ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

អ្នកច្នៃម៉ូដល្បីឈ្មោះ Kim Jones បញ្ចេញស្នាដៃដំបូងសម្រាប់ប្រ៊េន Fendi

២៥ កុម្ភៈ ២០២១ | កម្សាន្ដ

ឈុតសម្លៀកបំពាក់សម្រាប់រដូវរងា និងរដូវស្លឹកឈើជ្រុះពីអ្នកច្នៃម៉ូដល្បីឈ្មោះ Kim Jone បានទាក់ទាញការចាប់អារម្មណ៍ខ្លាំងនៅក្នុងកម្មវិធី Milan Fashion Week ដែលបានរៀបចំនៅសប្ដាហ៍នេះ

 

 


អ្នករចនាម៉ូដអាមេរិកល្បីឈ្មោះ Kim Jones (ឃីមចូន) បានធ្វើការបង្ហាញឈុតសម្លៀកបំពាក់ថ្មីរបស់ខ្លួនសម្រាប់ម៉ាក Fendi នៅក្នុងកម្មវិធីសប្ដាហ៍ម៉ូដទីក្រុងមីឡានកាលពីថ្ងៃទី ២៤ កុម្ភៈកន្លងទៅ ដោយម៉ូដដែលត្រូវបានបង្ហាញត្រូវបានរចនាសម្រាប់ពាក់កណ្ដាលរដូវស្លឹកឈើជ្រុះ និងពាក់កណ្ដាលរដូវរងា។

 

 


ដោយដើរតាមគន្លងរបស់អ្នករចនាម៉ូដជើងចាស់ Karl Lagerfeld ដែលបានសហការជាមួយម៉ាក Fendi អស់រយៈពេល ៥៤ ឆ្នាំកន្លងមក លោក Kim Jones បានបើកឆាកបង្ហាញម៉ូដរបស់ខ្លួនជាមួយអាវរងារោមសត្វពណ៌មាស តាមដោយឈុតផ្សេងៗដែលមានពណ៌សទឹកដោះគោ ពណ៌ផ្កាឈូកស្លេក ពណ៌ផ្កាឈូកក្រមៅ ពណ៌ប្រផេះ និងចុងក្រោយគឺឈុតពណ៌ខ្មៅ។

 

 


មុនចូលរួមជាប្រធានផ្នែករចនារបស់ម៉ាក Fendi អ្នករចនាម៉ូដវ័យ ៤១ឆ្នាំ Kim Jones ធ្លាប់រួមការងារជាមួយម៉ាកល្បីៗជាច្រើនមកហើយដូចជាម៉ាក LV និង Dior និងធ្លាប់ច្នៃម៉ូដសម្រាប់បុគ្គលល្បីៗដូចជាព្រះអង្គម្ចាស់ Harry និងព្រះនាង Meghan Markle, អតីតតារាបាល់ទាត់ David Beckham និងក្រុមចម្រៀង BTS ជាដើម។ 

 

 


គួរបញ្ជាក់ថា កម្មវិធីសប្ដាហ៍ម៉ូដទីក្រុងមីឡាននឹងបន្តប្រារព្ធរហូតដល់ថ្ងៃទី ១ ខែមីនា ដែលមានម៉ាកល្បីៗជាច្រើនទៀតចូលរួមបង្ហាញ Collection សម្លៀកបំពាក់ថ្មីដូចជា Armani (អាម៉ានី), Prada (ប្រាដា) និង Valentino (វ៉ាឡេនទីណូ) ដោយម៉ាកសម្លៀកបំពាក់នីមួយៗត្រូវរៀបចំការបង្ហាញជាលក្ខណៈអនឡាញទាំងអស់ដើម្បីគោរពតាមវិធានការការពារការរាលដាលជំងឺកូវីដ១៩ ៕
 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024