ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

អាជ្ញាធររាជធានីភ្នំពេញ នឹងប្រើរយៈពេល ៣ខែ ដើម្បីកែសម្រួលសួនច្បារមុខក្រសួងការពារជាតិ

២២ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ នឹងកែសម្រួលសួនច្បារមុខក្រសួងការពារជាតិ នៅអំឡុងខែមិនាខាងមុខ ដោយកាត់ផ្ទៃសួនចាស់ចេញរហូតដល់ប្រវែង៤៥ម៉ែត្រ ដើម្បីរៀបជាផ្លូវចេញចូលមុខក្រសួងការពារជាតិ។ ការងារកែសម្រួលនឹងត្រូវបញ្ចប់រួចរាល់នៅក្នុងអំឡុងខែមិថុនា មុនពេលបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការក្រសួងការពារជាតិថ្មីជាផ្លូវការ។

 


គម្រោងកែលម្អសួនច្បារនៅមុខក្រសួងការពារជាតិ នឹងចាប់ផ្ដើមអនុវត្តនៅអំឡុងខែមិនា ឆ្នាំ២០២១ ដើម្បីអោយទាន់ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការក្រសួងការពារជាតិដែលទើបសាងសង់ថ្មីនៅក្នុងខែមិថុនាខាងមុខ។ នេះបើតាមការលើកឡើងរបស់ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ។


លោកប្រធានមន្ទីរ បានបន្ថែមថា គម្រោងនេះមានមួយផ្នែកប្រើប្រាស់ថវិការបស់ក្រសួងការពាជាតិ ដូចជា ការដាក់លូថ្មីទំហំ១ម៉ែត្រ និងការអ៊ុតកៅស៊ូលើទំហំផ្លូវចូលក្រសួងរហូតដល់៤៥ម៉ែត្រ។ ចំណែករដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកកែលម្អសួនច្បារដាក់បង្គោលភ្លើង៦៦ដើម ជាមួយនឹងការដាក់លូ ការស្ដាលូពីក្រោយនិងនៅមុខក្រសួងការពារជាតិ ជាដើម។

 


ក្នុងកិច្ចពិភាក្សាអនុម័តលើគម្រោងកែលម្អសួនច្បារនិងហេដ្ឋារចនាសម្ព័ន្ធនានានៅមុខក្រសួងការពារជាតិ រវាងអាជ្ញាធរអភិបាលរាជធានីភ្នំពេញ ជាមួយនឹងតំណាងរបស់ក្រសួងការពារជាតិកាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការស្ដារលូចាប់ពីពេលនេះតទៅដោយមិនបាច់ចាំទៅដល់ខែមីនានោះទេ។ បន្ថែមពីលើនេះទៀតមន្ទីរសាធារណៈការ ត្រូវត្រួតពិនិត្យទៅលើបច្ចេកទេសទាំងការអ៊ុតកៅស៊ូ ការដាក់លូ ស្តារលូផងដែរ។

 


គួរបញ្ជាក់ថា តាមគម្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិនេះ នឹងត្រូវកាត់ផ្ទៃសួនចាស់ចេញរហូតដល់ប្រវែង៤៥ម៉ែត្រ ដើម្បីរៀបជាផ្លូវចេញចូលមុខក្រសួងការពារជាតិ ហើយសួនថ្មីនេះ នឹងរៀបជាថ្មក្រានីត ដាំស្មៅ  បំពាក់អំពូលភ្លើងដែលអាចឱ្យប្រជាពលរដ្ឋមានកន្លែងហាត់ប្រាណងាយស្រួល ជាមួយនឹងទីតំាង ធំទូលាយជាងមុន៕


អត្ថបទ៖ សន រដ្ឋា រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024