ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ជ័យ ស៊ីនេត បោះបង់ការប្រកួតទឹក៣ ខណៈ រិន ដេវីត បន្តឈ្នះ សាន សំអុន

១៨ ឧសភា ២០២០ | កីឡា

អ្នកប្រដាល់ជើងចាស់ ជ័យ ស៊ីនេត មិនអាចទប់ទល់ពីការវាយសន្ធាប់យ៉ាងខ្លាំងក្រោមទម្ងន់ដៃ និងជើងរបស់សិស្សប្អូន សេក ចៅជូត ឡើយ ដោយសម្រេចចិត្តបោះបង់ការតស៊ូត្រឹមទឹកទី៣ក្នុងការប្រកួតកម្មវិធីអធិរាជគុនខ្មែរ ISI PALM-ISI PIPE នៅ PNN ថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០។

 


ដោយមានប្រៀបទាំងកម្ពស់ និងកម្លាំងផងនោះ ចៅជូត របស់ក្លិបអង្គរមានជ័យខេត្តសៀមរាបបានបើកការសម្រុកយ៉ាងខ្លាំងតាំងពីទឹកទីមួយទៅលើរៀមច្បងមកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់។ ចូលទឹកទីពីរ ចៅជូតក៏នៅតែមិនយោគយល់ ដោយបន្តការវាយលុកឥតឈប់ឈរដដែល រហូតឈានទៅដណ្ដើមជ័យជម្នះទាំងមិនទាន់ចប់ទឹកទី៣ស្រួលបួល។


ចំណែកគូឯកប្រចាំសប្ដាហ៍ និងជាគូសងសឹកផងនោះ គឺកីឡាករវ័យក្មេង រិន ដេវីត បានបន្តឈ្នះលើអ្នកប្រដាល់ចំណូលថ្មី សាន សំអុន។

 


ដេវីត មកពីនាគរាជចតុមុខ ធ្លាប់ឈ្នះសិស្សគុនអារុណរះកីឡាម្ដងហើយនៅសង្វៀនផ្សេង។ ទោះបីជាប្ដូរមកប៉ះគ្នាជនៅកម្មវិធីអធិរាជគុនខ្មែរ ISI PALM-ISI PIPE វិញនោះ ដេវីត ហាក់នៅតែបន្តការមានប្រៀបទៅលើសិស្សរួមក្លិបជាមួយពេជ្រ ម្ទេសខ្មាំង ដដែល។ ជាលទ្ធផលក្រោយតស៊ូពេញ៣ទឹក គឺ រិន ដេវីត យកឈ្នះសាន សំអុន ដោយពិន្ទុ។


សម្រាប់លទ្ធផលគូផ្សេងៗ ពេជ្រ បណ្ឌិត មកពីចលនាយុវជនក១៥៧ ផ្ដួលអម ខេម របស់អារុណរះកីឡាសន្លប់ក្នុងទឹកទីពីរ, សិស្សគុនខ្លារខិនមានរិទ្ធិ ឡុង ពិសិដ្ឋ ចាញ់ពិន្ទុកីឡាករនាគរាជចតុមុខ ប៊ន ពន្លឹក, និងពេជ្រ ប៊ុនសិដ្ឋ មកពី ចលនាយុវជនក១៥៧ ឈ្នះឡុង ខេត្ត របស់ខ្លារខិនមានរិទ្ធិ ដោយពិន្ទុ ខណៈ។ ចំពោះគូពន្លកគុនខ្មែរ ប្រាក់ សីនា មកពីតាឯកដំបងដែកខេត្តព្រៃវែង ស្មើពិន្ទុអេលីត សំណាង របស់ប៉ែនកាក់គុនខ្មែរ។

 


គួរបញ្ជាក់ថា អធិរាជគុនខ្មែរ ISI PALM - ISI PIPE ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ភីអិនអិន - ទំព័រហ្វេសប៊ុក PNN Sports និងទំព័រហ្វេសប៊ុក ISI STEEL រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ១២ ថ្ងៃត្រង់តទៅ៕


អត្ថបទ ៖ សុវណ្ណ
រូបភាព ៖ PNN
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024