ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

វិស័យដើរម៉ូដមិនសូវកាក់កប រឿន ណាត ងាកមកពង្រឹងអាជីពសម្តែងវិញ !  

២៥ កុម្ភៈ ២០២១ | កម្សាន្ដ

ឆ្នាំថ្មីនេះតារាស្រីស្រស់ប្រិមប្រិយ រឿន ណាត កំពុងពង្រឹងអាជីពសម្តែងរបស់ខ្លួនឱ្យខ្លាំងក្លាឡើងជាងមុន ស្របពេលវិស័យបង្ហាញម៉ូដមានការធ្លាក់ចុះខ្លាំង ជាពិសេសក្នុងវិបត្តិកូវីដ១៩តែម្ដង ។ 


តាំងពីផ្ទុះជំងឺកូវីដ ១៩ មក បានធ្វើឱ្យតារាស្រី រឿន ណាត គ្មានយីអ៊ុនខាងវិស័យដើរម៉ូដដូចជាឆ្នាំកន្លងមកឡើយ ហេតុដូច្នេះហើយទើបនៅឆ្នាំ ២០២១ នេះ រឿន ណាត សម្រេចចិត្តពង្រឹងអាជីពសម្តែង ឱ្យខ្លាំងក្លាឡើង ដើម្បីសាងស្នាដៃ និងពង្រឹងប្រាក់ចំណូល ។

 

នៅក្នុងកម្មវិធីសម្ពោធ App របស់ផលិតកម្ម សាស្រ្តា កន្លងមកនេះមានសិល្បករសិល្បការីនីជាច្រើនចូលរួមអបអរសាទរ ក្នុងនោះកញ្ញា រឿន ណាត ពិតជាលេចធ្លោខ្លាំងជាមួយការតុបតែងមុខ និងគ្រោងឈុត រ៉ូបរាត្រីសម្រោលសដ៏សិចស៊ី ចំហដើមទ្រូង  ពណ៌ស្រស់ឆើតឆាយប្រៀបដូចជាកូនក្រមុំ រកគូប្រៀបផ្ទឹមពុំបាន រហូតធ្វើឱ្យអ្នកជំវិញលាន់មាត់សរសើរមិនដាច់ពីមាត់ មិនតែប៉ុណ្ណោះគ្រប់គ្នាមានការភ្ញាក់ផ្អើលនៅពេលឃើញដើមទ្រូងរបស់ រឿន ណាត ប្រែទៅជាធំជាងមុនបែបនេះ ។

 

 

ចំពោះរឿងនេះផងដែរ រឿន ណាត បានបញ្ជាក់ប្រាប់ថា នាងមិនបានទៅកែកុនសម្រស់ដើមទ្រូងនៅទីណានោះទេ គ្រប់គ្នាមើលមកឃើញនាងប្លែកបែបនេះដោយសារអាវប៉ុណ្ណោះ នេះគ្រាន់តែជាបច្ចេកទេសក្នុងការស្លៀកពាក់ប៉ុណ្ណោះ នាងមិនចូលចិត្តដើមទ្រូងធំឡើយ ។ 

 


ថ្មីៗនេះ កញ្ញា រឿន ណាត ទើបតែថតបញ្ចប់រឿង « ព្រះនាងមុខធ្យូង » ដែលជាស្នាដៃថ្មីមួយប្លែកជាងសព្វដង ព្រោះនាងត្រូវសម្តែងជាតួស្រីដែលត្រូវលាប ធ្យូ ខ្មៅពេញខ្លួនដើម្បីបិទបាំងពីការតាមសម្លាប់  នាងសង្ឃឹមថា ស្នាដៃថ្មីនេះនឹងទទួលបានការគាំទ្រពីទស្សនិកជន ។

 

 

ស្របពេលជាមួយគ្នានេះផងដែរ រឿន ណាត កំពុងពង្រឹងអាជីពសម្តែងឱ្យខ្លាំងក្លាឡើង រហូតនាងទទួលថតរឿងជាបន្តបន្ទាប់ ស្ទើរតែរកពេលវេលាសម្រាកគ្មាន ។ 

 


ថ្វីដ្បិតតែប្រកាសពង្រឹងវិស័យសម្តែងឱ្យខ្លាំងក្លាឡើង តែ រឿន ណាត មិនបានបោះបង់អាជីពបង្ហាញម៉ូដចោលនោះទេ នាងនៅតែស្រឡាញ់និងបន្តអាជីពចាស់ដូចដើម គ្រាន់តែក្នុងអំឡុងពេលនេះ វិស័យបង្ហាញម៉ូដជួបនូវវិប្បត្តិខ្លះៗ មិនសូវមានការងារធ្វើ  ដូច្នេះនាងត្រូវងាករកការងារផ្សេងបន្ថែមដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិត  ។  

 

 

 

ប្រសិនស្ថានភាពមានការប្រសើរឡើងវិញ នាងនៅតែទទួលការងារដើរម៉ូដដូចមុន ។ 

 

 


គួរបញ្ជាក់ផងដែរថា កញ្ញា រឿន ណាត បានលេចមុខក្នុងភាពយន្តដំបូងបំផុតតាមរយៈរឿង « រឹងមាំ » ស្នាដៃនេះត្រូវបានទស្សនិកជនជាច្រើនស្រឡាញ់គាំទ្រ រហូតធ្វើឱ្យនាងសម្រេចចិត្តប្រលូកក្នុងវិស័យសម្តែងដើម្បីសាងកេរ្តិ៍ឈ្មោះ ៕ 

 

 

 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024