ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

អ៊ីរ៉ង់ថាអាមេរិកត្រូវតែលុបចោលទណ្ឌកម្ម បើចង់ឲ្យខ្លួនវិលទៅរកកិច្ចព្រមព្រៀងឆ្នាំ២០១៥

២៣ កុម្ភៈ ២០២១ | ព័ត៌មានអន្តរជាតិ

 

 

ប្រទេសអ៊ីរ៉ង់ប្រកាសថាសហរដ្ឋអាមេរិកត្រូវតែលុបចោលទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់ បើចង់ឲ្យខ្លួនវិលទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ មន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់ថ្លែងបែបនេះ១ថ្ងៃ បន្ទាប់ពីអ៊ីរ៉ង់ចុះកិច្ចព្រមព្រៀងជាមួយទីភ្នាក់ងារនុយក្លេអ៊ែរអន្តរជាតិ អាយ.អេ.អ៊ី.អេ(IAEA)។

 

 

 

 

 

ប្រទេសអ៊ីរ៉ង់បានរំលោភលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនោះ ចាប់តាំងពីពេលដែលលោកដូណាល់ត្រាំដកខ្លួនថយនៅឆ្នាំ២០១៨ និងដាក់ទណ្ឌកម្មលើប្រទេសនេះឡើងវិញ។ កិច្ចព្រមព្រៀងនោះមានគោលដៅទប់ស្កាត់មិនឲ្យអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ ទោះបីអ៊ីរ៉ង់តែងតែនិយាយប្រកែកថាខ្លួនពុំដែលមានគម្រោងធ្វើបែបនេះទេ។

 

 

 

គួរកត់សម្គាល់ថាដើម្បីដាក់សម្ពាធឲ្យរដ្ឋាភិបាលរបស់លោកចូបៃដឹនលុបចោលទណ្ឌកម្មនោះ, រដ្ឋសភាអ៊ីរ៉ង់បានអនុម័តច្បាប់១កាលពីឆ្នាំ២០២០ ដោយតម្រូវឲ្យប្រទេសអ៊ីរ៉ង់ធ្វើមោឃភាពលក្ខខណ្ឌនៃកិច្ចព្រមព្រៀង បើសហរដ្ឋអាមេរិកមិនព្រមលុបចោលទណ្ឌកម្ម។ ទាំងរដ្ឋាភិបាលក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោនសុទ្ធតែនិយាយដូចៗគ្នាថាពួកគេមានឆន្ទៈនៅក្នុងការបកក្រោយទៅរកកិច្ចព្រមព្រៀងនោះវិញ។

 

 

 

ប៉ុន្តែពួកគេរុញដាក់គ្នាទៅវិញទៅមកឲ្យធ្វើជាអ្នកចាប់ផ្ដើមមុន។មានន័យថាអ៊ីរ៉ង់ចង់ឲ្យអាមេរិកលុបចោលទណ្ឌកម្មជាមុនសិន, ខណៈដែលអាមេរិកចង់ឲ្យអ៊ីរ៉ង់បញ្ឈប់ការចម្រាញ់ធាតុវិទ្យុសកម្មជាមុនសិន៕

 

 

 

 

 

ប្រែសម្រួល៖អនសំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024