ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ថៃ ចាប់ផ្តើមចាក់វ៉ាក់សាំងរបស់ចិន និងអង់គ្លេស បន្ទាប់ពីអនុម័តរួចរាល់

២៥ កុម្ភៈ ២០២១ | សេដ្ឋកិច្ច

ប្រទេសថៃ បានសម្រេចអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ របស់ចិន និងអង់គ្លេស ដោយនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ច័ន្ទអូចា បង្ហើបថា លោក អាចនឹងក្លាយជា បុគ្គលដំបូងគេក្នុងប្រទេសថៃ ដែលចាក់វ៉ាក់សាំង នៅពេលដែលវ៉ាក់សាំងមកដល់ ក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកថៃ នៅថ្ងៃនេះ។

 

វ៉ាក់សាំងជាង ៣សែនដូស ដែលមានឈ្មោះថា Sinovac របស់ចិន និង AstraZeneca របស់អង់គ្លេស នឹងមកដល់ប្រទេសថៃ ក្នុងសប្តាហ៍នេះហើយ ដោយក្នុងនោះវ៉ាក់សាំង ២សែនដូស នឹងត្រូវបានចែកចាយទៅកាន់ ១៣ខេត្តក្រុង ដែលជាតំបន់មានហានិភ័យខ្ពស់ ដូចជា សមុទ្រសាខនជាដើម។


បើតាមគេហទំព័រហ្វេសប៊ុករបស់ នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ បានលើកឡើងថា វ៉ាក់សាំង ២សែនដូស មកពី Sinovac នឹងត្រូវប្រគល់ជូនដល់ ក្រុមអាទិភាព ក្នុងរយៈពេល ៣ថ្ងៃ។


បើតាមមន្រ្តីនៃក្រសួងសុខាភិបាលថៃ បានបញ្ជាក់ថា វ៉ាក់សាំង អាចនឹងមកដល់ក្នុងពេលឆាប់ៗ ហើយដំណើរការចែកចាយ អាចនឹងលឿនជាងនេះដែរ ដោយឡែក វាជារឿងដ៏ភ្ញាក់ផ្អើលមួយ ដែលវ៉ាក់សាំងរបស់អង់គ្លេសជាង ១សែនដូស នឹងមកដល់ប្រទេសថៃ ក្នុងសប្តាហ៍នេះ ដោយដំណឹងមួយនេះ ពុំត្រូវបានប្រកាសជាមុននោះឡើយ។


ឧបនាយករដ្ឋមន្រ្តីថៃ ក៏បានលើកឡើងដែរថា វាជារឿងសំខាន់ ដែលថ្នាក់ដឹកនាំប្រទេស ត្រូវចាក់វ៉ាក់សាំងមុនគេ ហើយលោក ប្រាយុទ្ធ ច័ន្ទអូចា នឹងប្រើប្រាស់វ៉ាក់សាំង ដែលមិនកំណត់អំពី អាយុ។

 


សូមជម្រាបដែរថា វ៉ាក់សាំង Sinovac របស់ចិនចំនួន ២សែនដូស នឹងមកដល់ថៃ ក្នុងសប្តាហ៍នេះ ហើយ ៨សែនដូសទៀត នឹងមកដល់ក្នុងខែមីនា និងចុងក្រោយ ១លានដូស មកដល់ក្នុងខែមេសា ហើយក្រៅពីនោះ ថៃ នឹងប្រើប្រាស់វ៉ាក់សាំង AstraZeneca របស់អង់គ្លេស៕
 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024