ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ទីបំផុត មាស សុខសោភា បង្ហាញវត្តមានផ្លូវការក្នុងផលិតកម្ម រាម

២២ កុម្ភៈ ២០២១ | កម្សាន្ដ

ទីបំផុតផលិតកម្ម រាម ទ្រនំថ្មីរបស់កំពូលតារាចម្រៀងស្រី មាស សុខសោភា ដែលមហាជនទន្ទឹងរង់ចាំផ្លូវ បានប្រកាសបើកបង្ហាញខ្លួនជាផ្លូវការហើយ កាលពីចុងសប្តាហ៍កន្លងទៅនេះ។ ក្នុងនោះពិធីប្រកាសខ្លួនតារាចម្រៀងស្រីរូបនេះជាផ្លូវការ ត្រូវធ្វើទន្ទឹមឡើង និងពិធីសម្ភោធផលិតកម្ម រាម តែម្តង។

 

 

កាន់តែភ្ញាក់ផ្អើល ក្នុងពិធីដ៏អធិកអធមនេះ ក៏មានការបើកបង្ហាញសមាសភាពតារាចម្រៀងប្រុសប្រចាំផលិតកម្ម រាម ផងដែរ នោះគឺ តារាចម្រៀងសម្លេងស្រទន់ លោក ដួង វីរៈសិដ្ឋ ។

 


វត្តមានរបស់ ផលិតកម្ម រាម នៅពេលនេះត្រូវចាត់ទុកជារឿងរីករាយបំផុតមួយចំពោះឧស្សាហកម្មសិល្បៈនៅកម្ពុជា។ តាមការឲ្យដឹងពីអ្នកស្រី នួន សុន្ទរី ហៅ ស្រីអូន អគ្គនាយិកាផលិតកម្ម រាម ក្នុងសន្និសីទសារព័ត៌មានកម្មវិធីសម្ពោធផលិតកម្មរាម និងស្វាគមន៍កញ្ញា មាស សុខសោភា ចូលផលិតកម្ម រាម «ផលិតកម្ម រាម» ត្រូវបង្កើតឡើង ដោយផ្តោតលើវិស័យសិល្បៈ និងដើម្បីជម្រុញវិស័យសិល្បៈកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខ។ 

 


ផលិតកម្ម រាម នឹងដឹកនាំវិស័យកម្សាន្តរបស់កម្ពុជាទៅកាន់ពិភពលោកតាមរយៈការសហការ អនុវត្តន៍ ចំណេះជំនាញបទពិសោធន៍ និងការបង្កើតថ្មីរបស់កម្ពុជា ធ្វើយ៉ាងណានាំវិស័យកម្សាន្តកម្ពុជាឆ្ពោះទៅកាន់ពិភពលោក។

 


ទន្ទឹមគ្នានោះដែរ អគ្គនាយិកាផលិតកម្ម រាម និងតារាចម្រៀងស្រីជួរមុខប្រចាំប្រទេសកម្ពុជា កញ្ញា មាស សុខសោភា ក៏បានឲ្យដឹងដំណើរដើមទងនៃទំនាក់ទំនងរវាងអ្នកទាំងពីរផងដែរ រួមទាំងមូលហេតុមួយចំនួននៃការសម្រេចចិត្តចូលផលិតកម្ម រាម របស់កញ្ញា មាស សុខសោភា។

 


ឲ្យដឹងចំពោះមុខក្រុមអ្នកសារពត៌មាន មាស សុខសោភាថា ចំពោះផលិតកម្ម រាម គ្រប់យ៉ាងជានិស្ស័យ ធ្វើឲ្យពួកយើងបានមកជួប និងរួមសហការជាមួយគ្នា បើទោះបីជាផលិតកម្មរាម ជាផលិតកម្មថ្មីថ្មោង ប៉ុន្តែអ្វីដែលកញ្ញាពេញចិត្ត គឺផលិតកម្មនេះ មានគោលដៅ និងគោលបំណងតែមួយដូចកញ្ញា ហើយពួកគាត់ពិតជាមានបេះដូង ស្រលាញ់វិស័យសិល្បៈ ដោយមិនរំពឹងចង់បានអ្វីត្រលប់វិញឡើយ។

 

 

ម៉្យាងខាងផលិតកម្ម ពិតជាបានផ្ដល់ឲ្យនូវអ្វីដែលតារាចម្រៀងជើងចាស់ម្នាក់ត្រូវការរួមមាន ការជួយគាំទ្រទាំងកម្លាំងចិត្ត និងជាទុនក្នុងការផលិត ដើម្បីបន្តក៏ដូចជាអភិវឌ្ឍន៍ លើកស្ទួយវិស័យសិល្បៈខ្មែរយើង ឲ្យកាន់តែរីកដុះដាល លើឆាកអន្តរជាតិ។

 

 

កាន់តែពិសេស កញ្ញាមានអារម្មណ៍ថា មានសន្តិភាពផ្លូវចិត្ត និងមានសុវត្ថិភាព ចាប់តាំងពីពេលបានជួបក្រុមការងារផលិតកម្មរាម ជាលើកដំបូងមកម៉្លេះ។

 

នេះហើយជាហេតុផល ធ្វើឲ្យកញ្ញាគិតថាមិនគួរបោះបង់ឱកាសល្អនេះចោលងាយៗទេ ទើបធ្វើការសម្រេចចិត្ត សហការជាមួយផលិតកម្មរាម ដោយមិនរារែក ពោលត្រឹមប៉ុន្មានម៉ោងក្រោយការចចារជាមួយខាងផលិតកម្មតែប៉ុណ្ណោះ។


សូមជម្រាបថា ពាក្យថារាម របស់ផលិតកម្ម រាម ជាភាសាខ្មែរសំដៅដល់ពាក្យ រៀមច្បង ដែលពាក្យនេះបានបង្កប់ទៅដោយផ្នត់គំនិតលើកកម្ពស់អក្សរសាស្ត្រ និងវប្បធម៌ ប្រពៃណីខ្មែរ។ ដូច្នេះហើយ រចនាបថនៃស្លាកសញ្ញាផលិតកម្ម ក៏ត្រូវរចនាឡើងក្នុងទម្រង់ជាខ្មែរផងដែរ។ 


ដើម្បីស្របតាមផ្នត់គំនិត ទស្សនវិស័យ និងចក្ខុវិស័យរបស់ផលិតកម្ម បទចម្រៀងទី១មានចំណងជើងថា «ត្រឡប់» ដែលចេញឲ្យតារាចម្រៀង មាស សុខសោភា ក្នុងថ្ងៃសម្ពោធ ក៏មានទម្រង់ជាខ្មែរពេញលក្ខណៈដែរ។

 

បទ «ត្រឡប់» ជាការដឹកនាំសម្តែងផ្ទាល់របស់អគ្គនាយិកាផលិតកម្ម រាម សម្រាប់តារាចម្រៀងស្រី មាស សុខសោភា។ តាមការឲ្យដឹង ក្នុងមួយខែផលិតកម្ម រាម គ្រោងបញ្ចេញចម្រៀងតែ២បទប៉ុណ្ណោះ។

 

 

 

ការធ្វើដូច្នេះគឺដើម្បីរក្សាគុណភាព តម្លៃនៃបទចម្រៀង ដើម្បីកុំឲ្យដូចការលើកឡើងកន្លងទៅជារឿយៗថា បទចម្រៀងស្លាប់មុនអ្នកច្រៀង។

 

 

 

 


អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024