ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

តារាចម្រៀង រ៉យ នៅតែបន្តចេញបទថ្មីៗជាហូរហែ

២៤ កុម្ភៈ ២០២១ | កម្សាន្ដ

ទោះបីមិនទាន់មានបទចម្រៀងណាមួយធ្វើឲ្យមហាជនស្គាល់ច្រើនក៏ពិតមែន ក៏តារាចម្រៀង រ៉យ នៅតែបន្តចេញបទថ្មីជាហូរហែ។ ជាក់ស្តែង ថ្មីៗនេះលោកទើបចេញចម្រៀងថ្មី២បទ ដើម្បីបម្រើអារម្មណ៍អ្នកគាំទ្រអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

 

បើទោះជាមានបញ្ហាជំងឺកូវីដ១៩ក៏ពិតមែន ក៏តារាចម្រៀងសាច់សរខ្ចី រ៉យ នៅតែបន្តចេញស្នាដៃចម្រៀងថ្មី ដើម្បីកំដរអារម្មណ៍ប្រិយមិត្តអ្នកគាំទ្រ។

 


បទថ្មីរបស់តារាចម្រៀងរូបនេះ មានចំនួន ២បទ ចំណងជើង «នារីល្អ» និង «Sexy អូននាង Sexy» ។ ក្នុងនោះបទញ៉ាក់ «Sexy អូននាង Sexy» ជាស្នាដៃបង្កើតថ្មី ចំណែកមួយបទទៀតជាបទស្លូ ជាបទ Cover ឡើងវិញពីម្ចាស់សំនៀងដើម។

 


តាមការឲ្យដឹងពីម្ចាស់បទ ស្នាដៃថ្មីដែលទើបបញ្ចេញលើទីផ្សារនេះ គឺសម្រាប់ឲ្យអ្នកគាំទ្រ ស្តាប់កម្សាន្តនៅតាមគេហដ្ឋាននាពីធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ខណៈដែលបញ្ហាជំងឺកូវីដ១៩នៅតែកើតមានក្នុងប្រទេសកម្ពុជាយើង។

 


តារាចម្រៀងសាច់សរខ្ចីរូបនេះ រំពឹងថាបទដែលទើបចេញ ត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំខាងមុខនេះនិងធ្វេីឲ្យបងប្អូនទាំងអស់គ្នាស្គាល់ខ្លួនកាន់តែខ្លាំង។ 

 


ត្បិតមិនទាន់មានបទណាមួយអាចបំបែកទីផ្សារចម្រៀង ធ្វើឲ្យមហាជនស្គាល់ច្រើនក្តី ក៏ រ៉យ មិនអស់សង្ឃឹមក្នុងការផលិតបទថ្មីៗនោះដែរ តែលោកក៏ធ្លាប់បាក់ទឹកចិត្តដោយសាររឿងនេះម្តងជាពីរដង។ 

 


តែទោះយ៉ាងនេះក្តី រ៉យ អះអាងថា ខ្លួននៅតែខំប្រឹងធ្វើឲ្យបាន ព្រោះអាជីពចម្រៀងជាក្តីស្រម៉ៃរបស់ខ្លួនតាំងពីតូច ហើយសន្យាថានិងឲ្យបាននៅថ្ងៃណាមួយ។ 

 


បច្ចុប្បន្ន រ៉យ ជាតារាចម្រៀងឯករាជ្យមិនចំណុះឲ្យផលិតកម្មណាមួយលោកឡើយ តែលោកក៏មានបំណងចង់ចូលជាតារាចម្រៀងប្រចាំផលិតកម្មដូចអ្នកផ្សេងដែរ ប្រសិនផលិតកម្មណាមួយផ្តល់ឱរកាស។ 

 


ក្រៅពីការច្រៀង រ៉យ ក៏ស្រលាញ់ ហើយចង់ក្លាយជាតារាបង្ហាញម៉ូត និងការសម្តែងផងដែរ។ មិនតែប៉ុណ្ណោះ កម្លោះសង្ហាសាច់សរខ្ចីរូបនេះ ក៏ជាម្ចាស់ Salon 99 ថែមទៀតផង។

 

 

 

 


អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងផ្តល់ឲ្យ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024