ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

វៀតណាម ត្រូវការកម្លាំងពលកម្មបន្ថែម ក្រោយពេលរោងចក្រពង្រីកផលិតកម្ម

២៦ កុម្ភៈ ២០២១ | សេដ្ឋកិច្ច



ខណៈពិភពលោក កំពុងជួបប្រទះនឹងវិបត្តិមេរោគកូវីដ១៩ ដែលធ្វើឲ្យ សេដ្ឋកិច្ចថមថយចុះ នឹងកាត់បន្ថយការងាររាប់លានកន្លែងនោះ ប្រទេសវៀតណាម បែរជាត្រូវការកម្លាំងពលកម្មបន្ថែម នៅពេលដែលរោងចក្រវិនិយោគជាច្រើន ចាប់ផ្តើមពង្រីកចង្វាក់ផលិតកម្មរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មាន Vietnam Express នៅថ្ងៃនេះ។

 

រោងចក្រសហគ្រាសជាច្រើន នៅក្នុងប្រទេសវៀតណាម បានប្រកាសអំពី តម្រូវការកម្លាំងពលកម្មជាច្រើនពាន់នាក់ ដើម្បីចូលមកបម្រើការនៅក្នុង រោងចក្រដែលពង្រីកខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន តួយ៉ាង ក្រុមហ៊ុនជាច្រើន នៅក្នុងសួនឧស្សាហកម្មក្នុងខេត្តដុងណៃ និងប៊ិញឌឿង បានប្រកាសជ្រើសរើសបុគ្គលិកជាច្រើនកន្លែង។


ក្រុមហ៊ុនវាយនភ័ណ្ឌ ថែកក្វាន់ វីណា ដែលជាការវិនិយោគមកពីប្រទេសកូរ៉េខាងត្បូង បានប្រកាសជ្រើសរើសបុគ្គលិក ៣ពាន់នាក់ ឆ្លើយតបទៅនឹងការពង្រីកខ្សែចង្វាក់ផលិតកម្មចំនួន ៤កន្លែង ក្នុងឆ្នាំ ២០២១នេះ ដោយក្រុមហ៊ុនផ្តល់ប្រាក់បៀវត្សន៍ អប្បបរមាជាង ៣០០ដុល្លារអាមេរិក ក្នុងមួយខែ។ 


ក្រុមហ៊ុនវាយនភ័ណ្ឌមួយផ្សេងទៀត ដែលមានឈ្មោះថា ឆាង ស៊ិន វៀតណាម ដែលកំពុងតែមានបុគ្គលិកជាង ៣ម៉ឺន ៥ពាន់នាក់ ក៏បានប្រកាសពីដំណឹងជ្រើសរើសបុគ្គលិកបន្ថែមជាច្រើននាក់ ដើម្បីសាងសង់ការិយាល័យថ្មីបន្ថែមចំនួន ២ទៀត។


បើតាមទិន្នន័យពី រដ្ឋាភិបាលវៀតណាម បានគូសបញ្ជាក់ថា នៅក្នុងខេត្តប៊ិញឌឿង ក្រុមហ៊ុនវិនិយោគក្នុងស្រុក បានប្រមាណជ្រើសរើសបុគ្គលិកជាង ៤ម៉ឺននាក់បន្ថែម នៅក្នុងគ្រប់វិស័យទាំងវាយនភ័ណ្ឌ កែច្នៃឈើ និងឧស្សាហកម្មផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ។


ក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់គ្រឿងបង្គុំដ៏សំខាន់ដល់ក្រុមហ៊ុនបច្ចេកវិទ្យា Apple ក៏បានប្រកាសជ្រើសរើសបុគ្គលិក ១ពាន់នាក់ បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណអនុញ្ញាតឲ្យវិនិយោគសាងសង់រោងចក្រតម្លៃជាង ២៧០លានដុល្លារអាមេរិក។


បើតាមតំណាងពីវិស័យឯកជនបានអះអាងថា កាលពីឆ្នាំ ២០២០កន្លងទៅ ក្រុមហ៊ុនសហគ្រាសជាច្រើន មិនអាចបំពេញទៅតាមការបញ្ជាទិញរបស់អតិថិជនពួកគេឡើយ ដោយសារតែការកាត់ផ្តាច់ដោយ វិបត្តិមេរោគកូវីដ១៩ ដូច្នេះហើយនាពេលនេះ ពួកគេត្រូវការជ្រើសរើសកម្លាំងពលកម្មបន្ថែម ដើម្បីជម្រុញផលិតភាពឲ្យបានខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។

 


សូមជម្រាបដែរថា របាយការណ៍ពី ការិយាល័យស្ថិតទូទៅវៀតណាម បញ្ជាក់ថា វិស័យឧស្សាហកម្មផលិតរបស់វៀតណាម ក្នុងខែមករា ដើមឆ្នាំ ២០២១នេះ មានការកើនឡើងដល់ទៅ ២២% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ ២០២០ ដោយសារតែសេដ្ឋកិច្ចចាប់ផ្តើមធូរស្បើយពី សម្ពាធជម្ងឺកូវីដ១៩ហើយ៕

 

 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024