ថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១
ថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១
ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលនៃប្រទេសចិន អះអាងថា ប្រទេសចិន ជាមហាអំណាចសេដ្ឋកិច្ចតែមួយគត់ ដែលអាចរក្សាបាននូវ កំណើនពាណិជ្ជកម្មវិជ្ជមាន ក្នុងឆ្នាំ ២០២០កន្លងទៅនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CCTV នៅថ្ងៃនេះ។
លោក Wang Wentao រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ថា បើទោះបីជាសេដ្ឋកិច្ចសកលលោក កំពុងរងគ្រោះដោយវិបត្តិមេរោគកូវីដ១៩ក៏ដោយ ប្រទេសចិន នៅតែអាចសម្រេចបាននូវ ទំហំពាណិជ្ជកម្ម ៥ទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០ ដែលមានកំណើន ២% ធៀបនឹងឆ្នាំ ២០១៩។
ទិន្នន័យនេះ បានសបញ្ជាក់ឲ្យឃើញថា ទំហំពាណិជ្ជកម្មរបស់ប្រទេសចិន បានចូលរួមចំណែកដល់ ទំហំពាណិជ្ជកម្មសកលលោក ក្នុងកម្រិតមួយខ្ពស់មិនធ្លាប់មាន ហើយចិន នៅតែរក្សាបាននូវ តំណែងជាប្រទេសដែលមានទំហំពាណិជ្ជកម្មធំជាងគេបង្អស់លើសកលលោក។
យ៉ាងណាក៏ដោយ ពាណិជ្ជកម្មក្រៅប្រទេសរបស់ចិន នៅតែប្រឈមនឹងភាពមិនច្បាស់លាស់ ពាក់ព័ន្ធនឹងតម្រូវការទីផ្សារខាងក្រៅ និងខ្សែចង្វាក់ផ្គត់ផ្គង់ផលិតកម្ម ហើយរដ្ឋាភិបាលអះអាងថា នឹងព្យាយាមបន្តធ្វើឲ្យមាន ស្ថេរភាពនៃ ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគនៅបរទេស និងពង្រឹងគោលនយោបាយគាំទ្របន្ថែមទៀត។
គួរជម្រាបដែរថា សម្រាប់ពាណិជ្ជកម្មឆ្លងព្រំដែន តាមប្រព័ន្ធ E-commerce ក៏ធ្វើបានល្អ ដោយសម្រេចនូវទំហំទឹកប្រាក់ ២៦០លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០ ដែលមានកំណើន ៣១% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ ២០១៩៕
អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