ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ក្រុមហ៊ុន លន ស៊ីធី ឡូតធឺសស៊ីថោន បោះទុនជាង១០០លានដុល្លា អភិវឌ្ឍន៍គម្រោងសាងសង់បុរី  លំនៅដ្ឋាន ក្នុងខេត្ត​ព្រះសីហនុ

២២ កុម្ភៈ ២០២១ | សេដ្ឋកិច្ច

បើទោះជាកំពុងជួបវិបត្តិជម្ងឺកូវីដ-១៩ ជាសកលក្តី ការរួមចំណែក ពីផ្នែកឯកជន អភិវឌ្ឍន៍លើវិស័យអចលទ្រព្យ នៅមានជាបន្តបន្ទាប់ ស្របពេលដែលវិស័យ​នេះ​ក្នុងប្រទេសកម្ពុជាយើង កំពុងមានការរីកចម្រើន ក្នុងនោះលំនៅដ្ឋានដូចជាវីឡា ខុនដូ បុរី បានឈានទៅ​រកភាពទំនើប  និងស៊ីវីល័យតាមការរីកចំរើនរបស់ប្រទេសជាតិ​។

នៅព្រឹកថ្ងៃ២២ ខែកុម្ភៈ ២០២១ ក្រុមហ៊ុនលន ស៊ីធី ឡូតធឺសស៊ីថោន ក្រុងព្រះសីហនុ ដែលគាំទ្រពីរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើពិធីបញ្ចុះបឋមសិលាបើក​ការដ្ឋានសាងសង់ បុរី លំនៅដ្ឋាន មានទីតាំងក្នុងឃុំបិតត្រាង  ស្រុកព្រៃនប់ខេត្តព្រះសីហនុ ត្រង់ចំណុចខាងលើ​ចំណោតអូរត្រាវ ជាប់នឹងផ្លូវជាតិលេខ៤ ព្រំប្រទល់រវាងស្រុកព្រៃនប់និង​ទីប្រជុំជនក្រុងព្រះសីហនុ ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ក្នុងនោះក៍មានវត្តមានជាកិត្តិយស ពី​សំណាក់ឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី តាមស្ថាបន័រដ្ឋនិងវិសយ័ឯកជន។

 

 

 

 

 


ឯកឧត្តម តុល លន ស្ថាបនិកក្រុមហ៊ុន លន ស៊ីធី ឡូតធឺសស៊ីថោន ក្រុងព្រះសីហនុ មានប្រសាសន៍ថា គម្រោង​នេះនឹងអភិវឌ្ឍន៍លើផ្ទៃដីជិត ៦៦ ហិកតា ដែលមានការ សាងសង់ជាលំនៅដ្ឋាន ផ្ទះល្វែង បុរី វីឡា សម្រាប់លក់​ជូនអតិថិជន និងសាងសង់បន្ថែម នូវហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗទៀតរួមមាន សាលារៀន សួនច្បារ ស្ថានីយ៍ប្រេង ឥន្ទនៈ អាហារដ្ឋាន​និងកន្លែងហាត់ប្រាណជាដើម  ក្រោមទុន​វិនិយោគ​រហូតដល់ ជាង  ១០០លាន ដុល្លារអាមេរិក  ក្នុងនោះក្រុមហ៊ុនក៍បានគោរពថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិនាំមកនូវសុខសន្តិភាព បង្កឱកាសដល់ការវិនិយោគនិងការអភិវឌ្ឍន៍ប្រទេសជាតិ។

 

 

 

 

លោក រុណ រដ្ឋា នាយកប្រតិបត្តិគម្រោង លន ស៊ីធី ឡូតធឺសស៊ីថោន ប្រាប់ពីការសាងសង់នេះដែរថា  ក្រុមហ៊ុននឹងសាងសង់នូវសំណង់លំនៅដ្ឋាន ផ្ទះវីឡា ព្រមទាំងហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗ ដែលធានាគុណភាព​ស្តង់ដា តាមបទដ្ឋានវិស្វកម្មនិង​ស្ថាបត្យកម្ម ជាមួយនិងសោភ័ណ្ឌភាព និងភាពស៊ី​វិល័យសម័យថ្មី ដើម្បីផ្តល់ជូនអតិថិជន។

 

 

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនេះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ លើកឡើងថា ទោះបីជាប្រទេសកម្ពុជា និងពិភពលោក​ព្រួយបារម្ភចំពោះជម្ងឺកូវីដ-១៩​ក្តី ប៉ុន្តែចំពោះការវិនិយោគលើវិស័យអចលនៈទ្រព្យ និងការសាងសង់សំណង់ផ្ទះល្វែង វីឡា បុរី លំនៅដ្ឋានក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងខេត្តព្រះសីហនុ  នៅតែមានសកម្មភាពជាបន្តបន្ទាប់ ស្រប​ពេលដែលខេត្តនេះគឺជាខេត្តតំបន់ឆ្នេរមួយមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ភ្លើង​បំភ្លឺផ្លូវនិងសំណង់អាគារតូច ធំ ក្នុងក្រុងព្រះសីហនុ ក៏ដូចជាតាមតំបន់ទេសចរណ៍នានា ហើយមួយវិញទៀតខេត្តព្រះសីហនុ សំបូរទៅដោយរមណីយ៍ដ្ឋានទេសចរណ៍ដើម្បីអោយភ្ញៀវមកទស្សនា និងលេងកំសាន្ត។

 

 

ជាមួយនឹងការគាំទ្រ លើកទឹក​ចិត្តចំពោះដំណើរការអភិវឌ្ឍន៍របស់ក្រុមហ៊ុន លន ស៊ីធី ក្នុងខេត្តព្រះសីហនុ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៍បានណែនាំដល់​ក្រុមហ៊ុនឲ្យយកចិត្តទុកដាក់ អនុវត្តន៍វិធានការ បង្ការទប់ស្កាត់ជំងឺកូវីដ១៩ តាមបច្ចេកទេសរបស់ក្រសួងសុខាភិបាលជា​ចាំបាច់នៅក្នុងការដ្ឋានផ្ទាល់ ស្របពេលដែលវិធានការ បង្ការ ទប់ស្កាត់ជំងឺកូវីដ១៩ កំពុងធ្វើឡើងគ្រប់ទីក​ន្លែង៕

 

អត្ថបទ៖ ហ៊ុន ប៊ុនឡេង រូបភាព៖ ឡេង ប៊ុននី

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024