ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

បណ្ឌិតសង្ឃផ្តល់ឱវាទថា អានអ្វីដែលយើងចូលចិត្ត បន្ទាប់មកយើងនឹងចូលចិត្តអាន

២២ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

សុទ្ធតែបានដឹងហើយថា ការអាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនក្រៃលែង ប៉ុន្តែក្តីស្រឡាញ់ និងទម្លាប់នៃការអាននៅក្នុងសង្គមខ្មែរ នៅមានកម្រិតនៅឡើយ ពោលគឺនៅមានមនុស្សជាច្រើន មិនទាន់ចូលចិត្តអាននៅឡើយ ហេតុនេះបណ្ឌិតសង្ឃបានផ្តល់ឱវាទយ៉ាងសាមញ្ញថា ដើម្បី ឱ្យចូលចិត្តអាន មានតែមួយប៉ុណ្ណោះ គឺចាប់ផ្តើមអាន ហើយអាននូវអ្វីដែលយើងម្នាក់ៗចូលចិត្ត បន្ទាប់មក យើងនឹងក្លាយជាមនុស្សចូលចិត្តអាន ។

 


មានមធ្យោបាយតែមួយប៉ុណ្ណោះ ក្នុងការបណ្តុះនូវក្តីស្រឡាញ់ការអាន នោះគឺចាប់ផ្តើមអាន ហើយអាននូវអ្វីដែលយើងចូលចិត្ត ដូចជាផ្នែកអក្សរសិល្ប៍  ប្រវត្តិសាស្ត្រ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ឬ វិទ្យាសាស្ត្រជាដើម ហើយអានទៅតាមចំនួនដែលខ្លួនយើងចូលចិត្ត ។ បន្ទាប់មក យើងនឹងចូលចិត្តអាន ហើយបន្តិចម្តងៗ យើងនឹងក្លាយទៅជាអ្នកអានដ៏ទូលំទូលាយ ។ នេះគឺជាព្រះថេរដីការបស់ព្រះភិក្ខុ បណ្ឌិត យ៉ន សៀងយៀត សកលវិទ្យាធិការរង នៃ ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ នៅក្នុងបាឋកថាប្រចាំខែរបស់ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ នាព្រឹកថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ ។

 


ដោយឡែកចំពោះនិស្សិតដែលសិក្សានៅឆ្នាំទី ១ គួរអានសៀវភៅឱ្យបានយ៉ាងហោចណាស់ ៥០ ក្បាលក្នុង ១ ឆ្នាំ ។ នេះបើតាមព្រះឱវាទរបស់ព្រះមហាសមណៈបណ្ឌិត យ៉ន សៀងយៀត ដដែល ។ អំណាន ត្រូវបានទទួលស្គាល់ជាសកលថាគឺជាសូចនាករ ឬ ជាកត្តាវាស់វែងដ៏មានសុក្រឹតភាពបំផុតមួយ នៃ កម្រិតជឿនលឿនរបស់ប្រជាជាតិមួយ ពោលគឺភាពជឿនលឿនរបស់ប្រជាជាតិមួយ តែងតែមានការអានជាដំបូង ជាកណ្តាល និង ខាងចុង ។

 


ដោយឡែករយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យអំណាននៅ កម្ពុជា ត្រូវបានមើលឃើញថា មានសម្ទុះខ្លាំងក្លាគួរឱ្យកត់សម្គាល់ ជាក់ស្តែងនៅក្នុងពិធីពិព័រណ៌សៀវភៅប្រចាំឆ្នាំថ្នាក់ជាតិម្តងៗ មានអ្នកចូលកើនឡើងជាលំដាប់ គឺចាប់ប្រមាណជា ៥ ពាន់នាក់ ជាង ១ ម៉ឺននាក់ ជាង ៤ ម៉ឺននាក់ ជាង ១០ ម៉ឺន នាក់ និង រហូតដល់ជិត ២០ ម៉ឺននាក់ គឺជាចំនួន ដែលពុំធ្លាប់មានឡើយ នៅក្នុងកំណត់ត្រាពិព័រណ៌នានានៅប្រទេស កម្ពុជា ហើយសៀវភៅនៅក្នុងពិធីពិព័រណ៌ទាំងនោះទៀតសោត ក៏ត្រូវបានទទួលស្គាល់ថា លក់ដាច់ខ្លាំងណាស់ដែរ ហើយប្រការនេះ ក៏គឺជាការបញ្ជាក់ផងដែរថា  ចំពោះអ្នកទាំងឡាយណា ដែលមិនបានអាន គឺត្រូវគេដើរចោលហើយ ។ ទោះយ៉ាងណា វិស័យអំណាននៅ កម្ពុជា  ក៏ត្រូវបានទទួលស្គាល់ពីអ្នកធ្វើការលើវិស័យនេះផងដែរថា នៅមានកម្រិតនៅឡើយ បើធៀបទៅនឹងបណ្តាប្រទេសជិតខាង ។ នេះ មិនទាន់ប្រៀបធៀបទៅនឹងវិស័យអំណាននៅបណ្តាប្រទេសជឿនលឿននៅឡើយផង ៕


អត្ថបទ៖ ខឿន សាឃាង រូបភាព៖ ឆិល សុភ័ស្ត
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024