ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ឆ្នាំ២០២១ នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បង្កើនការរៀបចំវេទិកាការងារ និងកិច្ចសម្ភាសន៍ ៥ទៅ ៦ដង ក្នុងមួយខែ

២២ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

ទោះបីក្នុងដំណាក់កាលជំងឺកូវីដ១៩ ក៏ដោយ ក៏ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយក្រុមហ៊ុនឯកជននានា បានយ៉ាងល្អ ដើម្បីផ្តល់ឱកាសការងារជាច្រើនកន្លែងដល់ដែលអ្នកកំពុងស្វែងរកការងារធ្វើ ឬអ្នកចង់ផ្លាស់ប្តូរការងារ។ សម្រាប់ឆ្នាំ២០២១នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នឹងមានផែនការសកម្មភាពជាច្រើនទៀត យ៉ាងហោចណាស់មានវេទិកាការងារ និងកិច្ចសម្ភាសន៍ ៥ទៅ៦ដង ក្នុងមួយខែ។

 


សហគ្រាសក្រុមហ៊ុនជាច្រើនបានសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការរៀបចំកិច្ចសម្ភាសន៍ការងារ និងវេទិកាការងារប្រចាំខែ ដោយបានផ្តល់ឱកាសការងារដល់យុវជន និងអ្នកដែលស្វែងរកការងារធ្វើរាប់ពាន់នាក់ នៅក្នុងឆ្នាំ២០២០។ នេះបើតាមការឲ្យដឹងពីលោក ឆោម សុខឿន មន្ត្រីមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ។

 


លោកបានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២១នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នឹងមានផែនការសកម្មភាពជាច្រើនទៀត យ៉ាងហោចណាស់មានវេទិកាការងារ និងកិច្ចសម្ភាសន៍ ៥ទៅ៦ដង ក្នុងមួយខែ។ 


មន្ត្រីមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ នឹងព្យាយាមផ្តល់ព័ត៌មានទីផ្សារដល់អ្នកដែលស្វែងរកការងារ ក៏ដូចជាតម្រូវការរបស់យុវជន និងសហគ្រាសក្រុមហ៊ុនកាន់តែមានភាពងាយស្រួល ហើយលោកជឿជាក់ថា នៅក្នុងឆ្នាំ២០២១នេះ នឹងមានក្រុមហ៊ុន និងអ្នកចូលរួមកាន់តែមានការកើនឡើង។

 


សូមបញ្ជាក់ថា នៅថ្ងៃទី១៩ ខែកុម្ភៈនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការជាមួយក្រុមហ៊ុនធំៗចំនួន១០ ដោយបាននាំយកឱកាសការងារជិត ១,៣០០កន្លែង នៅក្នុងកម្មវិធី «វេទិកាការងារប្រចាំខែកុម្ភៈ»។ សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ អាចយកប្រវត្តិរូបសង្ខេប ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុន ចាប់ពីម៉ោង ០៨៖០០ព្រឹកដល់ម៉ោង០៥៖០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ។


នៅក្នុងការរៀបចំវេទិកាការងារ និងកិច្ចសម្ភាសប្រចាំខែនេះ ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ផងដែរ៕


អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ សុខ ពិសិដ្ឋ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024