញជាង ១៩ពាន់ ៩រយលានដុល្លារអាមេរិក ដែលធ្វើឲ្យ ថៃ មានឱនភាពពាណិជ្ជកម្មជាង ២០០លានដុល្លារអាមេរិក។


កាលពីឆ្នាំ ២០២០កន្លងទៅ រាជរដ្ឋាភិបាលថៃ បានគូសបញ្ជាក់ថា ការនាំចេញទំនិញរបស់ថៃ ធ្លាក់ចុះ ៦% សម្រេចបាន ២៣១ពាន់លានដុល្លារអាមេរិក ខណៈការនាំចូលមកវិញ គឺធ្លាក់ចុះដល់ទៅ ១២% មកនៅត្រឹម ២០៧ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យ ថៃ មានអតិរេកពាណិជ្ជកម្ម ២៤ពាន់លានដុល្លារអាមេរិក។

 


រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃ បានលើកឡើងថា ការនាំចេញទំនិញរបស់ថៃ ធ្វើបានល្អ បើទោះបីជាមានវិបត្តិមេរោគកូវីដ១៩ក៏ដោយ ដែលកាលពីមុន ក្រសួង ព្យាករណ៍ថា ការនាំចេញនឹងធ្លាក់ចុះចន្លោះ ៧% ទៅ ១០% ឯណោះ។

 


សូមជម្រាបដែរថា ក្រសួងពាណិជ្ជកម្មថៃ បានធ្វើការព្យាករណ៍អំពី ការនាំចេញរបស់ថៃ ក្នុងឆ្នាំ ២០២១នេះ ថាអាចនឹងសម្រេចបាន ២៤០ពាន់លានដុល្លារអាមេរិក ដែលមានកំណើន ៤%៕

 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024