ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

លើកដំបូង ចែ ឡេង ទទួលថតរឿងភាគបុរាណ

២៣ កុម្ភៈ ២០២១ | កម្សាន្ដ

ធ្លាប់តែស្លៀកពាក់ឈុតសម័យថ្មី ពេលនេះ ចែ ឡេង បែរជាគ្រោងឈុតបុរាណក្នុងរឿង « មរណមាតា »របស់ស្ថានីយទូរទស្សន៍ PNN ដែលមើលទៅពិតជាទាក់ទាញខ្លាំងណាស់ ។ 

 

ច្រើនឆ្នាំក្នុងសិល្បៈ ចែ ឡេង មិនធ្លាប់សម្តែង ឬថតរឿបុរាណណាមួយឡើយ ដោយទើបតែថ្មីៗនេះនាងត្រូវបានអ្នកដឹកនាំរឿងជ្រើសរើសសម្តែងជាតួឯកស្រីនៅក្នុងរឿង « មរណមាតា » ដែលជារឿងបុរាណខ្មែរ ត្រៀមនឹងដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នាពេលឆាប់ៗខាងមុខ ។ អ្វីដែលពិសេស នៅក្នុងរឿងនេះ ចែ ឡេង ត្រូវសម្តែងជាតួអង្គ ២ ដែលមានមុខមាត់ដូចគ្នា ប៉ុន្តែចរិតខុសប្លែកពីគ្នា ឆ្ងាយ ។

 
រឿងភាគបុរាណ ខ្មែរ ខ្នាតធំដែលមានចំណងជើងថា « មរណមាតា » ត្រូវបានផលិតឡើងដោយបានសហការគ្នា រវាងស្ថានីយទូរទស្សន៍ ភីអិនអិន និងផលិតកម្ម ភូមិពេជ្រ ដែលបានក្រុងពាលីថតកាលពីពេលថ្មីៗ ក្រោមវត្តមានសិល្បករថ្មីចាស់ជាច្រើនចូលរួមអបអរសាទរ ។

 

 

សម្រាប់តួឯកស្រីនៅក្នុងរឿងនេះ ត្រូវបានអ្នកដឹកនាំរឿងជ្រើសរើសយកកញ្ញា វ័យក្មេងដែលត្រូវបានគេដាក់រហ័សនាមថា ចែ ឡេង សម្តែងជាតួឯកស្រី ។

 


ក្នុងឈុតសម្លៀកបំពាក់បុរាណ ចែ ឡេង ពិតជាស្រស់ស្អាត និង ទាក់ទាញខ្លាំងណាស់ សមជានារី ខ្មែរសុទ្ធសាធ  ទាំងមុខមាត់ និង ចរិតឫកពារ រហូតទទួលបានការសរសើរយ៉ាងខ្លាំងពីអ្នកចូលរួម ចែ ឡេង បានរៀបរាប់ប្រាប់ថា នេះជាលើកដំបូងហើយដែលនាងទទួលថតរឿងភាគបុរាណ ខ្មែរ បែបនេះ ជាពិសេសក្នុងរឿងនេះ នាងត្រូវសម្តែងជាតួអង្គដែលមានមុខមាត់ដូចគ្នាទៀត ពិតជាជួបនូវការលំបាកខ្លាំងណាស់ ។

 


ទោះបីជាជួបនូវការលំបាកយ៉ាងណាក្តី ចែ ឡេង រំពឹងថា ស្នាដៃថ្មីរបស់ខ្លួននឹងទទួលបានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជននៅពេលដាក់បញ្ចាំង ពីព្រោះរឿងនេះប្រជុំដោយតារាល្បីៗជាច្រើនដែលមានស្នាដៃសម្តែងល្អ រួមជាមួយបច្ចេកទេសថតដ៏ទំនើប គួរឱ្យចង់ទស្សនា ។  

 


ចែ ឡេង ជាតារាស្រីមួយរូបដែលមានទម្រង់មុខបែបខ្មែរ និងមានចរិតសុភាពរាបសារ មិនចូលចិត្តតុបតែងខ្លួននឹងស្លៀកពាក់សិចស៊ីនោះទេ ហេតុដូច្នេះហើយទើបនាងពេញចិត្ត សម្តែងតួអង្គស្លូតច្រើនជាង តួអង្គកាច ។ 

 


ចែ ឡេង បានល្បីឈ្មោះដំបូងតាមរយៈរឿង « មន្តស្នេហ៍ប្រធានថ្នាក់តូច » មកទល់ពេលនេះនាងថតបានប្រមាណជិត ២០ រឿងហើយ ទាំងរឿងខ្នាតខ្លី និង រឿងភាគ ។

 

 

ឆ្នាំថ្មីនេះ ចែ ឡេង មានវ័យ ២១ ឆ្នាំហើយ ហើយក៏មានបុរសជាច្រើនប្រាថ្នានាងជាគូ ប៉ុន្តែចំពោះរឿងនេះនាងនៅពុំទាន់គិតគូនៅឡើយទេ ដោយចង់ទុកពេលវេលាសាងកេរ្តិ៍ឈ្មោះក្នុងសិល្បៈឱ្យល្បីល្បាញជាងនេះសិន ៕ 

 

 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024