ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

មាន សូនីតា ប្រាប់ពីដំណើរកម្សាន្តមិនធ្លាប់ជួបពីមុនដែលប្រមូលផ្ដុំទៅដោយអ្នកមានវិបត្តិផ្លូវចិត្ត ខូចចិត្ត និងបាក់ទឹកចិត្ត

២២ កុម្ភៈ ២០២១ | កម្សាន្ដ

ដោយសារតែមនុស្សចូលរួមភាគច្រើនជាអ្នកមានវិបត្តិផ្លូវចិត្ត ខូចចិត្ត និងបាក់ទឹកចិត្តជាដើមបានទាក់ទាញចំណាប់អារម្មណ៍តារាស្រីល្បីឈ្មោះ មាន សូនីតា ជាខ្លាំងរហូតធ្វើឱ្យនាងដក់ជាប់ក្នុងចិត្តជាដំណើរកម្សាន្តមួយនាងមិនធ្លាប់ជួបទាល់តែសោះនាពេលកន្លងទៅ។

 


តារាស្រីដែលត្រូវបានគេកត់សម្គាល់ថាជាអ្នកដែលនិយមការដើរកម្សាន្តបំផុត មិនថាក្នុង និងក្រៅប្រទេសកញ្ញា មាន សូនីតា បានប្រាប់បទពិសោធន៍ថ្មីក្នុងដំណើរកម្សាន្តមួយទៅខេត្តកំពតនាងមិនធ្លាប់ជួបកាលពីចុងខែមុន ព្រោះមនុស្សជួបនោះភាគច្រើនជាមនុស្សមានវិបត្តិផ្លូវចិត្ត ខូចចិត្ត ឬបាក់ទឹកចិត្ត ។

 


ដំណើរកម្សាន្តខាងលើនេះ ត្រូវបានដាក់ឈ្មោះថា  "អមតាដំណើរកម្សាន្តសាកថ្មជីវិត" ដែលពេលនោះ តារាស្រីត្រូវបានអញ្ជើញធ្វើជាវាគ្មិនកិត្តិយសដំបូងបំផុត ស្របពេលកម្មវិធីដំណើរកម្សាន្តមួយនេះ ក៏ទើបនឹងចាប់ដំណើរផ្គត់ផ្គង់សេវាជាលើកទី១ដែរ។

 


ហេតុផលមួយចំនួនដែលជំរុញឲ្យមាន សូនីតា ឆ្លើយភ្លាមសម្រាប់ដំណើរកម្សាន្តខាងលើ ទី១នាងជាអ្នកចូលចិត្តការធ្វើដំណើរកម្សាន្តស្រាប់។ ទី២ នាងពេញចិត្តខ្លឹមសាររបស់កម្មវិធី ដែលនាងមិនដែលជួបសម្រាប់ដំណើរកម្សាន្តនានាក្នុងអតីតកាលរបស់នាង ទាំងដំណើរកម្សាន្ក្តក្នុង និងក្រៅស្រុក។

 


នាងបាននិយាយថា កម្មវិធីនេះ ប្រមូលផ្ដុំដោយនាក់ដែលមានវិបត្តិផ្លូវចិត្ត ខូចចិត្ត ឬបាក់ទឹកចិត្ត នឹងបញ្ហាជាច្រើននៅក្នុងឆាកជីវិត។ ចំណុចនេះឯង ដែលទាក់ទាញទឹកចិត្តតារាស្រីភ្លាមៗ។

 


 សូនីតា លើកឡើងថា ចំណុចនេះហើយដែលនាងមិនធ្លាប់ជួបពីមុនមកក្នុងដំណើរកម្សាន្ត។ "កន្លងមក យើងដើរកម្សាន្តគ្រាន់តែដើម្បីលេងកម្សាន្តនឹងទេសភាព ឬកន្លែងកម្សាន្តផ្សេងៗ និយាយរួម គឺគ្រាន់តែផ្លាស់ប្ដូរបរិយាកាសណាបង តែលើកនេះ គឺខ្ញុំបានរាប់អានមិត្ត បានចែករំលែករឿងរ៉ាវផ្សេងៗជាមួយគ្នា...ចូលរួមកម្មវិធីហ្នឹង ខ្ញុំដូចរៀនបានច្រើនទៀតពីរឿងរ៉ាវជីវិត ដឹងពីរបៀបរស់នៅប្រឈមនឹងបញ្ហា រឹងមាំអីចឹងណាបង!”។


