ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ក្រុមហ៊ុនអាកាសចរណ៍ Thai Airways កាត់បន្ថយការងារមុខដំណែងជាន់ខ្ពស់ ២៤០កន្លែង

២៣ កុម្ភៈ ២០២១ | សេដ្ឋកិច្ច

ដោយសារតែវិបត្តិមេរោគកូវីដ១៩ នៅតែបន្តវាយប្រហារដល់ វិស័យទេសចរណ៍នៅក្នុងប្រទេសថៃ ដែលជាវិស័យស្នូលក្នុងការគាំទ្រដល់សេដ្ឋកិច្ចជាតិនោះ ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានសម្រេចកាត់បន្ថយការងារមុខដំណែងជាន់ខ្ពស់ចំនួន ២៤០កន្លែង ជាផ្នែកមួយនៃ ដំណើរការរៀបចំរចនាសម្ព័ន្ធប្រកាសក្ស័យធន។

 

នេះបើយោងតាម កាសែតក្នុងស្រុកថៃ ចេញផ្សាយនៅថ្ងៃនេះ។


នៅក្នុងសេចក្តីប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានបង្ហាញថា មុខដំណែងជាន់ខ្ពស់ ត្រូវបានកាត់បន្ថយពី ៧៤០កន្លែង មកនៅប្រហាក់ប្រហែល ៥០០កន្លែង។


សេចក្តីប្រកាសនេះ ធ្វើឡើងនៅមុនថ្ងៃកំណត់ ដែលក្រុមហ៊ុន ត្រូវបង្ហាញគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធឡើងវិញនេះ ទៅកាន់ តុលាការ ដើម្បីទទួលបានការយល់ព្រមពី ម្ចាស់បំណុល។


ក្រុមហ៊ុន Thai Airways ដែលមានបុគ្គលិកជាង ២ម៉ឺននាក់ បានបង្ហាញអំពី កិច្ចព្រមព្រៀងនៃការសុំលាឈប់ពីការងារ ប៉ុន្តែមិនបានបញ្ជាក់ថា មានបុគ្គលិកប៉ុន្មាននាក់ ដែលបានស្ម័គ្រចិត្តលាឈប់នោះទេ។


លោក ចាន់ ស៊ីន ប្រធានស្តីទីក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានគូសបញ្ជាក់ថា បញ្ហាមេរោគកូវីដ១៩ នៅតែមានឥទ្ធិពលធ្ងន់ធ្ងរដល់ អាជីវកម្មទូទាំងសកល និងកំណត់កម្រិតនៃជើងហោះហើរអន្តរជាតិ ដែលធ្វើឲ្យ ភ្ញៀវទេសចរណ៍អន្តរជាតិ ជាប់គាំងនៅក្នុងប្រទេសរបស់ខ្លួន មិនអាចដើរកម្សាន្តបាន។

 


សូមជម្រាបដែរថា ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន ក៏បានស្នើសុំជំនួយពី រាជរដ្ឋាភិបាលថៃ នាពេលឆាប់ៗខាងមុខ ដោយសារតែ ភ្ញៀវទេសចរអន្តរជាតិ មានការចំណាយតិចជាងមុន គួបផ្សំនឹង ការរឹតបន្តឹងលើជើងហោះហើរនៅតាមបណ្តាប្រទេសនីមួយៗ ដែលធ្វើឲ្យ អនាគតរបស់ក្រុមហ៊ុនអាកាសចរណ៍ កាន់តែស្រអាប់ជាងនេះទៅទៀត ខណៈជើងហោះហើរក្នុងមួយថ្ងៃៗ កាន់តែថយចុះជាងមុន៕

 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024