ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

វៀតណាម ពង្រីកពាណិជ្ជកម្មផ្លែឈើជាមួយនឹងប្រទេសនូវែលសេឡង់

២៦ កុម្ភៈ ២០២១ | សេដ្ឋកិច្ច


ប្រទេសវៀតណាម គ្រោងនឹងនាំចេញផ្លែក្រូចឆ្មារ និងក្រូចថ្លុង ទៅកាន់ ប្រទេសនូវែលសេឡង់ នៅក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីមានការប្តេជ្ញាចិត្តមួយ ត្រូវបានធ្វើឡើងអំឡុងពេលកិច្ចពិភាក្សាកសិកម្មលើកដំបូងរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មាន Vietnam Express។



ថា្នក់ដឹកនាំជាន់ខ្ពស់នៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ហើយនិងនាយកប្រតិបត្តិនៃក្រសួងឧស្សាហកម្មនូវែលសេឡង់ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងការរៀបចំកិច្ចសហប្រតិបត្តិការកសិកម្មរវាងប្រទេសទាំងពីរ បន្ទាប់ពីកិច្ចពិភាក្សាត្រូវបានបញ្ចប់។


ជាលទ្ធផល ភាគីទាំងពីរ អាចនឹងធ្វើការដោះដូរពាណិជ្ជកម្មផ្លែឈើប្រភេទថ្មីៗបន្ថែមទៀត ដោយ វៀតណាម អាចនាំចេញ ផ្លែក្រូចឆ្មារ និងក្រូចថ្លុង ហើយ នូវែលសេឡង់ អាចនាំចេញផ្លែស្តរបឺរីផងដែរ។


កិច្ចព្រមព្រៀងការរៀបចំកិច្ចសហប្រតិបត្តិការកសិកម្ម ក៏អនុញ្ញាតឲ្យប្រទេសទាំងពីរ ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី នៅក្នុងវិស័យកសិកម្ម កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះបៃតង ជម្រុញសុវត្ថិភាពចំណីអាហារ និងពង្រឹងការស្រាវជ្រាវ និងបច្ចេកវិទ្យានៅក្នុងវិស័យកសិកម្ម។

 


ប្រទេសវៀតណាម ក៏ទទួលបានអាជ្ញាប័ណ្ណនាំចេញ ផ្លែស្វាយស្រស់ ផ្លែស្រកានាគ និងផ្លែសាវម៉ាវ ទៅកាន់ប្រទេសនូវែលសេឡង់ ហើយវៀតណាម ក៏បានបញ្ជាទិញមកវិញ នូវ ផ្លែប៉ម ផ្លែគីវី និងផ្លែឈឺរីជាដើម។

 


សូមជម្រាបដែរថា ប្រទេសវៀតណាម គឺជាដៃគូពាណិជ្ជកម្មលំដាប់ទី ១៤របស់ប្រទេសនូវែលសេឡង់ ដែលទំហំពាណិជ្ជកម្មទ្វេភាគី សម្រេចបានដល់ ១ពាន់ ៤០០លានដុល្លារអាមេរិក គិតត្រឹមត្រីមាសទី ៣ឆ្នាំ ២០២០៕
 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024