ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ក្រសួងសុខាភិបាល និងប៉ាស្ទ័រកម្ពុជា បញ្ជាក់ថា ការរកឃើញមេរោគក្នុងសត្វប្រចៀវ មិនមែនជាមេរោគកូវីដ-១៩ទេ  

២៤ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

ក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ តំណាងក្រសួងសុខាភិបាល និងនាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ដូចគ្នាថា ការរកឃើញមេរោគ ក្នុងសត្វប្រជៀវ ដែលក្រុមអ្នកស្រាវជ្រាវបារាំង បានរកឃើញកាលពី ១០ឆ្នាំមុននោះ មិនមែនជាមេរោគកូវីដ១៩ទេ ហើយក៏មិនអាចឆ្លងមកមនុស្សបានដែរ។ 

 


លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ជាថ្មីថា «អ្វីដែលគេសរសេរក្នុងអត្ថបទសិក្សារបស់គេនេះ បានបញ្ជាក់ថា វីរុស ដែលមាននៅក្នុងសត្វប្រជៀវនេះ វាមិនមែនជាវីរុសកូវីដ១៩ទេ។ វាជាបងប្អូនជីដូនមួយ និយាយឲ្យស្រួលយល់! វាជាបងប្អូនជីដូនមួយជាមួយនឹងវីរុស SAR Covid-2 តែវាមិនមែនជាវីរុសកូវីដ១៩ ទេ។ ទី២-អ្វីដែលគេរកឃើញ វាមានភាពខុសគ្នាស្រលះតែម្តង ត្រង់ស្បែកប្រូតេអ៊ីនរបស់វា ដែលវាមិនមានលទ្ធភាពក្នុងការចម្លងទៅមនុស្សនោះទេ។ មានន័យថា វាមានតែនៅក្នុងសត្វប្រជៀវនោះទេ ដែលវាក៏មិនមានលទ្ធភាពចម្លងមកមនុស្សដែរ ដោយសារតែអាស្បែកប្រូតេអ៊ីនរបស់វានោះឯង។ ទី៣-វីរុស ដែលគេរកឃើញក្នុងប្រជៀវនេះ ក៏មិនមែនជាវីរុសកូវីដ១៩ ដែលបំប្លែងថ្មីដែរ។ វាជាបងប្អូនជីដូនមួយរបស់ SAR Covid-2 តែវាមិនមែនជា SAR Covid-2 ទេ»។

 


នៅក្នុងសន្និសីទកាសែត លោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារីល នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានលើកឡើងថា ការស្រាវជ្រាវមេរោគលើសត្វប្រជៀវកាលពី១០ឆ្នាំមុន ដោយក្រុមវេជ្ជបណ្ឌិតបារាំងមួយក្រុមនោះ មិនមែនធ្វើតែនៅកម្ពុជាទេ តែនៅប្រទេសជាច្រើននៅអាស៊ី  ដូចជានៅប្រទេសថៃ ជាដើម គឺរកឃើញមេរោគសាកូវី នៅក្នុងសត្វប្រជៀវ។

 


លោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារីល បានបញ្ជាក់ថា មេរោគក្នុងសត្វប្រជៀវ និងមេរោគកូវីដ១៩ គឺស្រដៀងគ្នា។ តែខុសគ្នា។ នោះគឺមេរោគក្នុងសត្វប្រជៀវ មិនមានលទ្ធភាពចម្លងទៅមនុស្សបានទេ៕


អត្ថបទ៖ ហ៊ុន ឌីណូ        រូបភាព៖ ឈាវ ថុកវីរៈ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024