ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ពលរដ្ឋឥណ្ឌូណេស៊ីរាប់ម៉ឺនគ្រួសារ នៅលើកោះចាវ៉ា កំពុងរស់នៅជួបការ​លំបាកដោយសារ​ជំនន់ទឹកភ្លៀង

២៣ កុម្ភៈ ២០២១ | ព័ត៌មានអន្តរជាតិ

ពាក់ព័ន្ធនឹងគ្រោះទឹកជំនន់នៅលើកោះចាវ៉ា (Java) ប្រទេសឥណ្ឌូណេស៊ី។ រហូតមកដល់ពេលនេះ គ្រោះទឹកជំនន់ដែលបាន​ជន់លិចភូមិជា​ច្រើននៅលើកោះចាវ៉ាខាងលិចនោះ មិនទាន់ស្រកទៅវិញនៅឡើយទេ ប៉ុន្តែបានរីករាលដាលកាន់តែខ្លាំង ធ្វើឲ្យភូមិយ៉ាងតិច៣៣រង​ការខូចខាត និងបង្ខំឲ្យមនុស្សរាប់ពាន់គ្រួសារជម្លៀសខ្លួនទៅកាន់ទីកន្លែងសុវត្ថិភាព។

 


គ្រោះទឹកជំនន់នេះកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យទឹកទន្លេឡើងខ្ពស់រហូតដល់ហៀរច្រាំង​។ ប្រជាពលរដ្ឋជាង១ម៉ឺន ៤ពាន់គ្រួសារកំពុងរស់នៅជួបការលំបាក ផ្ទះរបស់អ្នកស្រុកជាង៣ពាន់ខ្នងត្រូវទឹកលិច ប្រជាពលរដ្ឋជាង១ម៉ឺន ៩ពាន់នាក់ត្រូវចាក​ចោលផ្ទះសម្បែង​។ នេះបើយោងតាមគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ។

 

 

គួររំឭក​​ថាកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន មានភ្លៀងធ្លាក់ជាច្រើនមេ ដែលទទួលរងឥទ្ធិពលពីបាតុភូតឡានីណា (La Nina)។ បាតុភូតនេះក៏បង្កជាគ្រោះទឹកជំនន់នៅទីក្រុងហ្សាកាតា និងបេកាស៊ី (Bekasi) ផងដែរ។ ទឹកជំនន់នៅហ្សាកាតាឆក់យកជីវិតមនុស្សយ៉ាងតិច៥នាក់។ ក្នុងនោះ អ្នកខ្លះស្លាប់ដោយសារជម្លៀសខ្លួនចេញពីផ្ទះមិនទាន់ អ្នកខ្លះបានរសាត់តាមខ្សែទឹកហូរ និងអ្នកខ្លះលង់ទឹកស្លាប់នៅ​នឹងកន្លែង។ ទឹកជំនន់នៅហ្សាកាតាបណ្ដាលឲ្យមនុស្សជាង១ពាន់នាក់ត្រូវ​ជម្លៀសខ្លួនទៅរកទីទួលសុវត្ថិភាព​៕


ប្រែ​សម្រួល​៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024