ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

ពលរដ្ឋភូមាធ្វើកូដកម្ម​ទូទាំងប្រទេស ដើម្បីទាមទារឲ្យរបបយោធា​ងាកមករកគន្លងប្រជាធិបតេយ្យ​ឡើងវិញ

២៣ កុម្ភៈ ២០២១ | ព័ត៌មានអន្តរជាតិ

កាល​ថ្ងៃម្សិលមិញនេះ គេឃើញថាចលនាកូដកម្មហាក់ដូចជាមានសភាពខ្លាំងក្លា ព្រោះមិនត្រឹមតែបុគ្គលិកបម្រើការនៅ​តាមស្ថាប័នរដ្ឋប៉ុណ្ណោះទេ សូម្បីតែបុគ្គលិកឯកជនក៏បានសម្រេចចិត្តធ្វើកូដកម្មមិនចូលធ្វើការ​។ មុខរបររកទទួលទាន ហាងលក់ទំនិញ ទីស្នាក់ការក្រុមហ៊ុនតូចធំត្រូវផ្អាកដំណើរការ។ ពួកអ្នកតវ៉ាចាត់ទុកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះជាថ្ងៃពិសិដ្ឋរបស់ពួកគេ ប្រៀបនឹងការតវ៉ារបស់​និស្សិតភូមាកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៨៨ដូច្នោះដែរ​។

 

 

ទោះជាយ៉ាងណាក្ដី រដ្ឋាភិបាលមិនទាន់ប្រើប្រាស់កម្លាំងបង្ក្រាបខ្លាំងដូចជំនាន់នោះទេ។ ប៉ុន្តែពួកគេក៏មិនបន្ធូរដៃប៉ុន្មានដែរ។ ជាក់ស្ដែង រហូតមកដល់ពេលនេះ គេទទួលដំណឹងថាចំនួនអ្នកស្លាប់ដោយសារគ្រាប់កាំភ្លើងរបស់សមត្ថកិច្ចបានកើនឡើងដល់បីនាក់​។ ក្នុងនោះ ស្ត្រីម្នាក់បានស្លាប់ដោយសារគ្រាប់កាំភ្លើងបាញ់ចំក្បាលកាលពីថ្ងៃទី៨ ខែកុម្ភៈ, ខណៈដែលអ្នកតវ៉ា២នាក់ទៀតស្លាប់កាលពីថ្ងៃសៅរ៍​។

 

 

ក្រុមហ៊ុនធំៗជាអន្តរជាតិដែលមានសាខាប្រចាំនៅ​ប្រទសភូមា ក៏ត្រូវបិទទ្វារផងដែរនៅថ្ងៃនេះ ឧទាហរណ៍ដូចជាក្រុមហ៊ុនខេអែហ្វស៊ី (KFC) និងហ្វ៊ូតផេនដា (Food Panda) ជាដើម។ ចំណែកក្រុមហ៊ុនដឹកជញ្ជូនខ្លះ ដូចជាហ្ក្រេប (Grab) ក៏សម្រេចចិត្តផ្អាកសេវារបស់ខ្លួនផងដែរ។

 

 

ក្រសួងការបរទេសភូមាប្រកាសថា អាជ្ញាធរកំពុងប្រើប្រាស់ការអត់ធ្មត់របស់ខ្លួនដល់កម្រិតខ្ពស់​បំផុត ដើម្បីជៀសវាងការប៉ះទង្គិចគ្នា។ ប៉ុន្តែក្រសួងបានរិះគន់ប្រទេសមួយ​ចំនួនពីបទជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ភូមា។ ប្រទេសទាំងនោះបានអំពាវនាវកុំឲ្យសមត្ថកិច្ច​ប្រើប្រាស់អំពើហិង្សាលើពួកអ្នកតវ៉ា​។ ថ្មីៗនេះ ចក្រភពអង់គ្លេស អាល្លឺម៉ង់ ជប៉ុន និងសិង្ហបុរី ប្រកាសថ្កោលទោសការប្រើប្រាស់អំពើហិង្សា។ ចំណែកអគ្គលេខាធិការអង្គការសហប្រជាជាតិចាត់ទុកថាការប្រើប្រាស់កម្លាំងបង្ក្រាបរហូតដល់មានមនុស្សស្លាប់​បែបនេះ ជារឿងដែលមិនអាចទទួលយកបានជាដាច់ខាត​។