រាជិនីក្រមា បន្តថា នៅដំណើរកម្សាន្តខាងលើ មានសកម្មភាពលេងល្បែងកម្សាន្ត វគ្គចែករំលែកបទពិសោធន៍ជីវិតដែលជួបបញ្ហា និងមានវគ្គពង្រឹងស្មារតី ជាដើម ជាបច្ច័យឲ្យនាង ក៏ដូចជាប្រិយមិត្តផ្សេងទៀត រៀនបានច្រើនពីការពង្រឹងខ្លួន ទប់ទល់នឹងបញ្ហា យល់ដឹងពីបំណិនជីវិតជាដើម។


"និយាយទៅសម្រាប់ខ្ញុំ កម្មវិធីហ្នឹងល្អ ព្រោះយើងដឹងហើយ រាល់ថ្ងៃមនុស្សយើងម្នាក់ៗ មិនដែលថា អ្នកណាអត់មានបញ្ហានោះទេ គឺសុទ្ធតែមាន ខ្លះមានតិច ខ្លះមានច្រើន អីចឹងហើយបើមានកន្លែងដែលអាចដើរលេងផង រៀនសូត្រពីជីវិតខ្លះផងអីចឹង គឺល្អ សម្រាប់ខ្ញុំគឺរីករាយ ហើយខ្ញុំគិតថា Session ហ្នឹងគួរតែមានឲ្យច្រើនជាងហ្នឹង ហើយខ្ញុំក៏ចូលរួមទៀតដែរ បើមានឱកាស!”។


មាន សូនីតា គឺជាតារាស្រីដែលមានបទពិសោធន៍ជោគជាំមួយរូបនៅក្នុងដំណើរកម្សាន្ត។ នៅមុន កូវីដ ១៩ ចូលមកដល់ គេឃើញបាននាងទៅដើរកម្សាន្តច្រើនកន្លែង ទាំងក្នុងប្រទេស តំបន់អាស៊ី និងអឺរ៉ុប។

 

រឿងនេះ សាមីខ្លួនបានលើកឡើងថា សម្រាប់នាងការដើរកម្សាន្ត មិនមែនជាចំណាយពេល ឬថវិកាឥតប្រយោជន៍នោះទេ តែជាការវិនិយោគ ព្រោះនាងតែងទទួលបានរឿងថ្មីៗ គំនិតអភិវឌ្ឍន៍ជាច្រើន ពិសេសពីបណ្ដាប្រទេសអភិវឌ្ឍន៍ដូចជាអឺរ៉ុប។


រឿងទាំងនោះ វាអំណោយផលដល់ការធ្វើអាជីវកម្ម ឬធុរកិច្ចផ្សេងៗ ហើយការដើរកម្សាន្តចុងក្រោយជាមួយ អមតា គឺនាងបានរៀនយ៉ាងច្រើនបន្ថែមទៀតពីជីវិត ដែលជាចំណុចសំខាន់មួយទៀត។

 

នាងថា ចង់ជោគជ័យលើអ្វីមួយ ផ្ដើមចេញពីជោគជ័យលើការចាត់ចែងជីវិតមុនសិន ជម្រះចិត្តសៅហ្មងឲ្យស្អាត ទើបធ្វើកិច្ចការអ្វីមួយបានលទ្ធផលល្អ៕

 

 

 

 

 

អត្ថបទ៖ PNN រូបភាព៖ ហ៊ុន សុជាតា និងផ្ដល់ឱ្យ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024