ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

Tom Holland ផ្លាស់ប្ដូរខ្លួនឯងខ្លាំង ក្នុងភាពយន្តថ្មី “Cherry”

២៦ កុម្ភៈ ២០២១ | កម្សាន្ដ


តារាសម្តែងអង់គ្លេស Tom Holland (ថម ហូលេន) ដែលត្រូវបានស្គាល់ច្រើនតាមរយៈការដើរតួ Spider-Man បានផ្លាស់ប្ដូរខ្លួនឯងយ៉ាងខ្លាំងដើម្បីសម្ដែងជាតួអង្គមនុស្សមានជំងឺផ្លូវចិត្តក្នុងភាពយន្តថ្មី "Cherry" ។



តារាសម្ដែង Tom Holland បានប្រឡូកការសម្ដែងភាពយន្តខ្នាតធំលើកដំបូងក្នុងភាពយន្តគ្រោះស៊ូណាមិ “The Impossible” ហើយក្រោយមកក៏បានល្បីឈ្មោះទូទាំងពិភពលោកនៅពេលត្រូវបានអ្នកដឹកនាំបងប្អូន Russo (រ៉ូសូ) ជ្រើសរើសសម្ដែងជាតួ  Spider-Man នៅក្នុងខ្សែភាពយន្តវីរបុរស “ Captain America: Civil War” នៅឆ្នាំ២០១៦។

 


៥ ឆ្នាំក្រោយមក តារាវ័យ ២៤ ឆ្នាំរូបនេះក៏បានមកសម្ដែងក្នុងភាពយន្តរបស់អ្នកដឹកនាំត្រកូល Russo ជាថ្មី ប៉ុន្តែគឺជាភាពយន្តបែបឧក្រិដ្ឋកម្ម និងមនោសញ្ចេតនា ដោយរឿងថ្មីនេះមានចំណងជើងថា “Cherry”។

 


ភាពយន្ត "Cherry" ត្រូវបានផលិតឡើងដោយតាមប្រលោមលោកពាក់កណ្ដាលជីវប្រវត្តិរបស់លោក Nico Walker (នីកូ វ៉កឃឺ) ដែលមានចំណងជើងដូចគ្នា និងរៀបរាប់ពីរឿងរ៉ាវរបស់កំលោះវ័យ ២៣ ឆ្នាំឈ្មោះ Cherry ដែលបានលង់ស្រលាញ់នារីម្នាក់ ប៉ុន្តែដោយសារឧបសគ្គក្នុងជីវិតជាច្រើន ជាពិសេសក្រោយពីត្រលប់មកពីធ្វើទាហានវាយប្រយុទ្ធក្នុងសង្គ្រាម គេក៏ក្លាយជាមនុស្សមានជំងឺផ្លូវចិត្តរហូតធ្លាក់ខ្លួនញៀនថ្នាំ និងធ្វើជាចោរប្លន់ធនាគារ។

 


Tom Holland បាននិយាយថាគេបានសម្រកទម្ងន់ជិត ១៤ គីឡូក្រាម ដើម្បីសម្ដែងក្នុងឈុតដែលតួអង្គ Cherry ធ្លាក់ខ្លួនដុនដាបបំផុត។
ភាពយន្ត "Cherry" នឹងចាប់ផ្ដើមបញ្ចាំងក្នុងរោងភាពយន្តមួយចំនួននៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី២៦ កុម្ភៈនេះ ហើយនឹងដាក់ឲ្យទស្សនាលើអនឡាញតាមរយៈបណ្ដាញ Apple TV + នៅថ្ងៃទី ១២ ខែមីនា ៕

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024