ការអំពាវនាវឲ្យហែបាតុកម្ម និងធ្វើកូដកម្មស្រុះគ្នាទូទាំងប្រទេស កើតចេញពីការអំពាវនាវរបស់ចលនាឈ្មោះ ស៊ីវិល.ឌីសអ័រប៊ីឌៀន.មូហ្វមឹន (Civil Disobedience Movement) ដែលជាសម្ព័ន្ធអង្គការចាត់តាំងដ៏សកម្មប្រឆាំងនឹងរបបយោធាភូមា។ សម្ព័ន្ធអង្គការនេះបានអំពាវ​នាវឲ្យអ្នកគាំទ្រខ្លួនប្រមូលផ្ដុំគ្នាឲ្យបានកុះករនៅក្នុងទិវាដែលពួក​គេឲ្យឈ្មោះថាលេខ២ប្រាំដង គឺថ្ងៃទី២២ ខែ២ ឆ្នាំ២០២១។ ពួកគេចាត់ទុកថាថ្ងៃនេះជាទិវា «បដិវត្តផ្ការីក» ឬស្ព្រីងរ៉ែវូលូសឹន (Spring Revolution)នៅភូមា។

 

 

ពួកយោធាបានព្រមានចាត់ការចំពោះកូដកម្មនេះ ដោយថ្លែងថា «ពួកបាតុករបានបង្កការញុះញង់កាន់​តែខ្លាំង ហើយអាចនឹងឈានដល់អំពើបះបោរ ឬអំពើអនាធិបតេយ្យ។ ពួកគេកំពុងនិយាយពន្យុះ​យុវជនក្មេងៗឲ្យមានចិត្តជ្រួលជ្រើម និងបង្កការប៉ះទង្គិចគ្នា ឈានទៅដល់ការបាត់បង់អាយុជីវិត»។ សេចក្ដីថ្លែងការណ៍នោះរិះគន់ចលនាបាតុកម្ម និងកូដកម្មដែលពួកគេចោទប្រកាន់ថាមានពួកក្មេងទំនើងចូលរួម។ ដូច្នេះ អំពើហិង្សា និងការបង្ក្រាបអាចនឹងកើតមាននៅក្នុងករណីចាំបាច់។

 

 

 

ពួកអ្នកប្រើប្រាស់បណ្ដាញសង្គមបានបង្ហោះសារថា​កងសន្តិសុខជាតិបានដាក់បារ៉ាស់រាំងផ្លូវនៅតាមទីតាំងសំខាន់ៗ រួមទាំងស្ពាន និងដងវិថីដែលនាំឆ្ពោះទៅកាន់ស្ថានទូតបរទេស។ ម៉្យាងទៀត ការកាត់ផ្ដាច់អ៊ីនធឺណិត ដែលធ្លាប់តែធ្វើឡើងជារៀងរាល់យប់ចាប់ពីម៉ោង១​រំលង​អាធ្រាត្ររហូតដល់ម៉ោង៩ព្រឹកនោះ អាចនឹងកាត់ផ្ដាច់នៅពេលថ្ងៃទៀតក៏ថាបាន។ អាជ្ញាធរនៅតែបន្តតាមចាប់ខ្លួនមនុស្សមួយចំនួន ដែល​ពួកគេចាត់ទុកថាជាអ្នកញុះញង់ឲ្យមានភាពចលាចល។ រហូតមកដល់ ពេលនេះ ចំនួនអ្នកចាប់ខ្លួនបានកើនឡើងដល់៦៤០នាក់, អ្នកខ្លះត្រូវនាំខ្លួនឡើងទៅតុលាការ និងត្រូវផ្ដន្ទាទោសរួចហើយ។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិថ្លែងថាខ្លួនកំពុងមានកង្វល់យ៉ាងខ្លាំង ក្រោយការចេញសេចក្ដីព្រមានរបស់សមត្ថកិច្ច។ លោកថាការតវ៉ាលើកនេះ​មិនដូចឆ្នាំ១៩៨៨ទេ​។ កាលនោះ មិនសូវមានអន្តរជាតិណាដឹងឮ។ ប៉ុន្តែលើកនេះរាល់សកម្មភាពបង្ក្រាប​របស់ពួក​គេនឹងត្រូវកត់ត្រាចូលក្នុងបញ្ជី​។ ដូច្នេះ ពួកគេត្រូវតែទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន៕

 

ប្រែ​សម្រួល​៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024